អន្តរជាតិ
ប្រទេស​ឡាវ​នៅតែ​ធ្វើ​ទំនប់​វា​រី​អគ្គិសនី​ទី​បី​លើ​ទន្លេមេគង្គ​ថ្វីបើ​ប្រទេសជិតខាង​បង្ហាញ​កង្វល់​អំពី​ការប៉ះពាល់​
02, Jul 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ ទង់​ពណ៌លឿង​ដែល​ដោត​នៅ​​មាត់​​ទន្លេ​មេគង្គ​ក្នុង​រូបនេះ សម្គាល់​កន្លែង​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​សាងសង់​ទំនប់​វារីអគ្គិសនី​ហ្លួងប្រាបាង្គ​ក្បែរ​ភូមិ Houaygno នៃ​ប្រទេស​ឡាវ នៅ​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៩។ (Zsombor Peter/VOA)
រូបឯកសារ៖ ទង់​ពណ៌លឿង​ដែល​ដោត​នៅ​​មាត់​​ទន្លេ​មេគង្គ​ក្នុង​រូបនេះ សម្គាល់​កន្លែង​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​សាងសង់​ទំនប់​វារីអគ្គិសនី​ហ្លួងប្រាបាង្គ​ក្បែរ​ភូមិ Houaygno នៃ​ប្រទេស​ឡាវ នៅ​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៩។ (Zsombor Peter/VOA)
ដោយ: VOA
​បាងកក ៖ គណៈកម្មការ​ទន្លេមេគង្គ (MRC) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ឡាវ​កំពុង​ជំរុញ​គម្រោង​វា​រី​អគ្គិសនី​នៅលើ​តួ​ទន្លេមេគង្គ ទោះបីជា​ប្រទេស​ជិត​បង្ហាញ​ក្តីបារម្ភ​អំពី​លទ្ធភាព​ដែល​ទំនប់​វា​រី​អគ្គិសនី​នេះ​ធ្វើឱ្យប៉ះពាល់​ដល់​ជលផល និង​កសិកម្ម​នៅ​ខ្សែទឹក​ខាងក្រោម​ក៏ដោយ​។​

 
​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ហ្លួង​ប្រា​បា​ង្គ ដែលមាន​កម្លាំង ១៤០០​មេ​ហ្គា​វ៉ា​ត់​នេះ នឹង​ក្លាយជា​ទំនប់​វា​រី​អគ្គិសនី​បំផុត​ទី​៣ របស់​ប្រទេស​ឡាវ​លើ​តួ​ទន្លេមេគង្គ ដែល​គ្រោង​ចាប់ផ្តើម​នៅ​ឆ្នាំនេះ​។​
 
​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ថៃ​និង​វៀតណាម​បាន​លើក​អំពី​កង្វល់​របស់​ពួកគេ​ប្រាប់​ប្រទេស​ឡាវ ហើយ​ជំរុញ​ឱ្យ​ទុកពេល​បន្ថែមទៀត ដើម្បី​វាយតម្លៃ​ផលប៉ះពាល់ បន្ទាប់ពី​គណៈកម្មការ​នេះ​បានបញ្ចប់​ដំណើរការ​ពិគ្រោះ​យោបល់​ជា​ផ្លូវការ​រយៈពេល ៦ ខែ សម្រាប់​គម្រោង​នេះ​កាលពី​ថ្ងៃ​អង្គារ​។​
 
​គណៈកម្មាធិការ​នេះ​បាន​និយាយ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​ខណៈ​ប្រទេស​ទាំងបី​ទទួលស្គាល់​អធិបតេយ្យភាព និង​សិទ្ធិ​របស់​ប្រទេស​ឡាវ​នោះ​…​ប្រទេស​ទាំងនេះ​ស្នើឱ្យ​ប្រទេស​ឡាវ​ពិចារណា​អនុសាសន៍​របស់​ពួកគេ​»​។​
 
​ទោះយ៉ាងណា តាម​សន្ធិសញ្ញា​មេគង្គ​ឆ្នាំ ១៩៩៥ ប្រទេសជិតខាង​ទាំង​៣ មិនមាន​សិទ្ធិ​វេតូ​គម្រោង​ណាមួយ​នៅក្នុង​ប្រទេស​ឡាវ​ទេ​។ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រាប់​គណៈកម្មការ​ទន្លេមេគង្គ ក្នុងអំឡុង​ដំណើរការ​ពិគ្រោះ​យោបល់​នេះ​ថា​៖
 
