កីឡាអន្តរជាតិ
អន្តរជាតិ
Juventus ថែមលុយឲ្យ Barca ១៩លានដុល្លារ លើការប្តូរកីឡាករ Pjanic ជាមួយ Arthur
× ខ្សែបម្រើ Miralem Pjanic របស់ក្រុម Juventus នឹងចូលរួមជាមួយក្រុម Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះក្នុងកិច្ចព្រមព្រៀងដោះដូរជាមួយខ្សែបម្រើរអន្តរជាតិប្រេស៊ីល Arthur Melo។ ការដោះដូរនេះ សេះបង្កង់ត្រូវថែមលុយឲ្យក្រុមអ្នកមានបុណ្យចំនួន ១៩ លានដុល្លារអាមេរិក។
Pjanic ខ្សែបម្រើសញ្ជាតិប៊ូស្នី វ័យ៣០ឆ្នាំ បានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរក្នុងតម្លៃ ៥៤,៩ លានផោន (៦៧,៥៤លានដុល្លារអាមេរិក) រួមជាមួយនឹងទឹកប្រាក់លើលក្ខខណ្ឌផ្សេងៗបន្ថែមទៀតចំនួន ៥,៥៦លានដុល្លារ។
អតីតកីឡាកររបស់ Lyon រូបនេះ បានបង្ហាញខ្លួនចំនួន ២១៤ ប្រកួតសម្រាប់ Juventus និងជួយក្រុមយក្សអ៊ីតាលីមួយនេះឈ្នះជើងឯក Serie A ចំនួន៤រដូវកាលជាប់គ្នា ចាប់តាំងពីរូបគេផ្លាស់ចេញពីក្រុម AS Roma ក្នុងឆ្នាំ ២០១៦។
Pjanic នឹងត្រូវនៅជួយ Juventus រហូតដល់ចប់រដូវកាល ២០១៩-២០នេះ ដោយសង្ឃឹមលើកពានកំពូលអ៊ីតាលីជាលើកទី៥។ ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Maurizio Sarri កំពុងនាំមុខគេក្នុងរាតាង Serie A ដោយមាន ៦៩ពិន្ទុ ពីការប្រកួត២៨លើក នាំមុខ Lazio ដែលឈរលេខ២ចំនួន៤ពិន្ទុ និង Inter Milan ៨ពិន្ទុ។ ក្រៅពីពានក្នុងស្រុក Juventus ក៏ត្រូវប្រជែងយកពាន Champions League រដូវកាលនេះផងដែរ។
ដោយឡែក ខ្សែបម្រើ វ័យ២៣ឆ្នាំ Arthur ដែលបានចូលរួមជាមួយ Barcelona ពីក្រុមក្នុងក្របខណ្ឌកំពូលប្រេស Gremio ក្នុងកិច្ចសន្យារយៈពេល ៦ ឆ្នាំ កាលពីឆ្នាំ ២០១៨ នឹងត្រូវផ្ទេរទៅកាន់ក្រុមសេះបង្កង់ Juventus វិញ ក្នុងតម្លៃ ៦៦ លានផោន (៨១,១៩លានដុល្លារអាមេរិក) បូករួមនឹងប្រាក់ផ្សេងៗបន្ថែម ១១,១៩ លានដុល្លារអាមេរិកទៀត។ យ៉ាងណាក៏ដោយ Arthur នឹងបន្តជាមួយ Barcelona រហូតដល់ចប់រដូវកាលនេះ ក្នុងការប្រជែងពាន La Liga និង Champions League។
ក្រុមរហស្សនាមអ្នកមានបុណ្យ កំពុងប្រជែងយ៉ាងប្រកៀកនឹងគូប្រជែង Real Madrid សម្រាប់ពានរង្វាន់ La Liga រដូវកាលនេះ។ Barca មាន៦៩ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Real ចំនួន២ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត៣២លើករៀងខ្លួន៕
Tag:
Miralem Pjanic
Arthur
Juventus
Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com