COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី សម្រេចដាក់ខេត្តមួយក្នុងភាពអាសន្ន ដោយសារភ្លើងឆេះព្រៃ រូបភាព៖ AFP
× ឥណ្ឌូណេស៊ី បានសម្រេចដាក់ខេត្តទំហំធំទី៣របស់ខ្លួន ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ចុងខែកញ្ញា ក្នុងស្ថានភាពអាសន្នដោយសារភ្លើងឆេះព្រៃច្រើនជាង ៧០០កន្លែង។ ការដាក់តំបន់ក្នុងភាពអាសន្នបែបនេះ ធ្វើឡើងបន្ទាប់ពីឥណ្ឌូណេស៊ី ត្រៀមចូលដល់រដូវភ្លើងឆេះព្រៃផងដែរ។
ឥណ្ឌូណេស៊ី បានប្រកាសអាសន្នលើខេត្ត Central Kalimantan ដោយចាប់គិតពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកញ្ញា។ កម្រិតអាសន្ន ដែលរដ្ឋាភិបាលទីក្រុងហ្សាការតា ដាក់លើខេត្ត Central Kalimantan នៅពេលនេះ គឺគ្រាន់តែជាកម្រិតដំបូងប៉ុណ្ណោះ ដែលទាមទារការត្រួតពិនិត្យជាងមុន និងពន្លឿនការពន្លត់ភ្លើងឆេះព្រៃឲ្យកាន់តែលឿន។
ការដាក់ភាពអាសន្ន គឺដើម្បីកាត់បន្ថយភ្លើងឆេះព្រៃនៅក្នុងតំបន់។ បើតាមលោក Alpius Patanan មន្ត្រីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ខេត្ត Central Kalimantan បានលើកឡើងយ៉ាងដូច្នេះថា៖ « កិច្ចខិតខំ ដើម្បីកាត់បន្ថយភ្លើងឆេះព្រៃ កំពុងតែដំណើរការ ដោយសារតែតំបន់ភាគច្រើននៅក្នុងខេត្ត Central Kalimantan បានចូលដល់រដូវប្រាំងក្នុងខែកក្កដា»។
យ៉ាងណាក៏ដោយ បញ្ហា COVID-19 គឺឧបសគ្គ ដែលធ្វើឲ្យភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី កាន់តែមានលក្ខណៈធ្ងន់ធ្ងរ។ ក្នុងរយៈពេល COVID-19 នេះ រដ្ឋាភិបាលទីក្រុងហ្សាការតា បានកាត់លុយមួយផ្នែក ពីគម្រោងហិរញ្ញវត្ថុសម្រាប់ពន្លត់ភ្លើងឆេះព្រៃ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួន។ ទន្ទឹមនេះ លោកKiki Taufik នាយកយុទ្ធនាការការពារព្រៃឈើរបស់អង្គការ Greenpeace ក៏បានទទួលស្គាល់ដែរថា ការកាត់ថវិកាសម្រាប់ពន្លត់ភ្លើងឆេះព្រៃ នឹងបង្កឲ្យភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ីកាត់តែគ្រោះថ្នាក់ថែមទៀត ហើយទំហំភ្លើងឆេះព្រៃនឹងធំជាងឆ្នាំ២០១៩ ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ឥណ្ឌូណេស៊ី គឺជាប្រទេសដាំដូងប្រេង និងនាំចេញដូងប្រេងដ៏ធំមួយទៅកាន់ពិភពលោក។ ប្រជាជនឥណ្ឌូណេស៊ី តែងតែកាប់ឆ្កាព្រៃ និងដុតព្រៃ ដើម្បីយកដីដាំដូងប្រេង។ ការដុតព្រៃដាំដូងប្រេងនេះ ក៏ជាមូលហេតុមួយ ដែលបង្កឲ្យភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ីដែរ។
សូមបញ្ជាក់ថា នៅឆ្នាំ ២០១៩ ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី គឺមានលក្ខណៈធំណាស់ និងឆេះជាច្រើនរយកន្លែងផ្សេងៗគ្នា។ ចំណែកផ្សែង ដែលកើតចេញពីភ្លើងឆេះព្រៃ បានរីកភាយដល់ប្រទេសមួយចំនួនដូចជា សិង្ហបុរី និងម៉ាឡេស៊ីជាដើម។ បញ្ហាផ្សែពុល ដែលបណ្តាលដោយភ្លើងឆេះព្រៃនេះ បានបង្ខំឲ្យសាលារៀនមួយចំនួននៅឥណ្ឌូណេស៊ី និងម៉ាឡេស៊ីត្រូវបិទទ្វារ៕
© រក្សាសិទ្ធិដោយ thmeythmey.com