ជាតិ
សេដ្ឋកិច្ច
​កន្លះ​ឆ្នាំ​កន្លងមកនេះ កម្ពុជា​នាំចេញ​អង្ករ​ជិត​៤០​ម៉ឺន​តោន​
01, Jul 2020 , 11:08 am        
រូបភាព
​ដោយ​៖ ខន ណា​រី​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​លទ្ធផល​ពី​ការនាំចេញ​អង្ករ​ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ ដោយ​រយៈពេល​៦​ខែ​ដំបូង ឆ្នាំ​២០២០ កម្ពុជា​សម្រេចបាន​ជិត​៤០​ម៉ឺន​តោន ដោយ​កើន​ជាង​៤១​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩​។​


 
​ការនាំចេញ​អង្ករ​ទៅ​បរ​ទេសនា​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០​នេះ មាន​ចំនួន ៣៩៧ ៦៦០ តោន ដោយ​កើនឡើង​ប្រមាណ ១១៦ ១២២ តោន ស្មើនឹង​៤១,២​ភាគរយ ខណៈ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នា​២០១៩ មាន​ចំនួន​២៨១ ៥៣៨ តោន ។ 
 
​របាយការណ៍​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា ក្រុមហ៊ុន ៥ ក្នុងចំណោម ៦៦ ក្រុមហ៊ុន​មានការ​នាំចេញ​ច្រើនជាងគេ​។​
 
​សម្រាប់​ខែ មិថុនា ឆ្នាំ​២០២០ នេះ សម្រេចការ​នាំចេញ​អង្ករ​បាន ចំនួន ៤១ ៥៦៣ តោន កើនឡើង​ចំនួន ១០ ១៩៧ តោន ស្មើនឹង ៣២,៥១ ភាគរយ​ធៀប​ទៅនឹង​ខែឧសភា ឆ្នាំ​២០១៩ ដែល​ក្នុងនោះ​មាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ចំនួន ៤១ ៨៦៤ តោន​, អង្ករ​ចម្រុះ​គ្រប់​ប្រភេទ​ចំនួន ៨ ៧៥២ តោន​, អង្ករ​ចំហុយ​ចំនួន ៩២៤ តោន និង​អង្ករ​ក្រហម​ចំនួន ២៣ តោន ។​
 
​ប្រទេស​ដែល​បាន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​រយៈពេល ៦ ខែ​នេះ មាន​ចំនួន ៥៦ ប្រទេស​ក្នុងនោះ សហភាព​អ៊ឺរ៉ុប​មាន​ប្រទេស​ចំនួន​២៤ ក្នុងចំណោម ២៨ ប្រទេស​, ប្រទេស​ចិន​, ប្រទេស​សមាជិក​អាស៊ាន​ចំនួន ៦ និង​នៅ​ទ្វីប​ដទៃទៀត​ចំនួន​២៥ ប្រទេស ។ 
 
​ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល ៦ ខែ​ដើមឆ្នាំ​ដូចគ្នា​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៩ មាន​កើនឡើង​នៅ​គ្រប់​គោលដៅ​នាំចេញ​ទាំងអស់ សម្រាប់​សហភាព​អឺរ៉ុប​កើនឡើង​ចំនួន ៤៥,១៩​ភាគរយ ប្រទេស​ចិន​កើន​ចំនួន ២៥,២០​ភាគរយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​កើន​ចំនួន ៤៧,៦៩​ភាគរយ និង​គោលដៅ​ដ៏ទៃទៀត​បាន​កើនឡើង​ចំនួន ៧៩,២៦​ភាគរយ​៕

Tag:
 ​កសិកម្ម​
  អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com