COVID-19
អន្តរជាតិ
UN៖ ទេសចរណ៍​ថៃ ប្រឈម​ខាត​ចំណូល​៤៧​ពាន់​លាន​ដុល្លារ​ដោយ COVID-19
02, Jul 2020 , 8:29 pm        
រូបភាព
អ្នករត់តុថៃម្នាក់នៅឆ្នេរភូកេត កាលពីថ្ងៃទីមីនា ឆ្នាំ២០២០ (Reuters)
អ្នករត់តុថៃម្នាក់នៅឆ្នេរភូកេត កាលពីថ្ងៃទីមីនា ឆ្នាំ២០២០ (Reuters)
ដោយ:
​ប្រាក់ចំណូល​នៃ​វិស័យ​ទេសចរណ៍​សកលលោក រំពឹង​នឹង​ធ្លាក់ចុះ​រហូតដល់​៣,៣​ទ្រី​លាន​ដុល្លារ ដោយសារ​ការ​រឹតត្បិត COVID-19 ដោយ​ថៃ​ប្រឈម​បាត់​ចំណូល​៤៧​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ការសិក្សា​មួយ​របស់​អង្គការសហប្រជាជាតិ (https://unctad.org/en/PublicationsLibrary/ditcinf2020d3_en.pdf
)  ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​១ ខែកក្កដា​។ ថៃ​ដែលជា​ប្រទេស​រក​ចំណូល​ច្រើន​ពី​ទេសចរណ៍​ក៏​ខាតបង់​ធំ​ដែរ​។ 
 
​របាយការណ៍​ចំណងជើង​ថា «COVID-19 និង​វិស័យ​ទេសចរណ៍​» ដែល​ចុះផ្សាយ​ដោយ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការអភិវឌ្ឍ​និង​ពាណិជ្ជកម្ម (UNTCAD) គឺ​ផ្អែកលើ​សេណា​រី​យ៉ូ​ចំនួន​៣ សម្រាប់​ឧស្សាហកម្ម​ទាក់ទង​រយៈ​ពេល​បិទ​ប្រទេស​នេះ រួមមាន បញ្ជា​បិទ​ប្រទេស​បន្ត​ដាក់​៤​ខែ ៨​ខែ និង​១២​ខែ​។  
 
​ក្នុង​សេណា​រី​យ៉ូ​ទាំងនេះ ប្រាក់ចំណូល​ផ្នែក​ទេសចរណ៍​សកលលោក នឹង​ធ្លាក់ចុះ ១,១៧ ទ្រី​លាន​ដុល្លារ ២,២២​ទ្រី​លាន​ដុល្លារ និង​៣,៣​ទ្រី​លាន​ដុល្លារ ឬ​ចន្លោះ​ពី​១-៥ ទៅ​៤,២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ពិភពលោក​។ 
 
​យ៉ាងណាមិញ របាយការណ៍​នេះ ពុំបាន​សង្កត់ធ្ងន់ថា​សេណា​រី​យ៉ូ​មួយណា​ដែល​ទំនង​នឹង​កើតឡើង​បំផុត​ឡើយ តែ​មន្ត្រី​នៃ UNTCAD បញ្ជាក់ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា សេណា​រី​យ៉ូ​ទី​២ ដែល​បទបញ្ជា​បិទ​ប្រទេស​ដាក់​បន្ត​៨​ខែ​ទៀត ហើយ​ចំណូល​ប្រឈម​ធ្លាក់​២,២២​ទ្រី​លាន​ដុល្លារ អាច​ក្លាយជា​ពិត​ជាងគេ​បំផុត​។ 
 
«​វិស័យ​ទេសចរណ៍​អន្តរជាតិ ត្រូវបាន​ផ្អាក​ស្ទើរតែ​ទាំង​ស្រុក ហើយ​ទេសចរណ៍​ក្នុងស្រុក​ត្រូវ​កាត់បន្ថយ​ដោ​សារ​បញ្ជា​បិទ​ប្រទេស​ដែល​ដាក់​ក្នុងប្រទេស​ជាច្រើន​»​។ របាយការណ៍ UN សរសេរ​បែបនេះ ហើយ​ចុះផ្សាយ​លើ​វេ​ប​សាយ​ផ្លូវការ​របស់ខ្លួន​។ របាយការណ៍​ដដែល​ស​រ​សេរ​បន្តថា​៖«​ទោះជា​ប្រទេស​ទិសដៅ​ទេសចរណ៍​ខ្លះ បាន​ផ្ដើម​បើកចំហ​ព្រំដែន​យឺតៗ ប្រទេស​ជាច្រើន នៅតែ​ព្រួយបារម្ភ​ចំពោះ​ការធ្វើដំណើរ​អន្តរជាតិ ឬ​មិនអាច​រ៉ាប់រង​វា ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​»​។​
 
​ថៃ និង​បារាំង ប្រឈម​ខាតបង់​យ៉ាងហោច ៤៧​ពាន់​លាន​ដុល្លារ​រៀងៗ​ខ្លួន​ក្នុង​វិស័យ​ទេសចរណ៍​។ នេះ​បើតាម​របាយការណ៍​នេះ ហើយ​សហរដ្ឋអាមេរិក បាត់បង់​ច្រើនជាងគេបង្អស់​ទាំង​ក្នុង​បី​សេណា​រី​យ៉ូ​ខាងលើ ដោយ​បាត់បង់ ១៨៧​ពាន់​លាន​ដុល្លារ​ក្នុង​សេណា​រី​យ៉ូ​ទី​១ (៤​ខែ​) ហើយ​ចិន​ឈរ​បន្ទាប់​ដោយ​ខាតបង់ ១០៥​ពាន់​លាន​ដុល្លារ​។ សហរដ្ឋអាមេរិក ក្នុង​សេណា​រី​យ៉ូ​ចុងក្រោយ ប្រឈម​ខាតបង់ ៥៣៨​ពាន់​លាន​ដុល្លារ ឬ​៣​ភាគរយ​នៃ GDP របស់ខ្លួន​។​
 
​សូមបញ្ជាក់ថា របាយការណ៍​របស់​ស​ន្និ​សីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការអភិវឌ្ឍ​និង​ពាណិជ្ជកម្ម (UNTCAD) សម្រាប់​ឆ្នាំ​២០២០​នេះ គ្របដណ្ដប់​ប្រទេស​និង​តំបន់​៦៥ ហើយ​ស្នើ​ឲ្យ​បណ្ដា​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនេះ​ពង្រឹង​កិច្ច​គាំពារ​សង្គម​សម្រាប់​ពលករ​ដែល​ប៉ះពាល់​ក្នុង​ប្រជាជន​រងគ្រោះ​ខ្លាំង ដោយ COVID-19 ។ 
 
​ការប៉ាន់ស្មាន​របស់រ​បាយ​ការណ៍​ថ្មី​នេះ មាន​ភាព​ប្រហាក់ប្រហែល​នឹង​របាយការណ៍ UN លើក​មុន​ដែល​បង្កើតឡើង​ដោយ​អង្គការ​ទេសចរណ៍​ពិភពលោក (World Tourism Organization) កាលពី​ខែឧសភា ដែល​រកឃើញថា តួលេខ​ទេសចរណ៍​អាច​ធ្លាក់​ចន្លោះ​ពី​៦០-៨០​ភាគរយ​៕ 
 
 
 

Tag:
 UN
  UNCTAD
  ថៃ​
  សេដ្ឋកិច្ច​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com