ពីនេះ ពីនោះ
សុខភាព
គួរ​អាន​! ដំបៅ​ក្រពះ​មិន​ខាន បើ​អាកា​រៈទាំង​នេះ​លេចឡើង​
02, Jul 2020 , 8:59 pm        
រូបភាព
​ក្រៅពី​បង្កឡើង​ដោយ​អាស៊ីត​ក្រពះ​រំលាយ​អាហារ​ច្រើនពេក​ហើយ​នោះ បញ្ហា​ដំបៅ​ក៏​អាច​កើតមាន​ព្រោះ​បាក់តេរី ការទទួល​ទាន​ថ្នាំ និង​កា​រទ​តួ​ល​ទាន​គ្រឿង​ស្រវឹង​ហួស​កម្រិត​ផងដែរ​។ ថា​តើ​នៅពេល​មាន​បញ្ហា​ដំបៅ​ក្រពះ​យើង​អាច​ដឹងបាន​ដូចម្ដេច​? កុំ​បារម្ភ​! ថ្ងៃនេះ​វ​បេ​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អា​ការៈដែល​លេចឡើង​ប្រសិនបើ​អ្នកមាន​បញ្ហា​ដំបៅ​ក្រពះ ៖

 
១. ឈឺចាប់​ក្នុង​ពោះ​
 
​នេះ​ក៏​ព្រោះតែ​ដំបៅ គឺមាន​វត្ត​មាននៅ​ស្រទាប់​នៃ​ក្រពះ​។ ដូច្នេះ​អ្នក​ប្រាកដជា​ជួបប្រទះ​អា​ការៈឈឺចាប់ ឬ​អាច​ក្រហាយៗ​ក្នុង​ពោះ​ចន្លោះ​ទ្រូង​និង​ផ្ចិត​។ ជា​ញឹកញាប់​អា​ការៈឈឺចាប់​កើតឡើង​នៅពេល​អ្នក​ឃ្លាន ឬ​ក្រោយពេល​ទទួលទាន​អាហារ​រួច​។​
 
២. បាត់បង់​ចំណង់​អាហារ​
 
​មួយ​ក្នុងចំណោម​រោគសញ្ញា ឬ​អាកា​រៈ​ទូទៅ​បំផុត​នៃ​បញ្ហា​ដំបៅ​ក្រពះ គឺ​បាត់បង់​ចំណង់​អាហារ​។ ការ​រំលង​មិន​ទទួលទាន​អាហារ គឺ​មិនល្អ​សោះឡើយ​ក៏​ព្រោះ​វា​អាច​បណ្ដាលឱ្យ​ដំបៅ​កាន់​តែមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ឡើង​។ នេះហើយ​ក៏​ជា​មូល​ហេតុដែល​បណ្ដាលឱ្យ​អ្នកមាន​ជំងឺ​ដំបៅ​ក្រពះ​ស្រក​ទម្ងន់​ខ្លាំង​។​
 
៣. ឃ្លាន​ញឹកញាប់​ហួស​
 
​នេះ​ក៏​ជា​អាកា​រៈ​គួរឱ្យកត់សម្គាល់​ផងដែរ ក៏​ព្រោះ​អ្នកជំងឺ​ដំបៅ​ក្រពះ​មួយចំនួន​ហាក់ដូច​ជាមាន​អារម្មណ៍​ឃ្លាន​សឹង​គ្រប់ពេល​។ ទោះជា​យ៉ាងណា​អារម្មណ៍​ឃ្លាន​ដែលជា​អាកា​រៈ​នៃ​បញ្ហា​ដំបៅ​ក្រពះ គឺ​មិនធម្មតា ឬ​ឃ្លាន​ខ្លាំង​ឡើយ​ដោយ​ហាក់ដូច​ជាមាន​អារម្មណ៍​ថា​ឈឺចាប់​ច្រើនជាង​។​
 
៤. ចង្អោរ​ចង់​ក្អួត ឬ​ក្អួត​តែម្ដង​
 
​អាកា​រៈ​នេះ​ច្រើន​កើតឡើង​ជាពិសេស​នៅពេល​ព្រឹក​។ អ្នកមាន​បញ្ហា​ដំបៅ​ក្រពះ​មួយចំនួន​មិន​ត្រឹម​តែមាន​អារម្មណ៍​ចង្អោរ​ចង់​ក្អួត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ក្អួត​តែម្ដង​។ ពេលខ្លះ​ក៏​អាចមាន​ឈាម​ជាប់​មកជា​មួយ​ផងដែរ​នៅពេល​ក្អួត​ដោយសារ​ដំបៅ​ក្នុង​ស្រទាប់​ក្រពះ​។​
 
៥. ពិបាក​រំលាយ​អាហារ​
 
​កើត​ឡើងជា​ញឹកញាប់​ក្រោយពេល​ទទួលទាន​អាហារ​ហើយ​ភ្លាម​។ អ្នកមាន​បញ្ហា​ដំបៅ​ក្រពះ​ភាគច្រើន​ក៏​ជួបប្រទះ​អាកា​រៈ​ភើ​ញឹក​ផងដែរ​។​
 
៦. ហើមពោះ​
 
​អាកា​រៈ​ហើមពោះ​ក៏​កើតឡើង​ជាទូទៅ​នៅពេល​មាន​ដំបៅ​ក្រពះ​ផងដែរ​។ ហើយ​នេះ​អាចជា​រោគសញ្ញា ឬ​អាកា​រៈ​ដំបូង​បំផុត​នៃ​បញ្ហា​ដំបៅ​ក្រពះ​។​
 
៧. លាមក​មាន​ពណ៌​ដិត​ខ្លាំង​
 
​អ្នក​ក៏​អាច​នឹង​សម្គាល់​ឃើញ​លាមក​ហាក់ដូច​ជាមាន​ពណ៌​ដិត​ខ្លាំង​ខុស​ប្រក្រតី ឬ​ពេលខ្លះ​មាន​ឈាម​ជាប់​មកជា​មួយ​។ វា​អាចមាន​ពណ៌​ខ្មៅ ឬ​ដិត​ព្រោះ​មានការ​ហូរឈាម​នៅ​ផ្នែក​ខាងលើ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​។​
 
៨. អស់កម្លាំង​និង​មាន​អារម្មណ៍​មិន​រស់​រវើក​
 
​ដំបៅ​ក្រពះ​ក៏​អាច​បណ្ដាលឱ្យ​អ្នកមាន​អារម្មណ៍​ស្ទក់ៗ​មិន​រស់​រវើក​និង​អស់កម្លាំង​បាន​ផងដែរ​។ វា​ហាក់ដូចជា​អ្នក​កំពុង​ផ្ដាសាយ ប៉ុន្តែ​សីតុណ្ហភាព​រាងកាយ គឺ​ធម្មតា​មិន​ឡើង​ខ្ពស់​។​
 
​សម្គាល់​៖ ប្រសិនបើ​សង្ស័យថា​ខ្លួន​កំពុងមាន​បញ្ហា​ដំបៅ​ក្រពះ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ ឬ​ពិនិត្យ​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​បន្តធ្វើ​ការវិនិច្ឆ័យ​បន្ថែម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com