COVID-19
អន្តរជាតិ
COVID-19៖ កំណើនសេដ្ឋកិច្ច​វៀតណាម​ត្រីមាស​ទី​២ ធ្លាក់​ទាប​បំផុត​ក្នុង​៣០​ឆ្នាំ​ចុងក្រោយ
30, Jun 2020 , 2:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វុក (Reuters)
នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វុក (Reuters)
ដោយ:
​កំណើនសេដ្ឋកិច្ច​វៀតណាម​ក្នុង​ត្រីមាស​ទី​២ បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុងពេល ៣០ ឆ្នាំ​ចុងក្រោយ ដែល​បណ្ដាលមកពី​ឥទ្ធិពល​អវិជ្ជមាន​រប​ស់​ជំងឺ​រាតត្បាត​សកល COVID-19 ។ បច្ចុប្បន្ន​ជំងឺ​ដែល​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន​កាលពី​ចុងឆ្នាំ​២០១៩​នេះ បាន​ចម្លង​មនុស្ស​១០​លាន​នាក់ និង​សម្លាប់​៥០​ម៉ឺន​នាក់​នៅ​ទូទាំង​ពិ​ភ​លោក​។ ករណី​ធ្លាក់ចុះ​ខ្លាំង​បែបនេះ កំពុង​ធ្វើ​ឲ្យ​គោលដៅ​សេដ្ឋកិច្ច​ឆ្នាំ​២០២០​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ពិបាក​នឹង​កើតឡើង​។​

 
​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​២៩ ខែមិថុនា ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម (GSO) គូសបញ្ជាក់ថា ផលិតផល​ក្នុងស្រុក​សរុប (GDP) ក្នុង​ចន្លោះ​ខែមេសា​-​មិថុនា បាន​កើនឡើង​០,៣៦​ភាគរយ​។ នេះ​គឺជា​តួលេខ​ទាប​ខ្លាំង​បំផុត បើ​ធៀប​នឹង​កំណើន GDP ឆ្នាំមុន​អំឡុងពេល​ដូចគ្នា ដែល​កាលនោះ​គឺ​ស្មើនឹង​៦,៧៣​ភាគរយ​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះផ្សាយ​ដោយ​ដកស្រង់​សេចក្តីថ្លែងការណ៍​របស់ GSO វៀតណាម ដូច្នេះ​ថា​៖«​ការវិវត្ត​ដ៏​ស្មុគស្មាញ​នៃ​ជំងឺ​រាតត្បាត​សកល COVID-19 បាន​ជះឥទ្ធិពល​អវិជ្ជមាន​លើ​រាល់​ទិដ្ឋភាព​សេដ្ឋកិច្ច​-​សង្គម​»​។ 
 
​មន្ត្រីជាន់ខ្ពស់​នៃ​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម​ម្នាក់ បានបញ្ជាក់​ប្រាប់ Reuters ថា អត្រាកំណើន​សេដ្ឋកិច្ច​ចុងក្រោយ​នេះ គឺជា​អត្រាកំណើន​ត្រីមាស​ទាប​បំផុត​ក្នុងពេល​៣០​ឆ្នាំ​ចុងក្រោយ​។ មន្ត្រី​បន្តថា កំណើន​ដ៏​ខ្សោយ​នេះ មានន័យថា សេដ្ឋកិច្ច​វៀតណាម នឹងត្រូវ​ពង្រីក ១០​ភាគរយ​ក្នុង​ត្រីមាស​ទី​៣ ទើប​អាច​សម្រេច​គោលដៅ​សេដ្ឋកិច្ច ៦,៨ ភាគរយ​សម្រាប់​ឆ្នាំ​២០២០​របស់​រដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​នៅមុន​ពេល​ជំងឺ​COVID-19​។ 
 
​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម បញ្ជាក់ទៀតថា វិស័យ​សេវាកម្ម​ក្នុង​ត្រីមាស​ទី​២ បាន​ធ្លាក់ចុះ ១,៧៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន ខណៈ​វិស័យ​ឧស្សាហកម្ម​បាន​កើនឡើង​១,៣៨​ភាគរយ ហើយ​វិស័យ​កសិកម្ម​បានកើត​ឡើង ១,៧៤​ភាគរយ​។ 
 
​យោងតាម GSO ការនាំចេញ​របស់​វៀត​ណា​ម​ក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ​២០២០​នេះ បាន​ធ្លាក់ចុះ ១,១​ភាគរយ មក​ត្រឹម ១២១,២១​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំចូល​បាន​ធ្លាក់ចុះ ៣​ភាគរយ មក​ត្រឹម ១១៧,១៧​ពាន់​លាន​ដុល្លារ​។ ទោះ​ធ្លាក់ចុះ​មែន វៀតណាម មាន​អតិរេក​ពាណិជ្ជកម្ម ៤,០៤​ពាន់​លាន​ដុល្លារ​។​
 
​សូមបញ្ជាក់ថា តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ គ្រោង​បើក​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​រកឃើញ​ករណី​ឆ្លង COVID-19 ត្រឹម ៣៥៥​ករណី និង​គ្មាន​ករណី​ស្លាប់​។ ម្យ៉ាង វៀតណាម គ្មាន​រាយការណ៍​ករណី​ឆ្លង COVID-19 ក្នុង​សហគមន៍​ជាង​២​ខែ​មកហើយ​។ 
 
​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករ​កាលពី​ខែ​មុន​ថា កំណើនសេដ្ឋកិច្ច​វៀតណាម នឹង​កើន ២,៧​ភាគរយ​ក្នុង​ឆ្នាំ​២០២០​។ ក៏ប៉ុន្តែ នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ួ​ន​ហ្វុ​ក សង្កត់ធ្ងន់ថា រដ្ឋាភិបាល​លោក នឹង​ព្យាយាម​រក្សា​កំណើនសេដ្ឋកិច្ច​លើស​៥​ភាគរយ​៕ 
 
 

Tag:
 ​វៀតណាម​
  COVID-19
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com