ជាតិ
អាជ្ញាធរ បិទសិប្បកម្មផលិតពពុះសណ្តែក៧ទីតាំងបណ្ដោះអាសន្ន នៅខេត្តកណ្តាល ក្រោយរកឃើញសារធាតុគីមី
× ភ្នំពេញ៖ អាជ្ញាធរ បានសម្រេចបិទសិប្បកម្មផលិតពពុះសណ្តែក ៧ទីតាំងបណ្ដោះអាសន្ន នៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ក្រោយពីរកឃើញសារធាតុគីមីនៅក្នុងផលិតផល។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។
អាជ្ញាធរ និងមន្ត្រីជំនាញ បានចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតពពុះសណ្តែកចំនួន៧ ទីតាំង នៅភូមិពុកឬស្សី ឃុំពុកឬស្សី និងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីត្រួតពិនិត្យ និងស្រាវជ្រាវលើផលិតផលទាំងនេះ ស្រាប់តែរកឃើញសារធាតុគីមីហាមឃាត់បូរ៉ាក់ ដែលធ្វើប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋតែម្ដង។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានបញ្ជាក់ដូច្នេះថា៖«ជាលទ្ធផលមន្ត្រីជំនាញបានដកហូតពពុះសណ្តែក ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ចំនួន ០៧ ទីតាំង សរុបទម្ងន់ ១០៨ គីឡូក្រាម។ បន្ទាប់មក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចផ្អាក ទីតាំងផលិតបណ្តោះអាសន្ន»។
ដើមចម ដែលនាំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យ និងឈានដល់ផ្អាកទីតាំងផលិតពពុះសណ្ដែកនេះ ធ្វើឡើងក្រោយពីមន្ត្រីជំនាញបានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារក្នុងផ្សារច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ មិថុនា ដោយរកឃើញភាពមិនប្រក្រតីនៃពពុះសណ្ដែក ដែលដាក់លក់នៅទីផ្សារ។ ក្នុងសកម្មភាពនោះ មន្ត្រីជំនាញ ក៏បានដកហូតពពុះសណ្តែកដែលមានផ្ទុកសារធាគីមីបូរ៉ាក់ចំនួន ២០.៥ គីឡូក្រាម។
ក្រោយរកឃើញភាពមិនប្រក្រតីនេះ ក្រុមការងារចំពោះកិច្ចអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក៏បានធ្វើកំណត់ហេតុដកហូត និងសាកសួរស្វែងរកប្រភពម្ចាស់ពពុះសណ្តែកខាងលើ ហើយទទួលបានព័ត៌មានលម្អិតពីទីតាំងផលិត ទើបបញ្ជូនមន្ត្រីជំនាញចុះមកត្រួតពិនិត្យ និងឈានដល់ការសម្រេចបិទសិប្បកម្មផលិតបណ្ដោះអាសន្នតែម្ដង៕
Tag:
ផលិតផលគីមី
សិប្បកម្មពពុះសណ្ដែក
© រក្សាសិទ្ធិដោយ thmeythmey.com