COVID-19
អន្តរជាតិ
អង់គ្លេស​បិទ​ក្រុង Leicester ជាថ្មី ដោយសារ​ករណី​ឆ្លង COVID-19 កើនឡើង​
30, Jun 2020 , 3:34 pm        
រូបភាព
រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស លោក Matt Hancock។ រូបភាព៖ Reuters
រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស លោក Matt Hancock។ រូបភាព៖ Reuters
​បន្ទាប់ពី​ការបន្ធូរបន្ថយ​ការ​រឹតត្បិត​មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង រដ្ឋាភិបាល​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី​២៩ ខែមិថុនា បាន​បញ្ជា​ឲ្យ​សាលារៀន និង​ហាង​លក់ទំនិញ​មិនសូវ​សំខាន់ ក្នុង​ទីក្រុង Leicestor បិទ​សារជាថ្មី​។


​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ ទីក្រុង Leicester បាន​រាយការណ៍​ពី​ការកើនឡើង​ករណី​ឆ្លង​ថ្មី​រហូតដល់ ៨៦៦​ករណី ដែល​ធ្វើ​ឲ្យ​តួលេខ​សរុប​នៅក្នុង​ទីក្រុង​កើន​ដល់​ប្រមាណ ៣​ពាន់​ករណី​។ 
 
​ថ្លែង​នៅក្នុង​សភា រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស លោក Matt Hancock បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ជា​អកុសល ខណៈ​ករណី​ឆ្លង​នៅ​តំបន់​ជាច្រើន​ក្នុងប្រទេស​ធ្លាក់ចុះ នៅក្នុង​ទីក្រុង​Leicestor បាន​កើនឡើង​ករណី​ឆ្លង​»​។ ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​អង់គ្លេស បានសម្រេច​បិទ​ក្រុង Leicester សារជាថ្មី ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​។ 
 
​សាលារៀន ដែល​បាន​បើក​កាលពី​ថ្ងៃទី​១ ខែមិថុនា ត្រូវ​បិទ​ទៅវិញ ចំណែក​ហាង​មិន​សំខាន់​មួយចំនួន ក៏ត្រូវ​បិទ​ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា​នេះដែរ​។ លោក​រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា គម្រោង​បើក​បារ ភោជនីយដ្ឋាន និង​មជ្ឈមណ្ឌល​វប្បធម៌ នៅ​ថ្ងៃទី​៤ ខែកក្កដា នឹងត្រូវ​លុបចោល​តែ​នៅ​ទីក្រុង Leicester  ប៉ុន្តែ​នៅ​ទីក្រុង​ផ្សេងទៀត អាច​ដំណើរការ​គម្រោង​នេះ​បាន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​កន្លងមក អភិបាលក្រុង Leicester បាន​បដិសេធ​ការបិទ​ក្រុង​ម្តង​ហើយ ដោយ​អះអាងថា ការកើនឡើង​តួលេខ​ឆ្លង​នេះ គឺ​ដោយសារតែ ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​។ 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៩ ខែមិថុនា តួលេខ​COVID-19 សរុប​មាន​ចំនួន ៣១១៩៦៥​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៤៣៥៧៥​ករណី​៕

Tag:
 អង់គ្លេស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com