«​គួរ​មានការ​សិក្សា​វាយតម្លៃ​បន្ថែមទៀត អំពី​ផលប៉ះពាល់​ឆ្លង​ព្រំដែន​»​។ រីឯ​ប្រទេស​វៀតណាម​បានស្នើ​ឲ្យ​ប្រទេស​ឡាវ «​ទុកពេល​វេលា​និង​ធនធាន​បន្ថែមទៀត ដើម្បី​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ឆ្លង​ព្រំដែន​»​។​
 
​ការសិក្សា​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​បានបង្ហាញ​ថា ទំនប់​លើ​តួ​មេ​ទន្លេមេគង្គ​អាចធ្វើឱ្យ​ខូចខាត​ដល់​ដីស្រែ នៅ​ខ្សែទឹក​ខាងក្រោម ដោយ​រារាំង​លំហូរ​ដីល្បាប់​ចូលក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ និង​រារាំង​ចលនា​របស់​ត្រី​។ រដ្ឋាភិបាល​ឡាវ​មិនបាន​ឆ្លើយតប​នឹង​សំណើសុំ​ការអត្ថាធិប្បាយ​ទេ​។​
 
​ការអភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​គឺជា​កត្តា​សំខាន់​មួយ​របស់​ប្រទេស​ឡាវ ក្នុង​ការលក់​ថាមពល​អគ្គិសនី​ប្រមាណ ២​ម៉ឺន​មេ​ហ្គា​វ៉ា​ត់ ទៅ​ប្រទេសជិតខាង នៅ​ឆ្នាំ​២០៣០​។​
 
​កាលពី​ឆ្នាំមុន ប្រទេស​ឡាវ​បានធ្វើ​ទំនប់​វា​រី​អគ្គិសនី​ពីរ គឺ​ទំនប់​សា​យា​បូរី កម្លាំង ១២៨៥​មេ​ហ្កា​វ៉ា​ត់ និង​ទំនប់​ដន​សា​ហុង កម្លាំង ២៦០​មេ​ហ្កា​វ៉ា​ត់ ទោះជា​ក្រុម​បរិស្ថាន​ជំទាស់​ក៏ដោយ​។​
 
​នៅពេល​ទំនប់​ថ្មី​ពីរ​នេះ​លេច​រូបរាង​តាម​អ៊ី​ន​ធើ​ណិ​ត ទឹកទន្លេ​មេគង្គ​បាន​ស្រក​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្សរ៍ ដែលនាំឱ្យ​មាន​សំណួរ​ពី​ក្រុម​បរិស្ថាន​។ ទំនប់​វា​រី​អគ្គិសនី​ហ្លួង​ប្រា​បា​ង្គ​គឺជា​គម្រោង​អភិវឌ្ឍន៍​រួម​របស់​រដ្ឋាភិបាល​ឡាវ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន​វៀតណាម​ឈ្មោះ Petro Vietnam Power Cooperation និង​ក្រុមហ៊ុន​សំណង់​ដ៏​ធំ​របស់​ថៃ​ឈ្មោះ Ch Karnchang PCL​។ 
 
​លោក Pianporn Deetes សកម្មជន​ថៃ​នៃ​អង្គការ​ទន្លេ​អន្តរជាតិ (International Rivers) បាន​និយាយថា លទ្ធផល​នៃ​ការពិគ្រោះ​យោបល់​តែងតែ​បង្ហាញ​យ៉ាងច្បាស់​។​
 
​លោក​និយាយថា​៖ «​ដំណើរការ​នេះ​មិនដែល​នាំឱ្យមាន​ការជជែក​វែកញែក​ប្រកបដោយ​អត្ថន័យ​អំពី​ផលប៉ះពាល់ ឬ​អំពី​បញ្ហា​ដែល​អាច​កើតចេញពី​គម្រោង​វា​រី​អគ្គិសនី​ទាំងនេះ​ទេ​។ ដូច្នេះ​សំណួរ​ដែល​ប្រជាជន អង្គការក្រៅរដ្ឋាភិបាល និង​រដ្ឋាភិបាល​នានា​លើកឡើង​មិនដែល​ទទួលបាន​ការឆ្លើយ​តប​ត្រឹមត្រូវ​ទេ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com