ជាតិ
​សម្តេច ហ៊ុន សែន អំពាវនាវ​ឲ្យ​នាំគ្នា​ការពារ​ថែរក្សា​មច្ឆា​ជាតិ កុំ​ប្រើ​គ្រឿងផ្ទុះ និង​សារធាតុបំពុល​...
01, Jul 2020 , 11:59 pm        
រូបភាព
​នាឱកាស​អបអរសាទ​រ​ទិវា​មច្ឆា​ជាតិ ១​កក្កដា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​នាំគ្នា​ការពារ​ថែរក្សា​ធនធាន​មច្ឆា​ជាតិ និង​ពូជ​ត្រី​សំខាន់ៗ​ដ៏​កម្រ​ដែល​ស្ទើរ​ផុត​ពូជ ព្រមទាំង​ជីវចម្រុះ​ជាច្រើន​ទៀត ដើម្បី​ប្រជាពលរដ្ឋ​មាន​ត្រី​ទទួលទាន​គ្រប់គ្រាន់​ជា​រៀងរាល់ឆ្នាំ​។​

 
«​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ប្រើ​គ្រឿងផ្ទុះ និង​សារធាតុបំពុល​ផ្សេងៗ រួមទាំង​សម្ភារ និង​ឧបករណ៍​ហាមឃាត់​មួយចំនួន​ដូចជា​មង​ឬ​អួន​ដែល​អាច​ងាយ​នឹង​បំផ្លាញ​ពូជ​ត្រី​អោយ​វិនាស​ហិនហោច​បាន​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​អមដោយ​បទ​ចម្រៀង «១​កក្កដា មច្ឆា​ស្នេហា​សន្តិភាព​»​។​
 
 
​សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា ទិវា​មច្ឆា​ជាតិ ថ្ងៃទី​១ កក្កដា គឺជា​ទិវា​ដ៏​សំខាន់​មួយ​ដែល​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​បំផុស​ចលនា​យល់ដឹង​ក្នុងចំណោម​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ក្នុងការ​ថែរក្សា​ពូជ​ត្រី ឱ្យមាន​ក្នុង​ដែនទឹក​ធម្មជាតិ​ផង និង​បង្កើន​ផល​ត្រី​នៅ​តំបន់​ឆ្ងាយ​ពី​ដែន​នេសាទ​ផង ជាពិសេស​នៅតាម​តំបន់​សមស្រប​នៃ​វាលទំនាប និង​នៅតាម​វាលស្រែ​ទូទាំងប្រទេស​។​
 
​ជាមួយគ្នានេះ សម្តេច​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ​ដែនដី មន្ត្រី​មាន​សមត្ថកិច្ច ចូលរួម​ថែរក្សា ពូជ​ត្រី និង​ចូលរួម​អភិរក្ស​ជីវចំរុះ​ផ្សេងៗ​ទៀត​ឲ្យ​បាន​គង់វង្ស​ដើម្បី​ធានា​និរន្តរភាព​ធនធាន​ជលផល​ឲ្យ​បាន​គ្រប់គ្រាន់ សម្រាប់​តម្រូវ​ការទទួល​ទាន​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​៕

Tag:
 មច្ឆា​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com