អន្តរជាតិ
រដ្ឋមន្ត្រីអប់រំប្រេស៊ីល លាលែងតំណែងដោយសារបោកប្រាស់រឿងប្រវត្តិសិក្សា លោក Carlos Alberto Decotelli រដ្ឋមន្ត្រីអប់រំប្រេស៊ីល ទើបអស់តំណែងព្រោះរឿងអាស្រូវ (AFP)
× រដ្ឋមន្ត្រីអប់រំប្រេស៊ីល Carlos Alberto Decotelli បានចុះចេញពីតំណែងនៅថ្ងៃទី៣០ ខែមិថុនា ពោលគឺ៥ថ្ងៃប៉ុណ្ណោះក្រោយលោកត្រូវបានតែងតាំងឲ្យកាន់តំណែងនេះ។ ការរបូតតំណែងនេះកើតឡើងក្រោយមានការចោទប្រកាន់ថា លោកបានបោកប្រាស់រឿងប្រវត្តិសិក្សា។
លោក Carlos Alberto Decotelli គឺជាជនស្បែកខ្មៅទី១ ដែលត្រូវបានតែងតាំងក្នុងរដ្ឋាភិបាលស្ដាំនិយមជ្រុលរបស់ប្រធានធិបតី Jair Bolsonaro ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ដោយដកស្រង់សម្តីរបស់អ្នកនាំពាក្យម្នាក់ លោក Decotelli បានប្រគល់លិខិតលាលែងតំណែងដោយផ្ទាល់ឲ្យលោក Bolsonaro ក្នុងការិយាល័យប្រធានាធិបតី។
ប្រធានាធិបតី Bolsonaro បានតែងតាំងលោក Decotelli កាលពីសប្តាហ៍មុន ដើម្បីដាក់ជំនួសលោក Abraham Weintraub ដែលបានចុះចេញពីតំណែងកាលពីពាក់កណ្ដាល់ខែមិថុនា ក្រោយរងព្យុះរិះគន់ពាក់ព័ន្ធរឿងនិយាយបែបរើសអើងពូជសាសន៍លើបណ្ដាញសង្គម Twitter។
និយាយដល់រឿងអាស្រូវរបស់រដ្ឋមន្ត្រីអប់រំប្រេស៊ីល ដែលទើបអស់តំណែងថ្មីៗនេះ លោក Decotelli បានអះអាងថា លោកមានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតពីវិទ្យាស្ថានអប់រំឧត្តមសិក្សា Getulio Vargas Foundation សញ្ញាប័ត្រថ្នាក់បណ្ឌិតពីសកលវិទ្យាល័យ Rosario របស់អាហ្សង់ទីន និងសញ្ញាប័ត្រថ្នាក់ក្រោយបណ្ឌិតពីសកលវិទ្យាល័យ Wuppertal របស់អាល្លឺម៉ង់។
យ៉ាងណាមិញ ការអះអាងទាំងនេះ ត្រូវបានស្ថិតក្រោមការត្រួតពិនិត្យឡើងវិញ បន្ទាប់ពីការតែងតាំងរបស់លោកជារដ្ឋមន្ត្រីអប់រំ។ ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលធំៗខ្លះ ក៏ថែមបានទាំងហៅលោកទុកមុនថា «អនាគតអតីតរដ្ឋមន្ត្រី» ថែមទៀតផង។
កាលពីថ្ងៃសុក្រសប្តាហ៍មុន នាយកសកលវិទ្យាល័យ Rosario បាននិយាយថា លោក Decotelli ពុំរៀនចប់ថ្នាក់បណ្ឌិតនៅសាលាខ្លួនឡើយ ហើយបុគ្គលរូបនេះពុំធ្លាប់ការពារនិក្ខេបទលោកនោះទេ។ ចំណែកសាកលវិទ្យាល័យ Wuppertal ក៏បានអះអាងផងដែរថា លោក Decotelli ពុំបានរៀនចប់នៅសាលាពួកគេឡើយ ។
បន្ថែមពីរឿងអាស្រូវនេះ លោក Decotelli ក៏រងបទចោទប្រកាន់លួចចម្លងស្នាដៃអត្ថបទស្រាវជ្រាវរបស់គេអំឡុងការសិក្សាលោកក្នុងប្រទេសប្រេស៊ីលផងដែរ។ សកលវិទ្យាល័យប្រេស៊ីលមួយដែលស្ថិតក្នុងរឿងអាស្រូវនេះ បានបញ្ជាក់នៅថ្ងៃទី៣០ ខែមិថុនាថា លោករដ្ឋមន្ត្រីរូបនេះ ពុំធ្លាប់ធ្វើជាសាស្ត្រាចារ្យនៅសាលាពួកគេចន្លោះឆ្នាំ២០១៦-២០១៨ ដូចអ្វីដែលលោកសរសេរក្នុងប្រវត្តិរូបសង្ខេប (CV) លោកឡើយ៕
Tag:
ប្រេស៊ីល
Carlos Alberto Decotelli
© រក្សាសិទ្ធិដោយ thmeythmey.com