កីឡាជាតិ
ជាតិ
ពាន​សម្តេច ហ៊ុន សែន​៖ កីឡាករ ទេព សើ​ហ្វី​អ៊ី សម្រេចបាន Hat-Trick ជួយ​ឲ្យ​កែប​ឈ្នះ​កំពង់ឆ្នាំង​
02, Jul 2020 , 5:39 pm        
រូបភាព
ដោយ:
​ក្រុម​មកពី​ខេត្តសៀមរាប​, ព្រៃវែង​, ត្បូងឃ្មុំ និង​កែប សុទ្ធតែ​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​ជើង​ទី​១​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​វគ្គ​៨​ក្រុម​ចុងក្រោយ​(១/៤)​។ ពួកគេ​ត្រូវការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ក្នុង​ជើង​ទី​២ ដើម្បី​ធានា​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​(១/២)​។ កីឡាករ ទេព សើ​ហ្វី​អ៊ី របស់​ខេត្ត​កែប​សម្រេចបាន​៣​គ្រាប់​(Hat-Trick)​នៅ​ជើង​ទី​១​នេះ​។

 
​ក្រុមបាល់ទាត់​ខេត្តសៀមរាប​, ព្រៃវែង​, ត្បូងឃ្មុំ និង​កែប​មាន​ក្តី​ស​ង្ឃឺ​ម​ខ្ពស់​ក្នុងការ​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​។ ក្តីសង្ឃឹម​នេះ កើតឡើង​ក្រោយ​ក្រុម​ទាំង​៤​សុទ្ធតែ​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​ជើង​ទី​១​កាលពី​សប្តាហ៍​មុន​។ 
 
​នា​ការប្រកួត​បិទទ្វារ​កាល​ពីថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​ខេត្តសៀមរាប​បានធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​ខេត្តកណ្តាល​ខកចិត្ត​ជាមួយ​ជ័យជម្នះ ៣-១​។ ចំណែក​ម្ចាស់ផ្ទះ​ព្រៃវែង​បាន​លត់​ខេត្តកោះកុង​ក្នុង​លទ្ធផល ៥-១​។ នា​ការប្រកួត​នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ ក្រុម​ការពារ​តំណែង​ជើងឯក​ត្បូងឃ្មុំ​បានធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​កំពង់ស្ពឺ​រង​ការខកចិត្ត​ជាមួយ​បរាជ័យ ២-០ រីឯ​ម្ចាស់ផ្ទះ​កែប​បាន​យកឈ្នះ​កំពង់ឆ្នាំង​យ៉ាង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល ៤-៣​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ជ័យជម្នះ​របស់​កែប មានការ​រួមចំណែក​យ៉ាង​ធំ​ពី​កីឡាករ ទេព សើ​ហ្វី​អ៊ី រហូតដល់​៣​គ្រាប់​។ គ្រាប់​បាល់​នេះ​ជួយ​រូបគេ​ក្លាយជា​កីឡាករ​ដំបូង​គេ ដែល​សម្រេចបាន Hat-Trick ក្នុងការ​ប្រកួត​ជើង​ទី​១​នេះ​។ ការប្រកួត​ទាំង​៤​គូ​ខាងលើ​ធ្វើឡើង​ដោយ​បិទទ្វារ​ពុំ​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូល​ទស្សនា​ផ្ទាល់​នោះទេ​។ ការអនុវត្ត​បែបនេះ គឺ​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។  
 
​តាមរយៈ​ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​ក្រុម​សៀមរាប​, ព្រៃវែង​, ត្បូងឃ្មុំ និង​កែប​មាន​ខ្ពស់​លើ​គូប្រកួត​នៅ​ជើង​ទី​២ ដ្បិត​ពួកគេ​ត្រូវការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ ដើម្បី​ធានា​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​។ ការប្រកួត​ជើង​ទី​២​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៧ និង​ទី​៨ ខែកក្កដា ឆ្នាំ​២០២០ ខាងមុខនេះ​៕  
 
 
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com