ជាតិ
សុខភាព
អត្រា​មរណៈ​ពលរដ្ឋ​ខ្មែរ​ដោយសារ​ជំងឺមិនឆ្លង មាន​ជាង​៦០​ភាគរយ​
02, Jul 2020 , 11:05 am        
រូបភាព
​ភ្នំពេញ​៖  អត្រា​មរណៈភាព​របស់​ប្រជាជន​កម្ពុជា ដោយសារតែ​ប្រភេទ​ជំងឺមិនឆ្លង​មាន​រហូត​ទៅដល់​៦៤​ភាគរយ​(​ប្រហែល​៦​ម៉ឺន​នាក់​)​នៃ​អត្រា​មរណៈ​សរុប​ក្នុង​មួយឆ្នាំ​។ នេះ​បើ​យោងតាម​របាយការណ៍​សិក្សា​របស់​អ្នកជំនាញ​ឯករាជ្យ ដែល​បានបង្ហាញ ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី​សេចក្តីព្រាង​របាយការណ៍ «​ការវិភាគ​ទិដ្ឋភាព​គោលនយោបាយ​ស្តីពី​ជំងឺ​អត់​ឆ្លង​នៅក្នុង​ប្រទេស​កម្ពុជា​» នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នៅ​ថ្ងៃទី​១​កក្កដា ឆ្នាំ​២០២០​។   

 
​តាម​ការសិក្សា​ដដែល​បាន​បង្ហាញថា ក​ត្កា​ដែល​បង្ក​ហានិភ័យ​ឈានដល់​ការកើត​ជំងឺមិនឆ្លង​ដែលមាន​អត្រា​មរណៈ​រហូត​ជាង​៦០​ភាគរយ​នេះ គឺ មកពី​ការទទួល​អាហារ​មិនល្អ​ដល់​សុខភាព​, ការ​ពិសា​បារី​, ស្រា និង​ផលិតផល​មាន​ផ្អែម​ច្រើន​ហួស​កម្រិត​។ អត្រា​មរណៈ​នេះ​ភាគច្រើន​កើត​ទៅលើ​ពលរដ្ឋ​ដែល​ជីវភាព​ក្រីក្រ ពិសេស​ចំពោះ​ស្ត្រី​ដែលជា​ជនរងគ្រោះ ដែល​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពិនិត្យមើល​ទៅលើ​គោលនយោបាយ និង​ការដោះស្រាយ​របស់​រដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​បញ្ហា​នេះ​។​
 
​ក្រៅពីនេះ​ក៏មាន​កត្តា​កំណត់​មួយចំនួនទៀត ដូចជា​ភាពក្រីក្រ ស្ថានភាព​រស់នៅ​មិនល្អ​ជាដើម​នោះ អាចធ្វើ​ឱ្យមាន​ជំងឺ​ធាត់ ឬ​លើស​គីឡូ មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ស​ម្ពា​ស​ឈាម​ខ្ពស់ ដែល​បណ្តាលឱ្យ​វិ​វត្ត​ទៅជា​មាន​ជំងឺ​ទឹកនោមផ្អែម​, ជំងឺ​បេះដូង​, ជំងឺមហារីក​, លើសឈាម និង​ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ​។ 
 
​ចំពោះ​ពលរដ្ឋ​ដែល​កើត​ជំងឺ​អត់​ឆ្លង​ខាង​នេះ គឺ​ត្រូវ​ការចំណាយ​ថវិកា​ច្រើនណាស់​សម្រាប់​ព្យាបាល ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​។  នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី សុខ ច័ន្ទ​ឆវី ប្រធាន​កម្មវិធី​អង្គការ​Oxfam ដោយ​បញ្ជាក់ថា ពលរដ្ឋ​ដែល​កើត​ជំងឺមិនឆ្លង​ទាំងនេះ គឺ​បានដាក់​បន្ទុក​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សេដ្ឋកិច្ចជាតិ តាមរយៈ​ក្នុងការ​ព្យាបាល និង​ថែទាំ​ជំងឺ និង​ការ​ថមថយ​ចុះ​នូវ​ផលិតភាព​ការងារ​។  
​សម្រាប់ លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា​(NGO Forum) មានប្រសាសន៍ថា បើ​បុគ្គល​ម្នាក់ៗ​អត់​មានការ​ប្រុងប្រយ័ត្ន អត់​ចូលរួម​ថែរក្សា​សុខភាព​ពីមុន​ទេ នោះ​វា​ធ្វើឱ្យ​ធ្លាក់ខ្លួន​ឈឺ​ភ្លាមៗ ឬ​ស្លាប់​តែម្តង​។ 


 លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា(NGO Forum) ។

​ជាក់ស្តែង មួយរយៈ​ពេល​ចុង​ក្រោយនេះ មាន​ពលរដ្ឋ​ជាច្រើន​ស្លាប់​ភ្លាមៗ ដោយសារ​ជំងឺ​គាំងបេះដូង ហើយ​អ្នក​ខ្លះទៀត​បាន​ស្លាប់​មួយ​ចំហៀង​ខ្លួន ឬ​អ្នក​ពិការ​ដៃ​-​ជើង  និយាយ​មិន​រួច ដោយសារ​ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម និង​ប្រភេទ​ជំងឺមិនឆ្លង​ផ្សេងៗ​ជាដើម​។ នេះ​បើតាម​លោក តឹក វណ្ណា​រ៉ា​។​
 
