ពីនេះ ពីនោះ
សុខភាព
ចូលចិត្ត​ញ៊ាំ “​ម្ទេស​ខៀវ​” ឬ​អត់​? ល្អ​ចំពោះ​សុខភាព អាច​ទប់ស្កាត់​ជំងឺ​សាហាវ​
02, Jul 2020 , 6:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ធ្លាប់​ស្គាល់​ម្ទេស​ខៀវ ប៉ុន្តែ​ប្រហែលជា​មិន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ម្ទេស​នេះ​ចំពោះ​សុខភាព​រាងកាយ និង​សម្រស់​ឡើយ​! ម្ទេស​ខៀវ​អាច​ត្រូវ​យកមក​ចម្អិន​បន្ថែម​ក្នុង​អាហារ​ផ្សេងៗ រួមទាំង​ទឹកជ្រលក់​ផងដែរ​។ បើទោះជា​មិនចេះ ឬ​ចូលចិត្ត​ម្ទេស​ក៏ដោយ ក្រោយពី​អាន​អត្ថបទ​នេះ​រួច​អ្នក​ប្រាកដជា​អាច​នឹង​ផ្លាស់​ចិត្ត​រៀន​ទទួលទាន​តិចៗ​ដែរ​មិន​ខាន​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ម្ទេស​ខៀវ​ក្នុង​កម្រិត​សមល្មម ៖

 
១. ទប់ស្កាត់​ជំងឺមហារីក​
 
​ម្ទេស​ខៀវ មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាច្រើន​ប្រភេទ រួមទាំង​សារធាតុ capsaicin ដែល​អាចជួយ​ការពារ​រាងកាយ​ប្រយុទ្ធ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី​ទប់ស្កាត់​ជំងឺមហារីក​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាំងនោះ​ក៏​ជួយ​ពន្យឺត​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​ផងដែរ​។​
 
២. លើកកម្ពស់​អារម្មណ៍ល្អ​ប្រសើរ​
 
​អាហារ​ហឹរ​ដូចជា​ម្ទេស​ខៀវ​អាចជួយ​ឱ្យ​អារម្មណ៍​ល្អប្រសើរ​បាន​ដោយ​វា​បញ្ចេញ​អ័រម៉ូន endorphins ទៅក្នុង​ខួរក្បាល​។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​អារម្មណ៍ល្អ​ក្រោយ​ទទួលទាន​អាហារ​ហឹរ​នោះ​វា​មិនមែនជា​រឿង​ចៃដន្យ​ឡើយ​។​
 
៣. បង្កើន​ការរំលាយ​អាហារ​
 
​ម្ទេស​ខៀវ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ dietary fiber ជួយ​រក្សា​ចលនា​ប្រក្រតី​នៃ​ពោះវៀន រួមទាំង​ជួយ​ក្នុងការ​សម្អាត​ពោះវៀនធំ​ផងដែរ​។ ជាតិ​ស​សៃ​មាន​ប្រសិទ្ធិភាព​ខ្ពស់បំផុត​ក្នុងការ​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​។​
 
៤. សុខភាព​ភ្នែក​
 
​ម្ទេស​ខៀវ ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A ជួយ​បង្កើន​សុខភាព​ភ្នែក​មើលឃើញ​បាន​កាន់តែច្បាស់ និង​ជៀស​ផុតពី​ជំងឺ​ភ្នែក​ផ្សេងៗ​ផងដែរ​។​
 
៥. ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​
 
​ជាតិ​ដែក​ជា​សារធាតុចិញ្ចឹម​ចាំបាច់​ជួយ​បង្កើន​កម្រិត​នៃ​អេ​ម៉ូ​ក្លូ​ប៊ី​ន​ដែល​ដឹកនាំ​អុកស៊ីសែន​ទៅ​ផ្គត់ផ្គង់​រាល់​គ្រប់​កោសិកា​រាងកាយ និង​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ផងដែរ​។​
 
៦. ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​ចាំបាច់​
 
​ម្ទេស​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ​ចាំបាច់​ជួយ​រក្សាសុខ​ភា​ពរាងកា​យ​គ្រប់គ្រង​សម្ពាធ​ឈាម និង​ចង្វាក់បេះដូង ដូចជា ម៉ាញ៉េ​ស្យូ​ម​, ប៉ូ​តា​ស្យូ​ម​, ជាតិ​ដែក និង​ម៉​ង់​កា​ណែ​ស​។​
 
៧. សុខភាព​ស្បែក​
 
​ម្ទេស​ខៀវ មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន E  ជួយ​ក្នុង​ការផលិត​ជាតិ​ប្រេង ឬ​ខ្លាញ់​ធម្មជាតិ​នៃ​ស្បែក​។ ការទទួល​ទាន​អាហារ​មាន​រសជាតិ​ហឹរ​អាច​ផ្ដល់ឱ្យ​អ្នក​នូវ​ស្បែក​មាន​សុខ​ភាពល្អ​បាន​។​
 
៨. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​ម្ទេស​ខៀវ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែលមាន​ប្រសិទ្ធិភាព​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​។​
 
៩. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​ការទទួល​ទាន​ម្ទេស​ខៀវ​ជួយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ដែល​លើស​ក្នុង​រាងកាយ​ប្រកបដោយ​ប្រសិទ្ធិភាព​។ វា​ជួយ​ក្នុងការ​សម្រក​ទម្ងន់ ដោយ​បង្កើន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​។​
 
១០. បន្ថយ​សីតុណ្ហភាព​រាងកាយ​
 
​សារធាតុ Capsaicin ដែលមាន​ផ្ទុក​ក្នុង​ម្ទេស​ខៀវ​អាចជួយ​បន្ថយ​សីតុណ្ហភាព​រាងកាយ​បាន​យ៉ាង​ប្រសើរ​គួរឱ្យកត់សម្គាល់​។​
 
១១. ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​
 
​នេះ​ក៏​ព្រោះតែ​ម្ទេស​ខៀវ​មាន​ផ្ទុក​សារធាតុ capsaicin ដែល​ប្រយុទ្ធប្រឆាំង​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ​ជួយ​ទប់ស្កាត់​បញ្ហា​ឈឺសន្លាក់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com