ជាតិ
ពីនេះ ពីនោះ
ពាក្យ«យាម»មានន័យច្រើនបែប តើក្នុងន័យនីមួយៗមានខ្លឹមសារខុសគ្នាដូចម្តេច?
× ក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពាក្យ«យាម» ដែលមានន័យច្រើនយ៉ាង។ ក្នុងន័យនីមួយៗគឺសុទ្ធតែប្រើក្នុងស្ថានភាពខុសគ្នាទាំងអស់។
«យាម»នៅក្នុងន័យទី១ សំដៅលើ ប្រដាប់របស់នង្គ័លដែលភ្ជាប់ផ្នៀងនិងដងមានសណ្ឋានរៀវខាងចុង រាងកោងស្រួចមកខាងក្រោយសម្រាប់កាន់ភ្ជួរ ដែលគេហៅថា យាមនង្គ័ល។
ក្នុងន័យទី២ «យាម»បញ្ជាក់ពីពេលវេលា។ ឧទាហរណ៍៖ បើគិតជាម៉ោង ក្នុងមួយយាមមាន៣ ឬ៤ម៉ោង។ កាលពីសម័យបុរាណច្រើនតែហៅ យាម តែក្នុងពេលយប់ ដោយមួយយប់មាន៣យាម គឺ យាមទី១ ហៅថា បឋមយាម ឬប្រថមយាម,យាមទី២ ហៅថា មជ្ឈិមយាម ឬមធ្យមយាម និងយាមទី៣ ហៅថា បច្ឆិមយាម ឬបស្ចិមយាម។
«យាម»នៅក្នុងន័យទី៣ មានន័យថាជា ថង់សំពត់មានដៃឬយោគស្ពាយបាន។ ថង់យាម ជាថង់ដែលមានដៃ។ នៅក្នុងន័យ«យាម»ទាំង៣ដែលបានលើកឡើងខាងលើនេះ គឺសុទ្ធតែប្រើជានាមសព្ទ។ អត្ថន័យនៃពាក្យ«យាម»ទាំង៣ខាងលើគឺប្រើជានាមសព្ទទាំងអស់។
ចំណែក«យាម»ប្រើជាកិរិយាសព្ទវិញ មានន័យថា ចាំរក្សាឬក្រវែលឃ្លាំមើលដោយការប្រយ័ត្នក្នុងពេលមានកំណត់។ ឧទាហរណ៍៖ យាមឃ្លាំង, យាមផ្លូវ, យាមគុក, យាមល្បាត ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com