ជាតិ
ទូត​អាមេរិក​គាំទ្រ​ការ​ចងក្រង​ឯកសារ និង​ការផ្សះផ្សា​សង្គម​ឡើងវិញ​នៅ​តំបន់​អន្លង់វែង​
30, Jun 2020 , 8:29 pm        
រូបភាព
​អន្លង់វែង​-​ឧ​ត្ត​រ​មានជ័យ​៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក W. Patrick Murphy បានធ្វើ​ទស្សនកិច្ច​សិក្សា​ទៅកាន់​តំបន់​អន្លង់វែង ទី​កាន់កាប់​ចុងក្រោយ​របស់​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ ដើម្បី​ស្វែងយល់​ពី​កិច្ចការ​មួយចំនួន ដែល​ស្ថានទូត​បាន​គាំទ្រ​លើ​ការងារ​ចងក្រង​ឯកសារ និង​ការផ្សះផ្សា​សង្គម​នៅ​តំបន់​នេះ​។ លោក​ទូត បានបង្ហាញ​ការគាំទ្រ​កាន់តែខ្លាំង លើ​ការចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឱ្យមាន​ការផ្សះផ្សា​សង្គម និង​ទប់ស្កាត់​របប​ប៉ុល ពត វិលត្រឡប់​មកវិញ​។​



 
​តំបន់​អន្លង់វែង មាន​ប្រវត្តិសាស្ដ្រ​ស៊ីជម្រៅ​ក្នុងសង្គម​ខ្មែរ ដែល​ជាទី​កាន់កាប់​ចុងក្រោយ​របស់​មេដឹកនាំ​ខ្មែរក្រហម ដើម្បី​ប្រយុទ្ធ​តទល់​ជាមួយ​កងទ័ព​រដ្ឋាភិបាល មុន​សមាហរណកម្ម​ឆ្នាំ​១៩៩៨​។ ដ្បិតថា ទ័ព​ខ្មែរក្រហម​លែងមាន​វត្តមាន​តទៅទៀត​យ៉ាងណាក្ដី តែ​តំបន់​នេះ នៅតែ​ត្រូវបាន​គេ​ហៅថា​ជា​តំបន់​ខ្មែរក្រហម និង​មានការ​រើសអើង​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង បាន​ចងក្រង​ឯកសារ ការអប់រំ និង​ការផ្សព្វផ្សាយ​ជាច្រើន​អំពី​សន្ដិភាព និង​ការអប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍ ក្នុង​បំណង​ផ្សះផ្សា​ការបែកបាក់​រវាង​អតីត​កងទ័ព​ខ្មែរក្រហម និង​យុវជន​ជំនាន់​ក្រោយ​ក្នុង​តំបន់​អន្លង់វែង​។​
 
​លោក​បណ្ឌិត លី សុខ​ឃាង ប្រធាន​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង បានឱ្យដឹងថា ការបង្កើត​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង ក្នុង​បំណង​ស្វែងរក​ការផ្សះផ្សា​សង្គម បញ្ឈប់​ការរើសអើង និង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​យល់ច្បាស់​ពី​ប្រវត្តិសាស្ដ្រ​ខ្លួនឯង ក៏ដូចជា​ចែករំលែក​បទពិសោធន៍​ដល់​បណ្ដា​ប្រទេស​ដទៃ​កុំឱ្យ​មាន​អំពើ​ប្រល័យពូជសាសន៍​ដូច​កម្ពុជា​។ អ្នកស្រាវជ្រាវ​រូបនេះ​យល់ថា ការសិក្សា​ពី​ប្រវត្តិសាស្ដ្រ​របស់​សង្គម ពិត​ជាមាន​សារសំខាន់ ដើម្បីឱ្យ​អ្នកជំនាន់ក្រោយ បាន​រៀនសូត្រ និង​កុំឱ្យ​អំពើ​បែបនេះ​កើតមាន​សារជាថ្មី​។​


 
​តាមរយៈ​ការគាំទ្រ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក មជ្ឈមណ្ឌល​នេះ​បាន​ចងក្រង​ឯកសារ និង​បង្កើត​ព្រឹត្តិការណ៍​ជាច្រើន​ក្នុង​តំបន់​អន្លង់វែង ទាំង​ការអប់រំ ការកម្សាន្ត និង​កីឡា បំណង​ដើម្បី​ការផ្សះផ្សា​សង្គម​ឡើងវិញ ក៏ដូចជា​ចងក្រង​ប្រវត្តិសាស្ដ្រ​ក្នុង​តំបន់​នេះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​បណ្ឌិត លី សុខ​ឃាង​។​
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​ផ្ទះ​តា​ម៉ុក អតីត​ផ្ទះ​តា​ម៉ុក​លើ​ភ្នំ​ដងរែក ដែល​បច្ចុប្បន្ន​ក្លាយជា​មជ្ឈមណ្ឌល​សន្ដិភាព នា​ថ្ងៃទី​២៩ មិថុនា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក W. Patrick Murphy ថ្លែងថា សហរដ្ឋអាមេរិក​ពិត​ជាមាន​មោទកភាព​ណាស់​ដែល​បាន​ចូលរួម​ផ្តល់​ការគាំទ្រ​ដល់​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ការកត់ត្រា​ប្រវត្តិសាស្ដ្រ​ឡើងវិញ ក៏ដូចជា​ការពង្រីក​ការយល់ដឹង​ពី​ប្រវត្តិសាស្ដ្រ​ដល់​ពលរដ្ឋ​កម្ពុជា បំណង​មិនឱ្យ​អំពើ​ប្រល័យពូជសាសន៍​កើតឡើង​សារជាថ្មី​។ លោក​បន្តថា ការកត់ត្រា និង​ការសិក្សា​ប្រវត្តិសាស្ដ្រ មិនមែន​ធ្វើឡើង​តែ​ក្នុង​ទីក្រុង​ទេ ដូច្នេះហើយ​ទើប​ក្រសួងការបរទេស​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្ដរជាតិ​សហរដ្ឋអាមេរិក (USAID) បានផ្តល់​ការគាំទ្រ​ដល់​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង ដើម្បី​ជំរុញ​លើ​កិច្ចការ​ទាំងនេះ​។ លោក​អគ្គរដ្ឋទូត​បន្ត​ទៀតថា ការចុះ​មកដល់​ទីតាំង​ដែល​ព្រឹត្តិការណ៍​បាន​កើតឡើង​ជាក់ស្ដែង គឺមាន​សារសំខាន់​ទាំង​ក្នុង​វិស័យ​អប់រំ និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ថែរក្សា​សន្ដិភាព​នៅ​កម្ពុជា​៕
 




































 
 
 
 

Tag:
 អន្លង់វែង​
  ឆាំង យុ​
  ទូត​អាមេរិក​
  ប្រវត្តិសាស្ដ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com