អន្តរជាតិ
ចំណុច​ប្រាំ​យ៉ាង​ដែល​គួរ​ដឹង​ពី «​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​»
01, Jul 2020 , 11:26 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបភាព៖ AP
ប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបភាព៖ AP
​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ដ៏​ចម្រូងចម្រាស នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែកក្កដា​តទៅ​។ ច្បាប់​នេះ មាន ៦​ជំពូក និង ៦៦​មាត្រា ហើយ​ចែង​ពី​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ចិន រដ្ឋាភិបាល​ហុងកុង ការបង្កើត​ទីភ្នាក់ងារ​របស់​ចិន​នៅ​ហុងកុង ការតែងតាំង​ចៅក្រម បទល្មើស និង​ការបញ្ជូន​អ្នកទោស​មួយចំនួន​ទៅ​កាត់ទោស​នៅ​ទីក្រុង​ប៉េកាំង​ជាដើម​។ នេះ​ជាការ​ប្រែប្រួល​ដ៏​ធំ​មួយ​ក្នុង​ទំនាក់ទំនង​រវាង​ប៉េកាំង និង​ហុងកុង​ដែលជា​តំបន់​រដ្ឋបាល​ពិសេស​។​


​ការផ្តន្ទាទោស​នៅក្នុង​ច្បាប់​សន្តិសុខ​ជាតិ​
​ដោយ​ផ្អែក​ទៅតាម​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង បទល្មើស​ត្រូវបាន​បែង​ចែកជា​បួន​ធំៗ គឺ​វិទ្ធង្សនា ការធ្វើ​អបគមន៍ សកម្មភាព​ភេរវកម្ម និង​ការ​ផ្សំគំនិត​ជាមួយ​បរទេស ដែល​បណ្តាល​ឲ្យ​មានការ​បំផ្លាញ​ដល់​សន្តិសុខ​ជាតិ​ហុងកុង​។ រាល់​ជនល្មើស​នៃ​បទល្មើស​ខាងលើនេះ នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រហូតដល់ ១​ជីវិត ឬ​ច្រើនជាង ១០​ឆ្នាំ ឬ​តិចជាង ៣​ឆ្នាំ ដោយ​ផ្អែកទៅលើ​ស្ថាន​ទម្ងន់ទោស​។ 
 
​រដ្ឋាភិបាល​ចិន​មាន​យុត្តាធិការ​មកលើ​កិច្ចការ​ហុងកុង​ក្នុង​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​
​ប្រសិនបើ​អំពើ​មួយចំនួន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ហុងកុង​ធ្ងន់ធ្ងរ រដ្ឋាភិបាល​ចិន នឹងមាន​យុត្តាធិការ​ពេញទី ក្នុង​អនុវត្ត​អំណាច​របស់ខ្លួន​ក្នុងការ​កាត់ទោស​លើ​ជនល្មើស​។ អំណាច​ទាំងនោះ គឺ​រាប់​ចាប់តាំងពី​ការចាប់ខ្លួន រហូតដល់​កាត់ទោស​។  នៅក្នុង​ករណីខ្លះ ដែលមាន​ភាពស្មុគស្មាញ ឬ​បង្ក​ឲ្យ​មាន​ផលវិបាក​ខ្លាំង អ្នកទោស​អាច​ត្រូវគេ​ធ្វើ​បត្យាប័ន​ទៅ​ទីក្រុង​ប៉េកាំង​តែម្តង​។​
 
​ទាក់ទិន​នឹង​បញ្ហា​នេះ សកម្មជន អ្នក​រិះគន់​រដ្ឋាភិបាល មេធាវី​ខ្លះ និង​អ្នកប្រឆាំង​រដ្ឋាភិបាល​ចិន អាចជា​មុខសញ្ញា ដែល​ចិន​អាច​ប្រើប្រាស់​ច្បាប់​សន្តិសុខ​ជាតិ​នេះ ដើម្បី​តាម​ប្រមាញ់​។​
 
​សវនាការ​បិទទ្វារ​
​នៅក្នុង​សំណុំរឿង​ដែលមាន​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​សម្ងាត់​របស់រ​ដ្ឋ សវនាការ​នឹងធ្វើ​ឡើងជា​សម្ងាត់ ហើយ​ចៅ​ក្រុម​ហុងកុង មិន​អាចមាន​យុត្តាធិការ​លើ​រឿងនេះ​ឡើយ​។ យ៉ាងណាក៏ដោយ សេចក្តីសម្រេច​របស់​តុលាការ​នឹងធ្វើ​ឡើងជា​សាធារណៈ​។ 
 
​នៅក្នុង​សំណុំរឿង​សន្តិសុខ​ជាតិ ប្រធាន​ប្រតិបត្តិ​ហុងកុង មាន​សិទ្ធិ​តែងតាំង​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដើម្បី​កាត់ទោស​ជនល្មើស​។ អាណត្តិ​របស់​ចៅក្រម​ម្នាក់ៗ មាន​ត្រឹម​រយៈពេល​តែមួយ​ឆ្នាំ​ប៉ុណ្ណោះ​។ ចំណែក​ជនសង្ស័យ​នៃ​បទល្មើស​សន្តិសុខ​ជាតិ នឹងមិន​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​ឡើយ​។ 
 
