សង្គមអន្តរជាតិ​
អន្តរជាតិ
តៃវ៉ាន់ សម្ពោធ​ការិយាល័យ​ជួយ​អ្នក​ភៀសខ្លួន​ពី​ហុងកុង ក្រោយ​ច្បាប់​សន្តិសុខ​ចូល​ធរមាន​
01, Jul 2020 , 11:29 pm        
រូបភាព
លោក Chen Ming-tong (ឆ្វេង) បើកសម្ពោធការិយាល័យសម្រាប់ជួយពលរដ្ឋហុងកុង។ រូបភាព AFP
លោក Chen Ming-tong (ឆ្វេង) បើកសម្ពោធការិយាល័យសម្រាប់ជួយពលរដ្ឋហុងកុង។ រូបភាព AFP
​នៅ​ថ្ងៃទី​១ ខែកក្កដា កោះ​តៃវ៉ាន់ បាន​បើកសម្ពោធ​ការិយាល័យ​មួយ​ដែលមាន​គោលដៅ​ជួយ​អ្នក​ភៀសខ្លួន​ពី​ហុងកុង បន្ទាប់ពី​ចិន​ចេញ​ច្បាប់​សន្តិសុខ​ជាតិ​ដែល​ត្រូវបាន​តាក់តែង​ដើម្បី​អនុវត្ត​ក្នុង​ទីក្រុង​ហិរញ្ញវត្ថុ​មួយ​នេះ​។ មន្ត្រីជាន់ខ្ពស់​តៃវ៉ាន់​ទទួលបន្ទុក​កិច្ចការ​ដីគោក ក៏​ប្រកាស​ជំហរ​តៃវ៉ាន់​ក្នុងការ​គាំទ្រ​សេរីភាព និង​ប្រជាធិបតេយ្យ​នៅ​ហុងកុង​។

 
​ការិយាល័យ​ដែល​រដ្ឋាភិបាល​តៃវ៉ាន់​ដាក់​ឲ្យ​ប្រើប្រាស់ មាន​ឈ្មោះថា ការិយាល័យ​សេវា និង​ការផ្លាស់ប្ដូរ​តៃវ៉ាន់​-​ហុងកុង​។ ការិយាល័យ មាន​គោលដៅ​ជួយ​ប្រជាជន​ហុងកុង​ដែល​ភៀសខ្លួន​ពី​ទីក្រុង​រដ្ឋបាល​ពិសេស​ក្នុង​កាលៈទេសៈ​ដែល​ទីក្រុង​ប៉េកាំង​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​ចម្រូងចម្រាស​។ វិទ្ធង្សនា​ប្រឆាំង​អំណាច​រដ្ឋ អបគមន៍ ភេរវកម្ម និង​ការចូល​ដៃ​ជាមួយ​បរទេស ជា​បទល្មើស​ដែល​អាច​ជាប់គុក​ដល់​ទៅ​១០​ឆ្នាំ​ឯណោះ​។​
 
​កន្លងទៅ តៃវ៉ាន់ តែង​បង្ហាញ​សមានចិត្ត​របស់ខ្លួន និង​ផ្ដល់ជំនួយ​ផ្សេង​ឲ្យ​អ្នក​ដែល​ភៀសខ្លួន​ពី​ហុងកុង​ដែល​ភាគច្រើន​ជា​សកម្មជន​ប្រឆាំង​ចិន អ្នកប្រជាធិបតេយ្យ ឬ​ក្រុម​មាន​និ​ន្ន​ការផ្ដាច់​ខ្លួន​ជាដើម​។ លើសពីនោះ គេ​ក៏​ឃើញ​មាន​ប្រជាជន​ហុងកុង​ដែល​រត់គេច​ពី​ការចាប់ខ្លួន​ក្រោយ​ចូលរួម​បាតុកម្ម​ឆ្នាំមុន​ផងដែរ​។ បើតាម​ក្រុម​សិទ្ធិមនុស្ស ពលរដ្ឋ​ហុងកុង​ប្រមាណ​ពីរ​រយ​នាក់ បាន​ទៅដល់​តៃវ៉ាន់​ក្រោយ​ការផ្ទុះ​បាតុកម្ម​ឆ្នាំ​២០១៩ ។​
 
​ប្រធាន​ក្រុមប្រឹក្សា​កិច្ចការ​ដីគោក​របស់​កោះ​តៃវ៉ាន់ លោក  Chen Ming-tong ចាត់ទុក​ការិយាល័យ​ថ្មី​នេះ ជាការ​តាំងចិត្ត​របស់​តៃវ៉ាន់​ក្នុងការ​ផ្ដល់ជំនួយ​ឲ្យ​ហុងកុង​។ លោក​បន្ថែមថា វា​ជាការ​បោះជំហាន​មួយទៀត​សម្រាប់​រដ្ឋាភិបាល​តៃវ៉ាន់​ក្នុង​ការជួយ​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រី​តៃវ៉ាន់​រូបនេះ ក៏បាន​ផ្ញើ​សារ​ព្រមាន​ទៅកាន់​ប្រទេស​ឯទៀត​ថា ពួកគេ​ក៏​អាចជា​គោលដៅ​របស់​ប៉េកាំង​ផងដែរ មិនមែន​តែ​ហុងកុង​មួយ​ឡើយ​។ លោក Chen ទំនង​ចង់​សំដៅ​ដល់​ចំណុច​មួយ​ក្នុង​ច្បាប់​សន្តិសុខ​ជាតិ​នេះ​ដែល​បើកផ្លូវ​ដល់​ការកាត់ទោស​ពលរដ្ឋ​ហុងកុង​ទាំង​មាន​លំនៅដ្ឋាន​អចិន្ត្រៃយ៍ និង​មិន​អចិន្ត្រៃយ៍​។ 
 
​យ៉ាងណាមិញ មន្ត្រី​តៃវ៉ាន់​រូបនេះ មិន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​ទាក់ទង​ការស្នើសុំ​ជំនួយ​ដោយ​ជនភៀសខ្លួន​តៃវ៉ាន់​ឡើយ​។ លោក​ក៏​មិន​បញ្ចេញ​ព័ត៌មាន​ថា មាន​អ្នកដាក់ពាក្យ​ប៉ុន្មាន​នាក់​ដែរ​។ ប៉ុន្តែ​ប្រភពពី​អ្នកការទូត​នៅ​តៃវ៉ាន់​អះអាងថា មានតែ​សកម្មជន​ដែល​ចេញមុខ​ខ្លាំង​នៅ​ហុងកុង ឬ​អ្នក​មិនសូវមាន​ទ្រព្យធន​ប៉ុណ្ណោះ ដែល​អាចធ្វើ​ដំណើរ​ទៅកាន់​តៃវ៉ាន់ ខណៈ​អ្នក​ដែលមាន​លុយ​ខ្លះ​អាច​ជ្រើសរើស​ការ​ភៀសខ្លួន​ទៅកាន់​លោកខាងលិច​វិញ​៕
 
 

Tag:
 ​តៃវ៉ាន់​
  ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com