អន្តរជាតិ
លោកស្រី Merkel និងលោក Macron សំពះគ្នាទៅវិញទៅមក!
× ជំនួសឲ្យការឱប ថើប និងចាប់ដៃ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel និងលោកប្រធានាធិបតីបារាំង Emmanuel Macron បានស្វាគមន៍គ្នាតាមរយៈការសំពះដែលជាការអនុវត្តតាមគោលការណ៍គម្លាតសុវត្ថិភាពនាអំឡុងនៃវិបត្តិ COVID-19 ។ មេដឹកនាំជិតខាងទាំងពីរនៅទ្វីបអឺរ៉ុប បានជួបគ្នាកាលពីថ្ងៃចន្ទ នៅការិយាល័យរដ្ឋាភិបាលអាល្លឺម៉ង់ដែលស្ថិតនៅក្រុង Meseberg។
តាមឃ្លីបវីដេអូដែលបង្ហោះដោយ DW ពេលចេញពីរថយន្ត លោក Macron បានឱន និងសំពះភ្លាមៗទៅសមភាគីអាល្លឺម៉ង់ បន្ទាប់មកលោកស្រី Merkel បានគំនាប់ភ្ញៀវវិញតាមរយៈការសំពះដូចគ្នា។ លោកស្រី Merkel បានអញ្ជើញលោក Macron ចូលក្នុងការិយាល័យ German Government Retreat ដើម្បីពិភាក្សា ហើយលោកប្រធានាធិបតីបារាំង បានសំពះជាលើកទីពីរ។
នាអំឡុងនៃវិបតិ្ត COVID-19 កាយវិការសំពះត្រូវបានអនុវត្តជាញឹកញាប់ពីសំណាក់មេដឹកនាំពិភពលោក។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកទឹកចិត្តឲ្យមន្ត្រី និងពលរដ្ឋខ្មែរប្រើប្រាស់កាយវិការគំនាប់នេះផងដែរ ខណៈលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានសំដែងមោទកភាពដែលកាយវិការ Namaste របស់ឥណ្ឌា សាយភាពពេញពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com