ជាតិ
សង្គមជាតិ
លោក សុខ ទូច ប្រាប់​រដ្ឋមន្ត្រី និង​មេ​ស្ថាប័ន ឲ្យ​ឈប់​ហៅ​មន្ត្រី​បណ្ឌិត្យសភា​ទៅ​ពិភាក្សា​ពី «​ពាក្យថ្មី​» តែ​ត្រូវ​ដាក់ពាក្យ​នោះ ទៅ​បណ្ឌិតសភា​វិញ
30, Jun 2020 , 4:05 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់លោក សុខ ទូច
រូបពីទំព័រហ្វេសប៊ុករបស់លោក សុខ ទូច
​កន្លងមក មាន​ក្រសួង​និង​ស្ថាប័ន​នានា បានដាក់​លិខិត​ទៅ​រាជបណ្ឌិត្យសភាកម្ពុជា ដើម្បី​សុំ​អញ្ជើញ​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ទៅ​ចូលរួម​ពិភាក្សា ផ្តល់យោបល់ ឬ ជួយ​បកស្រាយ​លើ​ពាក្យ​បច្ចេកទេស​ថ្មីៗ ឬក៏​នៅពេល​ក្រសួង​និង​ស្ថាប័ន​ទាំងនោះ ត្រូវធ្វើ​សទ្ទានុក្រម ដែល​ប្រមូលផ្តុំ​ដោយ​ពាក្យ​បច្ចេកទេស​ថ្មីៗ សម្រាប់​ប្រើ​ក្នុង​វិស័យ​ខ្លួន​។ 

 

បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ប្រាប់​ទៅ​រដ្ឋមន្ត្រី​និង​ប្រធាន​ស្ថាប័ន​ទាំងនោះ ឲ្យ​ឈប់​ធ្វើលិខិត​ទៅកាន់​រាជបណ្ឌិត្យសភាកម្ពុជា ដើម្បី​អញ្ជើញ​សមាជិក​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​តទៅទៀត​។ លោក ប្រកាសថា ចាប់ពីពេលនេះ​ទៅ លោក លែង​បញ្ជូន​អ្នកជំនាញ​ផ្នែក​អក្សរសាស្ត្រ​ឬ​សមាជិក​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ទៅកាន់​ក្រសួង​និង​ស្ថាប័ន​ទាំងនោះ​ទៀតហើយ​។​
 
​ផ្ទុយ​មកវិញ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា ស្នើ​ង​ឲ្យ​គ្រប់​ក្រសួង​និង​ស្ថាប័ន យកពាក្យ​បច្ចេកទេស​ថ្មីៗ ដាក់​ទៅកាន់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​វិញ ដើម្បី​ពិនិត្យ​និង​អនុម័ត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ និង​ដើម្បី​មានការ​ទទួលខុសត្រូវ​ទាំងអស់គ្នា​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ នា​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ លោក សុខ ទូច ដែលមាន​គោរមងារ​ជា​បណ្ឌិត្យសភា​ចា​រ្យ បានបញ្ជាក់​ដូច្នេះ​ថា​៖«​អរគុណ​សំណួរ​ហ្នឹង ចាត់​ដោត​តិច​មែន ប៉ុន្តែ​ត្រូវតែ​ដោះស្រាយ​។ ដោះស្រាយ​ហ្នឹង មានន័យថា បញ្ជូន​ពាក្យ​មក អត់​បញ្ជូន​មនុស្ស​ទៅ​ទេ ឈប់​បញ្ជូន​មនុស្ស​ទៅហើយ​...»​។​
 
​លោក លើកយក​បញ្ហា​នេះ​មក​និយាយ នៅពេល​អ្នកកាសែត សួរថា តើ​មាន​ក្រសួង​និង​ស្ថាប័ន​ប៉ុន្មាន​ហើយ ដែល​បានស្នើ​ទៅ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ឲ្យ​ជួយ​បកប្រែ​និង​សម្រួល​ពាក្យ​បច្ចេក​ទេ​ថ្មីៗ ដើម្បី​ឲ្យ​មានការ​ឯកភាពគ្នា​ក្នុងការ​ប្រើប្រាស់​?
 
​សំឡេង​របស់លោក សុខ ទូច 


 
​យ៉ាងណា លោក ហ៊ាន សុខុម ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ អះអាងថា មាន​ក្រសួង និង​ស្ថាប័នរដ្ឋ រួមទាំង ស្ថាប័នឯកជន​ផ្សេងៗ មិនបាន​អញ្ជើញ​សមាជិក​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ទៅ​ចូលរួម​ពិភាក្សា​ពី​ពាក្យ​បច្ចេកទេស​ថ្មីៗ​នោះទេ តែ​បាន​បញ្ជូន​ពាក្យ​បច្ចេកទេស​ថ្មីៗ​ក្នុង​វិស័យ​របស់ខ្លួន ទៅកាន់​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ដើម្បី​ពិនិត្យ​និង​អនុម័ត​។ ប៉ុន្តែ លោក សង្កេតឃើញថា មិនទាន់​គ្រប់​ក្រសួង​និង​ស្ថាប័ន​នោះទេ ដែល​បានដាក់​ពាក្យ​បច្ចេកទេស​ថ្មីៗ ទៅកាន់​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ដើម្បី​អនុម័ត​។  
 
​ទាំង​លោក សុខ ទូច និង លោក ហ៊ាន សុខុម សរសើរ​ក្រសួងបរិស្ថាន ដែល​តែងតែ​យកពាក្យ​បច្ចេកទេស​ថ្មីៗ ទៅដល់​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ដើម្បី​ជួយ​ពិនិត្យ​និង​អនុម័ត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ 
 
​បើតាម​លោក ហ៊ាន សុខុម បច្ចុប្បន្ន ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ នៅមាន​មេពាក្យ​ប្រមាណ​ជា​៤​ពាន់​ពាក្យ​ទៀត ដែល​មិនទាន់​បានអនុម័ត​ឲ្យ​ប្រើប្រាស់​៕ 

Tag:
 ​សុខ ទូច​
  អក្សរសាស្ត្រ​
  ពាក្យ​បច្ចេកទេស​ថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com