​​​ន​យោ​បាយ​ជាតិ​
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កម្ពុជា ថៃ និង វៀតណាម បន្តស្នើឲ្យឡាវវាយតម្លៃផលប៉ះពាល់លើគម្រោងវារីអគ្គិសនីហ្លួងព្រះបាង
02, Jul 2020 , 1:06 pm        
រូបភាព
ទិដ្ឋភាពទន្លេមេគង្គក្នុងប្រទេសឡាវ។ រូបភាពពីគណៈកម្មការទន្លេមេគង្គ
ទិដ្ឋភាពទន្លេមេគង្គក្នុងប្រទេសឡាវ។ រូបភាពពីគណៈកម្មការទន្លេមេគង្គ
គម្រោងវារីអគ្គិសនីហ្លួងព្រះបាង កំពុងស្ថិតលើដំណើរឆ្ពោះទៅកាន់ការលេចជារូបរាងក្នុងឆ្នាំ២០២០ បើទោះជាប្រទេសជាប់ដងទន្លេមេគង្គបីមានថៃ កម្ពុជា និងវៀតណាម ស្នើឲ្យឡាវសិក្សាឲ្យកាន់តែស៊ីជម្រៅថែមទៀតពីផលប៉ះពាល់ឆ្លងព្រំដែន និងដាក់ចេញវិធានការទប់ស្កាត់ផលប៉ះពាល់។ គណៈកម្មការទន្លេមេគង្គ (MRC) ក៏បានស្នើឲ្យរដ្ឋាភិបាលទីក្រុងវៀងចន្ទន៍គិតគូរសំណើប្រទេសទាំងបីឲ្យបានល្អិតល្អន់។



វារីអគ្គិសនីហ្លួងព្រះបាង ជាទំនប់ទីបីនៅតាមដងទន្លេមេគង្គ តែជាទំនប់ធំជាងគេដែលអាចផលិតថាមពលអគ្គិសនីដល់ទៅ១៤០០មេហ្កាវ៉ាត់។ ឡាវគ្រោងចាប់ផ្ដើមការដ្ឋានសាងសង់ទំនប់នេះនៅឆ្នាំ២០២០នេះ បន្ទាប់ពីការផ្ដល់យោបល់រួចរាល់នៅក្នុងគណៈកម្មការទន្លេមេគង្គ។

ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១ ខែកក្កដា MRC និយាយថា នីតិវិធីប្រឹក្សាយោបល់ដែលមានរយៈពេល៦ខែលើគម្រោងវារីអគ្គិសនីរបស់ឡាវមួយនេះ បានបញ្ចប់នៅដំណាច់ខែមិថុនា។ អំឡុងនេះ កម្ពុជា ថៃ និងវៀតណាម បានបញ្ចេញយោបល់រៀងៗខ្លួនជុំវិញគម្រោងសាងសង់ទំនប់កាត់អាងទន្លេមេគង្គក្នុងទឹកដីឡាវ។ បើតាម MRC ស្របគ្នានឹងបង្ហាញក្ដីបារម្ភ ប្រទេសទាំងបីនេះសុទ្ធតែស្នើឲ្យឡាវពិចារណាឲ្យម៉ត់ចត់ពីផលប៉ះពាល់របស់គម្រោងនៅហ្លួងព្រះបាង។

«ការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងព្រំដែន គួរតែធ្វើឡើង ដោយពិចារណាលើផែនការ និងវិធានការទប់ស្កាត់ដែលត្រឹមត្រូវ និងមានប្រសិទ្ធភាព។» នេះជាជំហររបស់កម្ពុជាអំឡុងពេលនីតិវិធីផ្ដល់ប្រឹក្សារបស់ MRC ។ ចំណែកឯវៀតណាមវិញបានស្នើថា ផលប៉ះពាល់ជាបន្តបន្ទាប់នៃគម្រោងវារីអគ្គីសនីហ្លួងព្រះបាង និងគម្រោងវារីអគ្គិសនីនៅតាមទន្លេមេគង្គទាំងអស់ គួរតែត្រូវបានវាយតម្លៃយ៉ាងទូលំទូលាយ ខណៈថៃស្នើឲ្យឡាវ និងម្ចាស់គម្រោងបង្កើតកញ្ចប់មូលនិធិពិសេស ដែលទំនងជាដើម្បីទុកដោះស្រាយបញ្ហាប៉ះពាល់។

ក្នុងសេចក្ដីប្រកាសដដែល MRC ក៏បានប្រកាសជំហររបស់ខ្លួនដោយស្នើឲ្យរដ្ឋាភិបាលឡាវពិចារណា និងដោះស្រាយអនុសាសន៍ដែលត្រូវបានលើកឡើងក្នុងរបាយការណ៍ត្រួតពិនិត្យបច្ចេកទេស ក៏ដូចជាការព្រួយបារម្ភរបស់ប្រទេសបីទៀត។ ក្នុងការឆ្លើយតបផ្លូវការរបស់ខ្លួន រដ្ឋាភិបាលឡាវ បានសង្កត់ធ្ងន់ពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាប្រឈមអវិជ្ជមានដែលត្រូវបានលើកឡើង និងជំរុញប្រសិទ្ធភាពគម្រោងវារីអគ្គិសនីនេះ។

តាមពិតទៅ ក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ឡាវមានសិទ្ធិអនុវត្តគម្រោងវារីអគ្គិសនីក្នុងទឹកដីរបស់ខ្លួន ហើយកម្ពុជា ថៃ និងវៀតណាម ក៏គ្មានសិទ្ធិទៅហាមឃាត់ដែរ។ ប៉ុន្តែនាពេលកន្លងមក គណៈកម្មការទន្លេមេគង្គតែងរៀបចំវេទិកាផ្ដល់យោបល់ដើម្បីឲ្យប្រទេសពាក់ព័ន្ធបញ្ចេញមតិយោបល់របស់ពួកគេ។ យ៉ាងណា វាក៏នៅតែជាប្រឹក្សាយោបល់ដែលគ្មានចំណងផ្នែកច្បាប់ត្រូវតែអនុវត្តឡើយ៕

Tag:
 កម្ពុជា
  ឡាវ
  ថៃ
  វៀតណាម
  MRC
© រក្សាសិទ្ធិដោយ thmeythmey.com