កីឡាអន្តរជាតិ
អន្តរជាតិ
West Ham ជួយ Man Utd ដោយ​បង្អាក់ដំណើរ Chelsea សម្រាប់​តំណែង Top 4
02, Jul 2020 , 2:08 pm        
រូបភាព
​ក្រុម West Ham បង្អាក់ដំណើរ​ប្រជែង Top 4 របស់ Chelsea ដោយ​ការយក​ឈ្នះ​ក្នុង​លទ្ធផល ៣-២ នា​ជំនួប​ក្របខណ្ឌ Premier League នៅ​រាត្រី​ថ្ងៃទី​១ ខែកក្កដា​។ ចំណែក Pierre-Emerick Aubameyang ស៊ុត​បញ្ចូល​ទី​២​គ្រាប់ ក្នុង​ជ័យជម្នះ​របស់ Arsenal លើ Norwich City ៤-០ ដើម្បី​ជួយ​ក្រុម​កាំភ្លើង​ធំ​បន្ត​ប្រជែង​កៅអី Europa League រដូវ​កាល​ក្រោយ​។​


​ក្រុម​តោ​ខៀវ Chelsea សង្ឃឹមថា នឹង​ទាញយក​ប្រយោជន៍​ពី​ក្រុម​លេខ​៣ Leicester City ដែល​បរាជ័យ​ក្រោម​ថ្វី​ជើង Everton ក្នុង​លទ្ធផល ២-១ នៅពេល​ពួកគេ​ជួប​ក្រុម​រួម​ទីក្រុង​ឡុង​ដ៍ West Ham ។ ផ្ទុយទៅវិញ​ក្រុម​តោ​ខៀវ​ខ្លួនឯង​ក៏​ទទួលបាន​ត្រឹម​ខកចិត្ត​ដូចគ្នា​ក្នុងការ​ទទួលបាន​៣​ពិន្ទុ​បន្ថែម​ដើម្បី​ធានា​ក្នុង​ចំណាត់ថ្នាក់ Top 4​។​
 
West Ham ជា​អ្នក​រាំងស្ទះ​ក្តីសង្ឃឹម​របស់​ក្រុម​លោក Frank Lampard សម្រាប់​ជំនួប​លី​គ​កំពូល​អង់គ្លេស​សប្តាហ៍​ទី​៣២​។ នា​ការប្រកួត​ក្នុង​កីឡដ្ឋាន London Stadium ក្រុម​ភ្ញៀវ​មានឱកាស​រក​គ្រាប់​បាល់​នាំ​មុខមុន​ដោយ​ធ្វើបាន​តាមរយៈ​ការ​ស៊ុត​បាល់​ពិន័យ ១១​ម៉ែត្រ​ពី​សំណាក់​ខ្សែបម្រើ Willian នៅ​នាទី​៤២ មុនពេល​ក្រុម​រហស្សនាម​ញញួរ​តាម​បាន​ស្មើ​វិញ​នៅ​ចុង​វគ្គ​ទី​១ ដែល​សម្រេច​ទី​បាន​ដោយ Tomas Soucek​។​
 
​ចូលដល់​វគ្គ​ទី​២ ខណៈ​ការប្រកួត​ដំណើរការបាន​៦​នាទី ខ្សែប្រយុទ្ធ Michail Antonio បន្ថែម​គ្រាប់​បាល់​ទី​២​ឲ្យ West Ham ដើម្បី​នាំមុខ Chelsea ២-១ វិញ​។ យ៉ាងណាក៏ដោយ ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល Willian បាន​ទាត់​បាល់​ពី​ន័យ Free-kick យ៉ាង​ល្អ​ដើម្បី​ជួយ​ក្រុម​តាម​ស្មើ ២-២ វិញ​នៅ​នាទី​៧២​។​
 
​លទ្ធផល​ខកចិត្ត​សម្រាប់​ក្រុម​តោ​ខៀវ បានកើត​ឡើង​នៅ​នាទី​៨៩ បន្ទាប់ពី​ខ្សែប្រយុទ្ធ Andriy Yarmolenko សម្រេច​គ្រាប់​ទី​៣ ឲ្យ​ក្រុម​ម្ចាស់ផ្ទះ ដើម្បី​ជួយ​ក្រុម​លោក David Moyes ទទួល​ជ័យជម្នះ​លើ​ក្រុម Chelsea ក្នុង​លទ្ធផល ៣-២​។ 
 
​បរាជ័យ​នេះ ធ្វើ​ឲ្យ Chelsea នៅ​រក្សា​ចំណាត់ថ្នាក់​ទី​៤​ដដែល ប៉ុន្តែ​មាន​ពិន្ទុ​ប្រកៀក​នឹង​គូប្រជែង Manchester United ដែល​ឈរ​លេខ​៥​។ ឆ្លងកាត់​ការប្រកួត​៣២​លើក Chelsea មាន​៥៤​ពិន្ទុ នាំ​មុន Man Utd តែ​២​ពិន្ទុ​ប៉ុណ្ណោះ​។ ក្រុម​ដែល​ត្រូវ​ប្រជែង​យក​តំណែង Top 4 មាន​រហូតដល់​៤​ក្រុម ក្នុងនោះ Leicester City​ ដែល​ឈរ​លេខ​៣​មាន​៥៥​ពិន្ទុ Chelsea, Man Utd និង Wolves​។ ប៉ុន្តែ​ជ័យ​ម្នះ​របស់ West Ham នេះ បាន​ជួយ​ពួកគេ​កើន​ដល់​៣០​ពិន្ទុ ឈរ​ចំណាត់ថ្នាក់​ទី​១៦ គេច​ផុតពី​តំបន់​ត្រូវ​កាត់ចោល ដោយ​នាំមុខ​ក្រុម​លេខ​១៨ Aston Villa ចំនួន​៣​ពិន្ទុ​។​
 
​ដោយឡែក Arsenal រកបាន​៣​ពិន្ទុ​បន្ថែម​ក្រោយ​ឈ្នះ ក្រុម​បាត​តារាង Norwich City ៤-០ ដោយ​លទ្ធផល​នេះ​នាំ​ឲ្យ​ពួកគេ​មានឱកាស​ច្រើន​ក្នុង​ដណ្តើម​កៅអី Europa League រដូវ​កាល​ក្រោយ ខណៈ​សព្វថ្ងៃ​រកបាន​៤៦​ពិន្ទុ ឈរ​ចំណាត់ថ្នាក់​ទី​៧​ក្នុង​តារាង Premier League តាម​ពីក្រោយ Wolves ដែល​ឈរ​លេខ​៦​ចំនួន​៦​ពិន្ទុ​។ ការប្រកួត​ក្របខណ្ឌ​កំពូល​អង់គ្លេស​នៅសល់​៦​លើក​ទៀត​សម្រាប់​រដូវ​កាល ២០១៩-២០ នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com