​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ NGO Forum រូបនេះ​បាន​បន្តថា នៅពេលដែល​ពលរដ្ឋ​ធ្លាក់ខ្លួន​មាន​ជំងឺមិនឆ្លង​ទាំងនេះ មិន​ថា​ជំងឺលើសឈាម​ក្តី ជំងឺ​ទឹកនោមផ្អែម​ក្តី​ទេ នោះ​វា​នឹង​ក្លាយជា​បន្ទុក​យ៉ាងធ្ងន់ធ្ងរ​របស់​សមាជិក​ក្រុមគ្រួសារ ដោយ​ត្រូវ​ចំណាយពេល​មើលថែទាំ​។ 
 
​ការចំណាយ​ថែទាំ​អ្នក​កើត​ជំងឺ​ទាំងនោះ នឹង​បានធ្វើឱ្យ​ប៉ះពាល់​ឱកាស​ការងារ និង​សកម្មភាព​ធ្វើ​អាជីវកម្ម​នានា នាំឱ្យ​សេដ្ឋកិច្ច​គ្រួសារ​ជួប​បញ្ហា​។  ដូច្នេះ​ការចូលរួម​របស់​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុងការ​រួមគ្នា​កាត់បន្ថយ​ជំងឺមិនឆ្លង​នេះ គឺជា​រឿង​សំខាន់​ណាស់​ក្នុងការ​ពិភាក្សា​ពិគ្រោះ​យោបល់​ចែករំលែក និង​ផ្តល់ព័ត៌មាន​ដល់​ភាគី​ពាក់ព័ន្ធ អំពី​ការពិនិត្យ និង​វិភាគ​គោលនយោបាយ​ស្តីពី​ជំងឺមិនឆ្លង និង​ទិដ្ឋភាព​ច្បាប់​ទាក់ទង​នឹង​អនុសាសន៍​លើ​ករណី​វិនិយោគ​ជំងឺ មិន​ឆ្លង​។ នេះ​ជាការ​មើលឃើញ​ដូចគ្នា​រវាង​លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ NGO Forum និង​អ្នកស្រី សុខ ច័ន្ទ​ឆវី ប្រធាន​កម្មវិធី​អង្គការ​Oxfam​ប្រចាំ​កម្ពុជា​។​
 
​ជាមួយគ្នានេះ អ្នកស្រី ឡោក ខេង ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ​បណ្តុះបណ្តាល វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា មានប្រសាសន៍ថា  រដ្ឋសភា​នឹង​ជំ​រុញឱ្យ​អាជ្ញាធរ និង​មន្ទី​ពេទ្យ​គ្រប់​លំដាប់ថ្នាក់ និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ថែរក្សា​សុខភាព​។ 
 
​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើ សេចក្តីព្រាង​របាយការណ៍​ការវិភាគ​ទិដ្ឋភាព​គោលនយោបាយ​ស្តីពី​ជំងឺមិនឆ្លង ខាងលើ អ្នកស្រី ឡោក ខេង សន្យាថា នឹង​ជួយ​ជំរុញឱ្យមាន​ការអនុវត្ត​នូវ​គោលនយោបាយ​ស្តីពី​ជំងឺមិនឆ្លង ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​ឱ្យមាន​ប្រសិទ្ធិភាព ដើម្បី​ចូលរួម​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាជន និង​គេច​ផុតពី​ជំងឺមិនឆ្លង​។​
 
​យោងតាម​ការសិក្សា​រប​ស់​អង្គការ​សុខភាព​ពិភពលោក​(WHO) ជំងឺមិនឆ្លង​ទាំង​៤​ប្រភេទ​ខាងលើ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា ចំណាយ​ទឹកប្រាក់​ប្រមាណ​៨៤​លាន​ដុល្លា​ទៅលើ​ការថែទាំ​សុខភាព និង​សុខុមាលភាព​។ ចំណាយ​នេះ​គ្រាន់តែ​ជា​ចំនួន​ដ៏​តូច​មួយ បើ​ធៀប​ទៅនឹង​ការបាត់បង់​ដែល​មើលមិនឃើញ ដែល​គេ​ប៉ាន់ប្រមាណ​ថា​ប្រហែល​ស្មើនឹង ១,៥ ពាន់​លាន ដុល្លា​ក្នុង​មួយឆ្នាំ ឬ​ស្មើនឹង ៦,៦​ភាគរយ នៃ​ផលទុនជាតិ​សរុប​(GDP)​ដែល​ទាំងនេះ​បណ្តាលមកពី​អវត្តមាន និង​ការថយចុះ​សមត្ថភាព​ការងារ និង​មរណៈភាព​មុន​អាយុកាល​ក្នុងចំណោម​ប្រជាជន​ស្ថិតនៅក្នុង​វ័យ​បំពេញការងារ​ដោយ​ផលិតភាព​ខ្ពស់​៕
 
 

Tag:
 ជំងឺ​
© រក្សាសិទ្ធិដោយ thmeythmey.com