គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា(NPCC) សម្រេចជ្រើសរើសយកកីឡាករ ដែលគ្រោងបញ្ជូនឲ្យចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនៅហ្វីលីពីន ដាក់ឲ្យប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិសម្រាប់ឆ្នាំ២០២០។ ការសម្រេចបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ដែលមានការចូលរួមពីអត្តពលិក គ្រូបង្វឹក និងថ្នាក់ដឹកនាំ NPCC។
លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានសម្រេចមិនរៀបចំការប្រកួត ដើម្បីចម្រាញ់រកជើងខ្លាំងសម្រាប់ប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិឡើយនៅឆ្នាំនេះ។ ការសម្រេចមិនរៀបចំការប្រកួតជ្រើសរើសកីឡាករជម្រើសជាតិ ព្រោះ លោក ចង់ផ្តល់កៅអីដល់កីឡាករ ដែលខកខានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១០នៅប្រទេសហ្វីលីពីន ដែលបានលុបចោកកាលពីពេលថ្មីៗ។
ក្នុងន័យនេះក្រុមកីឡាករកីឡាការិនីតាមប្រភេទកីឡានីមួយៗ ដែលមានឈ្មោះក្នុងបញ្ជីឧទ្ទេសនាមរបស់ក្រសួងអប់រំយុវជននិងកីឡាសម្រាប់ព្រឹត្តិការណ៍ ASEAN Para Games នៅហ្វីលីពីននឹងទទួលបានកៅអីប្រមូលផ្តុំជម្រើសជាតិដោយស្វ័យប្រវត្តិនៅឆ្នាំ២០២០នេះ។ ការសម្រេចបែបនេះ ដោយសារ លោក យល់ថា កីឡាករទាំងនោះសុទ្ធសឹងមានសមត្ថភាពខ្ពស់ស្រាប់ ហើយបានហ្វឹកហាត់ជាប់លាប់រហូតមកតាំងពីមានឈ្មោះចូលរួមព្រឹត្តិការណ៍ខាងលើ។
«នៅក្នុងឆ្នាំនេះ ប៉ារ៉ាឡាំពិក មិនបានប្រកួតជ្រើសរើសកីឡាករ ដើម្បីប្រមូលផ្តុំជម្រើសជាតិនោះទេ។ កាលពីអំឡុងខែមករាយើងបានធ្វើសេចក្តីជូនដំណឹងមួយជូនដល់បងប្អូនអត្តពលិក ថាយើងនឹងយកជម្រើសជាតិឆ្នាំ២០១៩ ដែលបានជាប់ទៅហ្វីលីពីន(អាស៊ានប៉ារ៉ាហ្គេម)ឲ្យធ្វើជាជម្រើសជាតិឆ្នាំនេះ ដោយស្វ័យប្រវត្តិ»។ លោក យី វាសនា លើកឡើងដូច្នេះ ហើយបានបន្ថែមថា ចំនួននេះមិនទាន់អាចឆ្លើយតបនឹងតម្រូវការដែល PNCC ចង់បាននៅឡើយទេ។
ពាក់ព័ន្ធបញ្ហានេះ លោក យី វាសនា ជំរុញឲ្យគណៈកម្មការជំនាញស្វែងរកកីឡាករកីឡាការិនីជម្រើសជាតិបន្ថែម តាមរយៈការធ្វើតេស្តកីឡាករជម្រើសជាតិឆ្នាំ២០១៩ ដែលគ្មានឈ្មោះទៅចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅហ្វីលីពីននិងកីឡាករដែលជាប់ជម្រើសជាតិនៅឆ្នាំ២០១៨។ នៅឆ្នាំនេះមិនខុសពីឆ្នាំមុននោះទេ PNCC នឹងប្រមូលផ្តុំក្រុមជម្រើសជាតិលើ១០ប្រភេទកីឡា ដែលមានកីឡាករកីឡាការិនីសរុបចន្លោះពី១២៥នាក់ទៅ១៣០នាក់។
ជាមួយគ្នានេះ លោក ក៏បានបង្ហាញពីគម្រោងបង្កើតសហព័ន្ធកីឡាជាតិបន្ថែមមួយចំនួនទៀតផងដែរ ដើម្បីឆ្លើយតបនឹងចំនួន ដែលប្រទេសក្នុងតំបន់អាស៊ានបានដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍ ASEAN Para Games កន្លងមក។ ជាក់ស្តែងក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅម៉ាឡេស៊ីឆ្នាំ២០១៧ និងនៅហ្វីលីពីនដែលបានលុបចោល ពួកគេបាន និងគ្រោងដាក់ប្រភេទកីឡាចន្លោះពី១៥ទៅ១៦ប្រភេទ។
បើតាមលោក យី វាសនា យ៉ាងហោចកម្ពុជាត្រូវបង្កើតកីឡាចំនួន៨ប្រភេទបន្ថែនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ប៉ុន្តែគម្រោងនេះ អាចដំណើរការទៅបាន វាអាស្រ័យមានការជួយជ្រោមជ្រែងពីក្រសួងអប់រំយុវជននិងកីឡា និងស្ថាប័នពាក់ព័ន្ធផ្សេងៗ។ អ្វីដែលពិសេស គឺធនធានកីឡាករ សម្ភារ និងហេដ្ឋារចនាសម្ព័ន្ធ។
ការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩បានជះឥទ្ធិពលមិនល្អតិចតួចផងដែរ ដល់ការអភិវឌ្ឍវិស័យកីឡាជនពិការកម្ពុជាក្នុងដំណើរឆ្ពោះទៅត្រៀមធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅប្រទេសវៀតណាមនាឆ្នាំ២០២១។ តែយ៉ាងណា លោក យី វាសនា រំពឹងថា កម្ពុជានឹងទទួលបានលទ្ធផលល្អពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣។
ម្ចាស់ផ្ទះហ្វីលីពីនបានសម្រេចលុបចោលការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១០ដោយសារបារម្ភពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោយលើកពេលប្រកួតជាបន្តបន្ទាប់៕