COVID-19
អន្តរជាតិ
លោក ប្រាយុទ្ធ រងព្យុះរិះគន់រឿងត្រៀមទិញសព្វាវុធថ្មីអំឡុងវិបត្តិ COVID-19 នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ថ្លែងក្នុងសភា (សារព័ត៌មាន Khoasod ថៃ)
× នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ថ្លែងការពារការសម្រេចចិត្តដាក់បញ្ជូលគម្រោងទិញសព្វាវុធថ្មីក្នុងសេចក្តីព្រាងច្បាប់ស្តីពីកញ្ចប់ថវិកាជាតិឆ្នាំ២០២១ ក្រោយរងការរិះគន់យ៉ាងចាស់ដៃពីបក្សប្រឆាំងក្នុង សភា នៅថ្ងៃទី១ ខែកក្កដា។
កាសែតថៃ បាងកកប៉ុស្តិ៍ នៅថ្ងៃទី២ ខែមិថុនា បានចុះផ្សាយថា សមាជិកបក្សប្រឆាំង បានតស៊ូមតិជុំវិញរឿងថា តើក្រសួងការពារគួរទទួលកញ្ចប់ថវិកាជាង៧ពាន់លានដុល្លារឬយ៉ាងណា? លុយនេះគឺជាផ្នែកមួយនៃកញ្ចប់ថវិកាជាតិឆ្នាំ២០២១ ដែលដាក់ស្នើដោយរដ្ឋាភិបាល ហើយស្មើនឹង១០៦ពាន់លានដុល្លារ។
ត្រង់ចំណុចនេះ មេបក្សប្រឆាំង ភឿថៃ លោក Sompong Amornwiwat ចង់ឲ្យយោធាបញ្ឈប់គម្រោងទិញសព្វាវុធ រួមមាននាវាមុជទឹកផងនោះ ដោយអះអាងថា កញ្ចប់ថវិកាជាតិ គួរកាត់បន្ថយដើម្បីជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស ហើយផែនការបន្តដទៃទៀតក្នុងបរិបទក្រោយ COVID-19 ។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ប្រកាសជំហរយ៉ាងដូច្នេះថា៖«បេសកកម្មយើងគឺការពារអធិបតេយ្យភាពរបស់ប្រទេស នៅតាមព្រំដែន ហើយយើងត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ការប៉ះទង្គិចឬការប្រយុទ្ធគ្នាថ្មី បើទោះជាវានឹងកើតឡើងឬអត់ក៏ដោយ»។
បើតាមបាងកកប៉ុស្តិ៍ អតីតមេដឹកនាំរបបសឹករូបនេះ បញ្ជាក់ទៀតថា អាវុធប្រមាណ៨០-៩០ភាគរយដែលយោធាមានបច្ចុប្បន្ន គឺសុទ្ធតែចាស់ៗ ហើយត្រូវការទិញថ្មីមកជំនួស។ លោកសង្កត់ធ្ងន់ថា៖«ធ្វើដូច្នេះ នឹងបន្ថយការចំណាយខ្ពស់លើការថែទាំជួសជុល»។
បន្ថែមពីការឆ្លើយតបនឹងពាក្យរិះគន់ លោក ប្រាយុទ្ធ បានទទូចឲ្យបក្សប្រឆាំងថៃដាក់សំណើលម្អិតលើចំណុចដែលគួរកែលម្អក្នុងសេចក្តីព្រាងច្បាប់កញ្ចប់ថវិកាឆ្នាំ២០២១ ដើម្បីឲ្យរដ្ឋាភិបាលយកទៅពិចារណា។ នាយករដ្ឋមន្ត្រីថែមទាំងថ្លែងការពារលើការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយអះអាងថា ពលរដ្ឋថៃភាគច្រើនគ្មានបញ្ហាជាមួយវិធានការទប់ស្កាត់ COVID-19 នេះ។
រដ្ឋាភិបាលថៃ កាលពីចុងខែមិថុនា បានសម្រេចពន្យារពេលដាក់ប្រទេស ក្នុងស្ថានភាពអាសន្ន រហូតដល់ដំណាច់ខែកក្កដា ប៉ុន្តែមានការបន្ធូរបន្ថយច្រើននៅក្នុងប្រទេសដូចជា សាលារៀន វិទ្យាស្ថានអប់រំ កន្លែងកម្សាន្តផ្សេងៗជាដើម៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
ការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com