COVID-19
ជាតិ
ក្រសួង មិន​ឲ្យ​រោងចក្រ​-​សហគ្រាស ដែល​បិទ​ព្រោះ​វិបត្តិ​សេដ្ឋកិច្ច ទូទាត់​សំណង​ដល់​កម្មករ​ឡើយ​
01, Jul 2020 , 9:39 am        
រូបភាព
សកម្មភាពកម្មករកររោងចក្រ New Best ទាមទារឲ្យក្រសួងការងារដោះស្រាយដោយសារថៅកែរត់ចោល និង មេសហជីពដាក់ញត្តិទាមទារឲ្យក្រសួងពិនិត្យឡើងវិញលើការប្រើប្រាក់អតីតភាពការងារ។ (រូបពីសង់ត្រាល)
សកម្មភាពកម្មករកររោងចក្រ New Best ទាមទារឲ្យក្រសួងការងារដោះស្រាយដោយសារថៅកែរត់ចោល និង មេសហជីពដាក់ញត្តិទាមទារឲ្យក្រសួងពិនិត្យឡើងវិញលើការប្រើប្រាក់អតីតភាពការងារ។ (រូបពីសង់ត្រាល)
​ភ្នំពេញ​៖ មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អះអាងថា បន្ទាប់ពីបិទឬ​ព្យួ​ការងារ​រយៈពេល​២​ខែ ដោយសារ​ការលំបាក​ណា​មួយ ម្ចាស់​រោងចក្រ​និង​ម្ចាស់​សហគ្រាស មាន​មូលហេតុ​ត្រឹមត្រូវ​លើ​ការ​លុប​កិច្ចសន្យាការងារ ដោយ​មិនចាំបាច់​ទូទាត់ «​ប្រាក់​សងជំងឺចិត្ត​» និង «​ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ឲ្យ​ដំណឹង​មុន​» ដល់​កម្មករនិយោជិត​ឡើយ​។ មេ​សហជីព មិន​គាំទ្រ​នោះទេ ចំពោះ​ការបកស្រាយ​នេះ ហើយ​យល់ថា ក្រសួង​ការងារ​ហាក់បីដូចជា​ជួយ​សម្រាល​បន្ទុក​ដល់​និយោជក ដោយ​មិនឃើញ​ទុក្ខលំបាក​របស់​កម្មករ​។​



​លិខិត​របស់លោក អ៊ុក ចាន់ធូ ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ការងារ​នៃ​ក្រសួង​ការងារ ចេញ​នៅ​ថ្ងៃទី​២៩ ខែមិថុនា បញ្ជាក់ថា​៖«​ផល​លំបាក​ផ្នែក​សេដ្ឋ​ក​កិច្ច​កាន់តែ​ធ្ងន់ធ្ងរ​នៅតាម​បណ្ដាល​រោងចក្រ​...​ដូចជា​លុប​ការបញ្ជាទិញ​ទាំងស្រុង ការផ្អាក​ការទទួល​ទិញ​ដែល​ផលិត​រួច និង​មិន​ទូទាត់​ប្រាក់​តាម​កិច្ចសន្យា​ទិញ​-​លក់ អាច​ត្រូវបាន​ចាត់ជា​មូលហេតុ​ត្រឹមត្រូវ​ក្នុងការ​រំលាយ​កិច្ចសន្យាការងារ បន្ទាប់ពី​ព្យួរ​កិច្ចសន្យាការងារ​»​។ 
 
​លិខិត​នោះ ត្រូវបាន​ផ្ញើ​ទៅកាន់​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​បាន​សុំ​ដំណោះស្រាយ​ពី​ក្រសួង​លើ​ចំណុច​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត​និង​ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ឲ្យ​ដំណឹង​មុខ​។ 
 
​តាមរយៈ​លិខិត​នោះ លោក អ៊ុក ចាន់ធូ អះអាងថា ការ​លុប​កិច្ចសន្យា​ការ​នេះ គឺជា​រឿង​ត្រឹមត្រូវ មិន​អនុញ្ញាត​ឲ្យ​មានការ​ទូទាត់​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត​ដល់​កម្មករ​ឡើយ​។ ទន្ទឹមនឹងនេះ ក្រសួង​ក៏​មិន​ឲ្យ​និយោជក បើកប្រាក់​ទូទាត់​ជួស​ឲ្យ​ការឱ្យដំណឹង​មុន​ដែរ ដោយ​រោងចក្រ​ដែល​ព្យួរការងារ បាន​ព្យាយាម​ដោះស្រាយ​ស្របតាម​លក្ខខណ្ឌ​ក្រសួង​ការងារ​រួចហើយ​។
 
​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ការបកស្រាយ​របស់​ក្រសួង​ការងារ​ខាងលើនេះ ធ្វើ​ឲ្យ​បាត់បង់​ប្រយោជន៍​កម្មក​រ​យ៉ាងខ្លាំង ខណៈដែល​កម្មករ​កំពុង​រងគ្រោះ ស្ទើរ​គ្មាន​លទ្ធភាព​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ទៅហើយ​។ លោក ថ្លែងថា​៖«​បើ​ក្រសួង​បកស្រាយ​បែបនេះ កម្មករ​នឹង​បាត់បង់​ប្រយោជន៍។ ក្រសួង​ដូចជា​គិតគូរ​ពី​និយោជក​ច្រើន មិនឃើញ​ការលំបាក​ដល់ក​ម្មករ​»។
 
​លោក បន្តថា​៖«នៅពេល​អនុញ្ញាត​ឲ្យ​រោងចក្រ​ព្យួរ ហើយ​លុប​កិច្ចសន្យាការងារ ធ្វើ​ឲ្យ​កម្មករ​បាត់ប្រាក់​សងជំងឺចិត្ត​មួយ​ហើយ នៅពេល​រោងចក្រ​បិទ ភាគី​ម្ចាស់​រោង​ក​ច្រ​នឹងមិន​ទូទាត់​ប្រាក់​ជូនដំណឹង​ទៀត​»​។ មេ​សហជីព​រូបនេះ ប្រាប់ថា លោក ថា​នឹងមាន​ការជជែក​គ្នា​បន្ថែម​ក្នុង​រឿងនេះ​៕ 

Tag:
 រោច​ក្រ​
  វិស័យ​កាត់ដេរ​
© រក្សាសិទ្ធិដោយ thmeythmey.com