កីឡាអន្តរជាតិ
អន្តរជាតិ
ឥណ្ឌា អ៊ីរ៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអ៊ូសបេគីស្ថានដេញថ្លៃរៀបចំ AFC Asian Cup ឆ្នាំ២០២៧
× សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅថ្ងៃទី១ ខែកក្កដា បញ្ជាក់ថាមានប្រទេសចំនួន ៥ ក្នុងចំណោមសមាជិកសហព័ន្ធក្នុងតំបន់ បានចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០២៧។
បើតាមការចុះផ្សាយលើវេបសាយផ្លូវកា AFC សហព័ន្ធកីឡាបាល់ទាត់ជាសមាជិកទាំង ៥ ដែលបង្ហាញពីចេតនាចូលរួមដេញថ្លៃរៀបចំការប្រកួតកីឡាបាល់ទាត់កម្រិតកំពូលប្រចាំតំបន់អាស៊ីមាន សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (IFF) សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ (FFI) សហព័ន្ធកីឡាបាល់ទាត់កាតា (QFA) សហព័ន្ធកីឡាបាល់ទាត់អារ៉ាប់ប៊ីសាអូឌីត (SAF) និងសហព័ន្ធកីឡាបាល់ទាត់អ៊ូសបេគីស្ថាន (UFA)។
បច្ចុប្បន្ន AFC ចាប់ផ្តើធ្វើការជាមួយសហព័ន្ធទាំង៥នេះ លើការប្រគល់ឯកសារជុំវិញការដេញថ្លៃស្របតាមដំណើរការដេញថ្លៃ ហើយនឹងប្រកាសថាប្រទេសណានឹងក្លាយជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ AFC Asian Cup លើកទី១៩ នៅក្នុងឆ្នាំ ២០២១។
ក្រោយប្រកាសពីចំនួនសមាជិកដេញថ្លៃ លោក Shaikh Salman bin Ebrahim Al Khalifa ប្រធាន AFC បានថ្លែងអំណរគុណដល់សហព័ន្ធសមាជិកទាំង ៥ ដែលបានបង្ហាញការគាំទ្រ និងបានសរសើរមហិច្ឆតារបស់ពួកគេដែលជាសក្ខីភាពដ៏អស្ចារ្យចំពោះការរីកចម្រើនមិនធ្លាប់មាននៃព្រឹត្តិការណ៍ AFC Asian Cup។
លោក Shaikh Salman បន្ថែមថា៖ «ព្រឹត្តិការណ៍ AFC Asian Cup ជាដំណាក់កាលដ៏អស្ចារ្យបំផុតសម្រាប់អាស៊ី និងការបំបែកឯតទគ្គកម្មធំបំផុតមិនធ្លាប់មាននៅអារ៉ាប់រួមកាលពីឆ្នាំ ២០១៩ ដែលបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់កីឡាបាល់ទាត់អាស៊ីដើម្បីពង្រឹងកេរ្តិ៍តំណែលនេះ»។
ចំណោមសមាជិកទាំង ៥ ដែលបង្ហាញការចាប់អារម្មណ៍នោះ មានប្រទេសពីរធ្លាប់បានរៀបចំព្រឹត្តិការណ៍នេះចំនួន២លើករួចមកហើយចាប់តាំងពីបង្កើតពាននេះឡើងក្នុងឆ្នាំ ១៩៥៦។ ម្ចាស់ការពារជើងឯកឆ្នាំ២០១៩ កាតាបានរៀបចំនៅឆ្នាំ ១៩៨៨ និង ២០១១ ស្របពេលអ៊ីរ៉ង់ជាប្រទេសតែមួយនៅអាស៊ីដែលឈ្នះជើងឯកចំនួន២លើកនៅពេលពួកគេធ្វើម្ចាស់ផ្ទះក្នុងឆ្នាំ ១៩៦៨ និង ១៩៧៦។
ដោយឡែកម្ចាស់ជើងឯក៣ជំនាន់អារ៉ាប៊ីសាអូឌីត និងឥណ្ឌា សុទ្ធសឹងតែកំពុងប្រជែងគ្នាដេញថ្លៃធ្វើម្ចាស់ផ្ទះ AFC Asian Cup លើកដំបូងសម្រាប់ឆ្នាំ២០២៧។ ចិនដែលទទួលបានសិទ្ធិរៀបចំនៅឆ្នាំ២០២៣ ធ្លាប់ដឹកនាំម្តងរួចមកហើយនៅឆ្នាំ២០០៤។ សម្រាប់ជប៉ុនដែលជោគជ័យជាងគេដោយលើកពានកំពូលអាស៊ីនេះដល់ទៅ៤ជំនាន់ ធ្លាប់ធ្វើម្ចាស់ផ្ទះ១លើកក្នុងឆ្នាំ១៩៩២៕
© រក្សាសិទ្ធិដោយ thmeythmey.com