COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
អាមេរិក៖ កីឡាករ៤នាក់ទៀតឆ្លង COVID-19 ចាប់តាំងពីបើកប្រកួតលីគ MLS វិញ
× កីឡាករ ៤ នាក់ទៀតនៃលីគកីឡាបាល់ទាត់កំពូលអាមេរិក (MLS) ធ្វើតេស្តចេញលទ្ធផលវិជ្ជមាន COVID-19 បន្ទាប់ពីបានទៅដល់រដ្ឋ Florida មុនការចាប់ផ្តើមប្រកួតលីគសប្តាហ៍នេះ ក្រោយអនុញ្ញាតឲ្យត្រឡប់ទៅរកការប្រកួតឡើងវិញ។ ស្ថាប័ន MLS ប្រកាសដូច្នេះនៅថ្ងៃទី១ ខែកក្កដា។
នេះមានន័យថា មកទល់ពេលនេះមានកីឡាករបាល់ទាត់ប្រកបអាជីពនៅ MLS ចំនួន៦នាក់ហើយដែលបានឆ្លងជំងឺរាតត្បាតសកល។ ដោយសារមានការឆ្លងជាបន្តបន្ទាប់ ក្រុមនៅ MLS ទាំង ២៦ ត្រូវបានកំណត់ឲ្យមានការប្រកួតដោយគ្មានអ្នកទស្សនានៅកីឡដ្ឋាន Walt Disney World។
យ៉ាងណាក៏ដោយមកទល់ពេលនេះ មិនមានក្រុម ឬកីឡាករណាមួយត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។ ប៉ុន្តែ MLS អះអាងថាក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះមានកីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល និងបុគ្គលិកក្លិបសរុបចំនួន ៣៩២ នាក់ត្រូវបានទទួលការធ្វើតេស្តក្នុងរយៈពេល ២ ថ្ងៃកន្លងមក ហើយរកឃើញអ្នកឆ្លងចំនួន៤ករណីនេះ។
MLS បានប្រកាសកាលពីថ្ងៃពីថ្ងៃទី២៩ ខែមិថុនាថា កីឡាករពីរនាក់បានធ្វើតេស្តវិជ្ជមាន ចំណោមអ្នកធ្វើតេស្តចំនួន ៣២៩ នាក់មុនការធ្វើតេស្តនៅទីក្រុង Orlando។ សព្វថ្ងៃកីឡាករទាំង៦ ត្រូវដាក់ឲ្យនៅដាច់ដោយឡែក និងទទួលការតាមដាន និងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
សម្រាប់ដំណើរការប្រកួតក្នុងលីគ MLS ឡើងវិញ គ្រូបង្វឹក អាជ្ញាកណ្តាល បុគ្គលិក រួមទាំងកីឡាករទាំងអស់តម្រូវឲ្យធ្វើតេស្តជាប្រចាំក្នុង១សប្តាហ៍ពីរដង។
គិតត្រឹមថ្ងៃទី២ ខែកក្កដានេះ អាមេរិកនៅតែមានចំនួនករណីឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេលើលោក ដោយក្នុងនោះឆ្លងជាង ២៧៨០០០០ករណី ស្លាប់ជាង ១៣០៧០០នាក់ និងសះស្បើយជាង ១១៦៤៧០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com