COVID-19
អន្តរជាតិ
៦ខែក្រោយផ្ទុះCOVID-19 WHO នឹងបញ្ជូនក្រុមការងារទៅចិន ដើម្បីស៊ើបរកប្រភពដើម
× ៦ខែក្រោយ COVID-19 ត្រូវបានរាយការណ៍ថាផ្ទុះ រាលដាលដំបូងក្នុងប្រទេសចិន អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២៩ខែមិថុនា បានប្រកាសថា ខ្លួននឹងបញ្ជូនអ្នកជំនាញមួយក្រុមទៅចិន នាសប្តាហ៍ក្រោយ ដើម្បីស៊ើបអង្កេតរកប្រភពវីរុសនេះ។ ការប្រកាសនេះ ធ្វើឡើងខណៈអង្គការអន្តរជាតិមួយនេះ បានព្រមានថា ជំងឺរាតត្បាតសកលនេះនៅផ្លូវវែងឆ្ងាយមុននឹងរលាយសាបសូន្យលើភពផែនដី។
នាសន្និសីទព័ត៌មានតាមប្រព័ន្ធវីដេអូ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា អង្គការលោក ត្រៀមបញ្ជូនក្រុមការងារទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយ ដើម្បីបើកការស៊ើបអង្កេតរកប្រភពនៃណូវែលកូរ៉ូណាវីរុសដែលបង្កទៅជាជំងឺ COVID-19 ។
បន្ថែមពីលើនេះ ប្រមុខទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានបង្ហាញការសោកស្ដាយក្រៃលែងចំពោះតួលេខអ្នកឆ្លង១០លាននាក់និងស្លាប់៥០ម៉ឺននាក់ដោយសារជំងឺ COVID-19 ខណៈត្រឹមថ្ងៃទី៣០ខែមិថុនានេះ គឺដល់ខែទី៦ហើយ។ ពោលគឺចាប់តាំងពីជំងឺនេះត្រូវបានរាយការណ៍ផ្ទុះរាលដាលដំបូងក្នុងទីក្រុង វូហាន ប្រទេសចិន។
មែនទែនទៅ ចាប់តាំងពីដើមខែឧសភា អង្គការសុខភាពពិភពលោក បានទទូចឲ្យខាងរដ្ឋាភិបាលចិនបើកផ្លូវឲ្យក្រុមអ្នកជំនាញខ្លួនជួយក្នុងប្រតិបត្តិការស៊ើបអង្កេតរកប្រភពដើមនៃ COVID-19 ។ កន្លងទៅ អ្នកវិទ្យាសាស្ត្រ ជឿថា វីរុសបានឆ្លងចេញពីសត្វទៅមនុស្ស ហើយទំនងចេញពីផ្សារសើមក្នុងទីក្រុងវូហាន ដែលលក់សត្វព្រៃ។
«យើងអាចប្រយុទ្ធវីរុសនេះបានល្អជាងនេះ នៅពេលយើងដឹងរឿងគ្រប់យ៉ាងអំពីវា រួមមាន របៀបដែលវាបានចាប់ផ្ទុះឡើង ជាដើម»។ លោកអគ្គនាយក Tedros អះអាងបែបនេះ។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា៖«ដឹងពីប្រភពនៃវីរុសនេះ គឺពិតជាមានសារសំខាន់ណាស់»។
ក្នុងសន្និសីទព័ត៌មានដដែល ប្រមុខអង្គការ WHO រូបនេះ លើកឡើងទៀតថា កាលពី៦ខែមុន គ្មាននរណាម្នាក់អាចនឹកស្រមៃឃើញថា វីរុសថ្មីនេះ អាចធ្វើឲ្យពិភពលោកនិងជីវិតមនុស្សធ្លាក់ចូលក្នុងវិបត្តិឡើយ។ លោកបន្តថា៖«យើងទាំងអស់គ្នាចង់ឲ្យរឿងនេះចប់ ហើយចង់ឲ្យជីវិតយើងវិលត្រលប់មកដូចមុនវិញ។ ក៏ប៉ុន្តែការពិត គឺ ជំងឺនេះ នៅផ្លូវវែងឆ្ងាយពីទីបញ្ចប់ណាស់»។ ទោះជាបែបនេះក្តី លោក Tedros និយាយថា ពិភពលោកបាត់បង់ច្រើនមែន តែពុំអាចបាត់បង់ក្តីសង្ឃឹមឡើយ។
សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយក្នុងឆ្នាំនេះដែលអង្គការ WHO បានសម្រេចបញ្ជូនក្រុមអ្នកជំនាញខ្លួនទៅកាន់ប្រទេសចិនធ្វើការលើរឿងវីរុសនេះ ។ លើកដំបូងគឺនៅថ្ងៃខែមករា ដោយកាលនោះ ក្រុមអ្នកជំនាញWHOមួយក្រុម បានទៅជួបមន្ត្រីសុខភាពសាធារណៈចិនដើម្បីរៀនសូត្រពីវិធានការឆ្លើយតបប្រឆាំងករណីជាចង្កោម៕
© រក្សាសិទ្ធិដោយ thmeythmey.com