សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រទេស​២៧ ស្នើ​ឲ្យ​ចិន​ពិចារណា​ការអនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ហុងកុង​ឡើងវិញ​
01, Jul 2020 , 1:17 pm        
រូបភាព
​ប្រទេស​ចំនួន​២៧ រាប់បញ្ចូល​អង់គ្លេស បារាំង និង​ជប៉ុន​ជាដើម បានស្នើ​ឲ្យ​ចិន​ពិចារណា​ឡើងវិញ​លើ​ការអនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ទីក្រុង​ហុងកុង ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​របស់​ទីក្រុង​ហិរញ្ញវត្ថុ​មួយ​នេះ​។ ច្បាប់​សន្តិសុខ​ជាតិ​នេះ បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែកក្កដា មួយថ្ងៃ​ក្រោយ​ត្រូវ​បានអនុម័ត​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​។ ប្រធាន​ប្រតិបត្តិ​ហុងកុង លោកស្រី ការី ឡាំ បានចេញ​ការពារ​ច្បាប់​នេះ​។

 
​សេចក្ដីស្នើច្បាប់​សន្តិសុខ​ជាតិ​ដែល​ត្រូវអនុវត្ត​នៅ​ហុងកុង ត្រូវបាន​អនុម័ត​យ៉ាង​លឿន​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​នៅ​ថ្ងៃទី​៣០ ខែមិថុនា ហើយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ចុះហត្ថលេខា​ឲ្យ​ចូល​ជាធរ​មាននៅ​ថ្ងៃ​ដដែល​។ ច្បាប់​មួយ​នេះ នឹង​ចូល​ជា​ធរមាន​ចាប់ពី​នៅ​ថ្ងៃទី​១ ខែកក្កដា ដែលជា​ថ្ងៃ​អង់គ្លេស​ផ្ទេរ​ហុងកុង​ឲ្យ​ចិន​វិញ​កាលពី​ឆ្នាំ​១៩៩៧ ។ 
 
​ប្រតិ​កម្មបាន​ធ្លាក់​មកជា​បន្ត​បន្ទាប់ពី​ក្រោយ​ការអនុម័ត​នេះ​។ ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ប្រទេស​ចំនួន​២៧ រួមមាន​បារាំង ជប៉ុន អាល្លឺម៉ង់ និង​អង់​គ្លស​ផង​នោះ បាន​សេចក្ដីថ្លែងការណ៍​រួមមួយ​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដោយ​ទទូច​ឲ្យ​ទីក្រុង​ប៉េកាំង​គិតគូរ​ម្ដងទៀត​ពី​ការអនុវត្ត​ច្បាប់​នេះ​នៅ​ហុងកុង​។ ដោយឡែក​នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន វិញ និយាយថា អង់គ្លេស​នឹង​ពិនិត្យមើល​ច្បាប់ ក្រែង​មាន​ចំណុច​ណា​ដែល​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ផ្ទេរ​ហុងកុង​។​
 
​ការអនុម័ត​ច្បាប់​ដដែល​នេះ ក៏បាន​បញ្ឆេះ​កម្ដៅ​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក​ផងដែរ​។ ប្រធានសភា​តំណាង​អាមេរិក លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី រិះគន់ថា គោលដៅ​ព្រៃផ្សៃ​របស់​ចិន គឺ​ដើម្បី​បំភិតបំភ័យ និង​ធ្វើទុក្ខបុកម្នេញ​ការបញ្ចេញមតិ​របស់​ប្រជាជន​ហុងកុង​។ មុននេះ រដ្ឋាភិបាល​លោក ដូ​ណា​ល់ ត្រាំ ក៏បាន​ប្រកាស​បញ្ចប់​ការនាំចេញ​អាវុធ​ឲ្យ​ហុងកុង​ព្រោះ​ទីក្រុង​នេះ​លែងមាន​ស្វ័យភាព ហើយ​ត្រៀម​ចាត់វិធានការ​ថែមទៀត​។​
 
​យ៉ាងណាមិញ ប្រធាន​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង លោកស្រី ការី ឡាំ បានចេញ​ការពារ​ច្បាប់​នេះ​ដែល​ចាំបាច់​ក្នុងការ​រក្សា​ស្ថិរភាព​ហុងកុង បន្ទាប់ពី​រញ្ជួយ​ញាប់​ញ័រ​ដោយសារ​បាតុកម្ម​ជាច្រើន​ខែ​។ ក្នុង​សារ​វីដេអូ​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស លោកស្រី ឡាំ បញ្ជាក់ថា ហុងកុង រងគ្រោះ​ដោយ​ការកើនឡើង​អំពើហិង្សា​ដែល​នៅ​ពីក្រោយ​ដោយ​កម្លាំង​ខាងក្រៅ ដែល​ការណ៍​នេះ មិនអាច​ត្រូវ​ទុកចោល​ដោយ​រដ្ឋាភិបាល​មជ្ឈិម​ឡើយ​។​
 
«​ច្បាប់​មាន​គោលដៅ​ទប់ស្កាត់ រារាំង និង​ដាក់ពិន័យ​សកម្មភាព​អប្បគមន៍ វិទ្ធង្សនា​ប្រឆាំង​អំណាច​រដ្ឋ និង​សកម្មភាព​ភេរវកម្ម​។ ទង្វើ​ទាំងនេះ ត្រូវ​បានចែង​យ៉ាងច្បាស់​ក្នុង​ច្បាប់​។ យើង​តម្រង់​គោលដៅ​លើ​មនុស្ស​មួយក្រុម​ដែល​បំពាន​ច្បាប់​ប៉ុណ្ណោះ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ឡាំ ដែល​ដឹកនាំ​ហុងកុង​៤​ឆ្នាំ​ហើយ ដែល​បន្តថា អាយុជីវិត សិទ្ធិសេរីភាព និង​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាជន​ហុងកុង​ភាគច្រើន នឹងត្រូវ​បានការ​ពារ​៕

Tag:
 ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com