​កិច្ចសហការ​រវាង​អាជ្ញាធរ​ហុងកុង និង​ទីភ្នាក់ងារ​ចិន​
​នៅក្នុង​ច្បាប់​នេះ​ដដែល បាន​ចែងថា រាល់​អង្គភាព​ចំណុះ​រដ្ឋាភិបាល​ហុងកុង​ទាំងអស់ ត្រូវតែ​សហការ​ជាមួយ​ទីភ្នាក់ងារ​របស់​ទីក្រុង​ប៉េកាំង​ដែល​ត្រូវបង្កើត​ដើម្បី​អនុវត្ត​ច្បាប់​នេះ​។ ជាពិសេស​ច្បាប់​នេះ ក៏​ប្រគល់​អំណាច​ដល់ទី​ភ្នាក់ងារ​ចិន​យ៉ាង​ទូលំទូលាយ​ផងដែរ​។ ក្នុងន័យនេះ រដ្ឋាភិបាល​ហុងកុង គ្មាន​យុត្តាធិការ ឬ​អំណាច​លើ​ទីភ្នាក់ងារ​សន្តិសុខ​ចិន​ឡើយ ចំណែក​បុគ្គលិក​នៃ​ទីភ្នាក់ងារ​នេះ គឺ​ត្រូវគោរព​តាមច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​មួយ​មុខតែ​ប៉ុណ្ណោះ​។ 
 
​បន្ថែម​ពីលើ​នេះ ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​នេះ តម្រូវ​ឲ្យ​បង្កើត​កម្លាំង​ប៉ូលិស​មួយក្រុម ដើម្បី​ស៊ើបអង្កេត និង​ប្រមូល​ព័ត៌មាន​ជុំវិញ​ករណី​ទាក់ទិន​នឹង​ច្បាប់​សន្តិសុខ​ជាតិ​។ ម្យ៉ាងវិញទៀត អង្គភាព​ប៉ូលិស​ពិសេស​មួយ​នេះ អាច​តែងតាំង​អ្នកជំនាញ​នៅក្រៅ​ទីក្រុង​ហុងកុង ដើម្បី​ជា​ជំនួយការ​បាន​។ ប្រសិនបើ​ចាំបាច់ ប៉ូលិស​មាន​សិទ្ធិ​ស្នើ​ឲ្យ​អ្នកផ្តល់​សេវា និង​អ្នក​កាន់​ទិន្នន័យ​មួយចំនួន លុប​ព័ត៌មាន​ចោល ឬ​ផ្តល់ព័ត៌មាន​ទាំងនោះ ឬ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​។ 
 
​ការ​រឹតបន្តឹង​លើ​អង្គការក្រៅរដ្ឋាភិបាល និង​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​
​ដោយ​ផ្អែក​ទៅតាម​មាត្រា​៥៤ នៃ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ទីភ្នាក់ងារ​ទីក្រុង​ប៉េកាំង និង​ការិយាល័យ​នៃ​អគ្គស្នងការ​នៃ​ក្រសួងការបរទេស​ហុងកុង គួរតែ​សហការ​ជាមួយ​រដ្ឋាភិបាល​ហុងកុង ដើម្បី​ចាត់វិធានការ​ពង្រឹង​ការគ្រប់គ្រង​លើ​អង្គការ​បរទេស អង្គការ​អន្តរជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​។ ក្នុងន័យនេះ ប្រសិនបើ​ក្រុមហ៊ុន ឬ​អង្គការ​បរទេស​ណាមួយ ត្រូវបាន​គេ​រកឃើញថា ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង នឹងត្រូវ​ទទួលរង​ការពិន័យ​ជា​ប្រាក់ និង​ផ្អាក​ប្រតិបត្តិការ​នៅក្នុង​ទឹកដី​ហុងកុង​តែម្តង​។ 
 
​សូមបញ្ជាក់ថា ច្បាប់​សន្តិសុខ​ជាតិ​នេះ បាន​ចូល​ជាធរ​នៅ​ខួប​លើក​ទី​២៣ ដែល​អង់គ្លេស​ប្រគល់​ទឹកដី​ហុងកុង ត្រលប់មក​ឲ្យ​ចិន​វិញ តាមរយៈ​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩៧​។ យ៉ាងណាក៏ដោយ នៅក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ​នោះ ចិន មិនទាន់​មានអំណាច​គ្រ​ប់​គ្រង​ផ្តាច់មុខ​លើ​ហុងកុង​ឡើយ ពោលគឺ​ត្រូវ​រក្សា​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» រហូតដល់​ឆ្នាំ ២០៤៧ ទើប​ចិន​មានអំណាច​លើ​ហុងកុង​ពេញទី​៕ 

Tag:
 ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com