នីតិរដ្ឋ ត្រូវ​រាប់​ចាប់តាំងពី​រឿង​កំប៉ិកកំប៉ុកតាម​ផ្សារ​ឡើងទៅ​
ពីនេះ ពីនោះ / មិនយល់...!
នីតិរដ្ឋ ត្រូវ​រាប់​ចាប់តាំងពី​រឿង​កំប៉ិកកំប៉ុកតាម​ផ្សារ​ឡើងទៅ​
03, Jul 2020 , 2:07 pm        
រូបភាព
ដោយ: ថ្មីៗ
​ទោះបី​ឮ​ពាក្យ​ចំអក​ខ្លះ​ពី​មិត្តភក្តិ​ដែល​និយាយថា «​ផឹក​កាហ្វេ​ជជែក​លេង​ឥតប្រយោជន៍​» ក៏​សុធីរ និង​សំណាង នៅតែ​ប្រព្រឹត្ត​ខ្លួន​ដូច​ធម្មតា​។ ថ្ងៃនេះ ក្លើ​២​នាក់​នេះ ឆ្ងល់​រឿង​សន្តិសុខ​តាម​ផ្សារ យកលុយ​ចំណតរថយន្ត​លើសពី​តារាង​តម្លៃ​។​

 
សុធីរ​៖ អាណាង​! អា​រឿង​បង់លុយ​ថ្លៃ​ចំណត​នេះ មិនមែន​អញ​រិះថាំ​កំណាញ់​អី​ទេ តែ​អញ​ឃ្នើសចិត្ត​។ អញចង់​និយាយថា ត្រូវយក​ប៉ុន្មាន​ក៏​យកទៅ តែ​អា​ផ្ទាំង​តម្លៃ​ប៉ុន​ជញ្ជាំង​វិហារ​នោះ ដាក់​បញ្ឈរ​ជុំវិញ​ផ្សារ​នោះ ត្រូវ​កែ​ដាក់​តម្លៃពិត​តាម​ហ្នឹង​ដែរ​។ មិនមែន​សរសេរ​ដាក់​លើ​ផ្ទាំង ម៉ូតូ តម្លៃ​៣០០​រៀល មួយ​លើក​, រថយន្ត តម្លៃ ៥០០​រៀល មួយ​លើក តែ​ពេល​សន្តិសុខ​មក​យកលុយ ២០០០​រៀល​នោះទេ​។​
 
​សំណាង​៖ អ្ហែង​យក ៣០០​រៀល​, ៥០០​រៀល​ហ្នឹង មក​ធ្វើ​អី​សម័យ​នេះហើយ​។ តែ​អញ​យល់​ស្របតាម​អ្ហែង​ដែរ​។ ដាក់​ផ្លាក​តម្លៃ​ផ្សេង អនុវត្ត​ជាក់ស្តែង​យកលុយ​ផ្សេង វា​ស្មើនឹង​យើង​មិន​គោរព​ច្បាប់​។ 
 
​សុធីរ​៖ អានេះ រៀន​អស់​លុយ​ម៉ែឪ​ម៉ាគ​គោក និយាយ​ដូច​មិន​ពិចារណា​យ៉ាងម៉េច​មិនដឹង​។ អ្ហែង​កុំ​និយាយថា មិនដឹង​យកលុយ ៣០០ ឬ​៥០០​មក​ធ្វើ​អី​! អ្នកណា​អ្នក​ចត​ឡាន​ជុំវិញ​ផ្សារ​នោះ​? គឺ​ប្រជាជន​ដែល​បង់ពន្ធ​ជូន​រដ្ឋ​? នៅ​ជុំវិញ​ផ្សារ មាន​ឡាន ម៉ូតូ កង់ រាប់រយ ដែល​ចត​។ សរុបទៅ លុយ​ច្រើនណាស់​។ ប៉ុន្តែ​អញចង់​បញ្ជាក់ថា នីតិវិធី​សម្រេចយក​តម្លៃ​នេះ ត្រូវ​បានកំណត់​នៅក្នុង​សៀវភៅ​បន្ទុក​របស់​រដ្ឋ​ហើយ​។ អ៊ីចឹង បុគ្គល​ដែល​យកលុយ​លើស​ហ្នឹង យកទៅ​ណា​? អញ​ចង់ដឹង​។ កុំ​យក​លេស​ថា វា​ជា​រឿង​បុគ្គល​ខូច​មួយ​នាក់ ពីរ​នាក់​នោះ​។ ប្រជាជន​ឆ្លាត​ណាស់​ពេលនេះ​។​
 
សំណាង​៖ អញ​ឃើញ​គេ​ដាក់​លេខ​ទូរ​សព្ទ ឱ្យ​អ្ហែង​ទូរ​សព្ទ​ទៅប្តឹង​តើ បើ​អ្ហែង​មិន​សុខចិត្ត​។​
 
​សុធីរ​៖ លេខ​ទូរ​សព្ទ​នោះ មិនមែនជា​ដំណោះស្រាយ​ទេ​។ ប្រជាជន គេ​មិន​រវល់​រឿង​ទូរ​សព្ទ​ដេញដោល ដែល​គេ​ដឹង​លទ្ធផល​ថា គ្មាន​បាន​ផល​នោះទេ​។ ឆន្ទៈ ស្មោះត្រង់​ចំពោះ​ប្រជាជន វា​ជា​រឿង​សំខាន់​។ បើ​អនុវត្តតាម​តារាង​តម្លៃ ហើយ​សរសេរ​ឡើងវិញ​ដាក់ ១០០០​រៀល ឬ ២០០០​រៀល តែម្តងទៅ ក៏​ប្រជាជន​មិន​ទើសទាល់​ដែរ​។ សំខាន់ គឺ​តារាង​តម្លៃ​ប៉ុណ្ណា អនុវត្ត​ប៉ុណ្ណឹង​។ នីតិរដ្ឋ ត្រូវតែមាន​តាំងពី​រឿង​នៅ​ចិញ្ចើមផ្លូវ​ឡើង​៕

© រក្សាសិទ្ធិដោយ thmeythmey.com