ជាតិ
សង្គមជាតិ
មេការថៃ បាញ់ពលករខ្មែរនៅកន្លែងផឹកស៊ី ឲ្យស្លាប់ម្នាក់ របួស២នាក់ តែមេការនោះ ក៏ស្លាប់ដែរ
01, Jul 2020 , 12:50 pm        
រូបភាព
ហេតុការណ៍បាញ់កម្មករសំណង់ខ្មែរនៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ (រូបពីទំព័រហ្វេសប៊ុក ទឹកចិត្ត ពលករ ឆ្លងដែន)
ហេតុការណ៍បាញ់កម្មករសំណង់ខ្មែរនៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ (រូបពីទំព័រហ្វេសប៊ុក ទឹកចិត្ត ពលករ ឆ្លងដែន)
មេការជាជនជាតិថៃ បានបាញ់ពលករខ្មែរ៣នាក់ជាកម្មករសំណង់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ និង របួសស្រាលម្នាក់។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យការបរទេស កម្ពុជា ដែលប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។



ហេតុការណ៍នេះ កើតឡើងនៅកន្លែងស្នាក់នៅរបស់ពលកខ្មែរ ដែលធ្វើការជាកម្មករសំណង់ ក្នុងខេត្តរ៉ាក់យ៉ាង ប្រទេសថៃ កាលពីយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

លោក កុយ គួង បានឲ្យដឹងថា មេការថៃនោះ ដែលមានអាយុ៦១ឆ្នាំ ក៏ស្លាប់ដែរ តែលោក មិនបានដឹងព័ត៌មានលម្អិតឡើយថា ស្លាប់ដោយសារអ្វី។ លោក គ្រាន់តែដឹងព័ត៌មានថា ពេលសមត្ថកិច្ច ទៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញមេការនោះ ស្លាប់នៅក្នុងបន្ទប់ទឹក ហើយកម្មករខ្មែរ ស្លាប់នៅខាងក្រៅបន្ទប់ទឹក។

លោក បន្តថា សពកម្មករខ្មែរ ត្រូវបានក្រុមគ្រួសារ ដែលទៅធ្វើការនៅប្រទេសថៃដែរនោះ បញ្ជូនមកដល់កម្ពុជាវិញហើយ កាលពីថ្ងៃទី៣០ ខែមិថុនា។ លោក បន្ថែមថា ក្រុមហ៊ុនសំណង់ បានផ្តល់សំណងប្រមាណ៩ពាន់បាត (ប្រមាណ២៩០ដុល្លារ) ដល់គ្រួសារសពកម្មករខ្មែរ។ ចំណែក កម្មករខ្មែរ២នាក់ទៀត ដែលរងរបួស លោក អះអាង ប្រហែលជាកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យប្រទេសថៃនៅឡើយទេ។

លោក មានប្រសាសន៍ដូច្នេះថា៖«ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងអាជ្ញាធរថៃ កំពុងធ្វើការនេះតាមច្បាប់ និងកំពុងស្រាវជ្រាវឲ្យដឹងច្បាស់ពីរឿងនេះ»។

លោក លើកឡើងយ៉ាងខ្លីពីដំណើររឿង ដែលលោកទទួលបានថា មុនដំបូង កម្មករខ្មែរ កំពុងជួបជុំគ្នាពិសាស្រា ជាមួយនឹងសំឡេងឡូឡា ហើយពេលនោះ មេការថៃ ក៏ទៅឃាត់ឃាំងនិងឲ្យបញ្ឈប់ការពិសាស្រា តែដំណោះស្រាយ មិនទាន់ត្រូវបញ្ចប់ផង ក៏ស្រាប់តែផ្ទុះអាវុធឡើងតែម្តង។

វីដេអូឃ្លីបរយៈពេលជិតមួយនាទី ដែលថតពីព្រឹត្តិការណ៍នេះ ត្រូវបានបង្ហោះលើបណ្តាញសង្គម។ បើតាមវីដេអូនោះ គេឮនារីម្នាក់ និយាយបណ្តើរ យំបណ្តើរ ហើយអះអាងថា ក្នុងចំណោមកម្មករខ្មែរជាជនរងគ្រោះ មានម្នាក់ជាពូរបស់នាង។

នាង និយាយថា កម្មករខ្មែរប៉ុន្មាននាក់នោះ បានជួបជុំគ្នាពិសាស្រារហូតដល់ពាក់កណ្តាលយប់ ហើយថ្ងៃនោះ ពួកគាត់ ទើបនឹងបើកប្រាក់ខែ។ នារីនោះ និយាយទៀតថា ពេលកំពុងពិសាស្រា ស្រាប់តែអ្នកមើលការខុសត្រូវកន្លែងស្នាក់នៅ (មេការ) ទៅរករឿងហើយក៏បាញ់តែម្តង។

នាង រៀបរាប់ថា ក្រោយមក ឡានពេទ្យ ក៏បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។ រីឯ ជនជាតិថៃដែលបាញ់នោះ ត្រូវនាងអះអាងថា បានស្លាប់ ដោយសាតែគេព្រួតវាយ តែនាង មិនបានបញ្ជាក់ថា ជាកម្មករខ្មែរឬអ្នកណាឡើយ ដែលព្រួតវាយជនជាតិថៃនោះ។

បើតាមសម្តីរបស់នាង កម្មករខ្មែរ ដែលត្រូវមេការថៃបាញ់ មាន៤នាក់ មិនមែន៣នាក់នោះទេ ហើយក្នុងចំណោមពួកគេ មានអ្នកខ្លះត្រូវដៃ និងអ្នកខ្លះ ត្រូវពោះ៕

Tag:
 ពលករខ្មែរនៅថៃ
© រក្សាសិទ្ធិដោយ thmeythmey.com