អន្លង់វែង-ឧត្តរមានជ័យ៖ តំបន់អន្លង់វែង ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ដ្រថាជាតំបន់កាន់កាប់ចុងក្រោយនៃរបបខ្មែរក្រហម។ វត្តមាននៃកងទ័ពខ្មែរក្រហមបានសាបសូន្យ បន្ទាប់ពីមានសមាហរណកម្មចូលរួមជាមួយរដ្ឋាភិបាលនៅឆ្នាំ១៩៩៨។ តំបន់នេះ បានបង្គប់នូវរឿងរ៉ាវប្រវត្តិសាស្ដ្រជាច្រើន ទាំងរឿងរ៉ាវទាក់ទងនឹងខ្មែរក្រហម របៀបដឹកនាំ រឿងនយោបាយ និងសេដ្ឋកិច្ច។ ក្រៅពីនេះ អន្លង់វែងដែលមានព្រំដែនជាប់ប្រទេសថៃ មានសក្កានុពលទេសចរណ៍ខ្ពស់ ដែលទេសចរជាតិ-អន្ដរជាតិ គួរសិក្សាស្វែងយល់។
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ដូចតទៅ
ក្រោយរបបខ្មែរក្រហមបានរលាយបាត់នៅឆ្នាំ១៩៧៩ ក្រុមមេដឹកនាំខ្មែរក្រហម បានប្រមូលផ្តុំចលនាតស៊ូតាមព្រំដែនថៃ ដើម្បីតស៊ូនឹងទាហានរដ្ឋាភិបាល។ តំបន់អន្លង់វែង នៃខេត្តឧត្ដរមានជ័យ ជាភូមិសាស្ដ្រដ៏សំខាន់ជាងគេនៃការតាំងទីចុងក្រោយនៃទាហានខ្មែរក្រហម គឺចាប់ពីឆ្នាំ១៩៧៩ រហូតដល់១៩៩៨។ តាម៉ុក ជាមេដឹកនាំដែលមានឈ្មោះល្បីល្បាញក្នុងតំបន់នេះ និងត្រូវបានប្រជាជនគោរពស្រឡាញ់ជាខ្លាំង។
ប្រវត្តិសាស្ដ្រជាច្រើនទាក់ទងនឹងរបបខ្មែរក្រហម បានបង្គប់នូវលើទឹកដីអន្លង់វែង ដែលអ្នកជំនាន់ក្រោយត្រូវស្វែងយល់។ បច្ចុប្បន្ន តំបន់នេះក្លាយជាគោលដៅទេសចរណ៍មួយដ៏រស់រវើក ទាំងការសិក្សាស្រាវជ្រាវ និងការកម្សាន្តជាដើម។ ទីតាំងសំខាន់ៗចំនួន១៤ ត្រូវបានរៀបចំជាសារមន្ទីរ និងជាកន្លែងដែលកើតព្រឹត្តិការណ៍ធំៗ ដូចជាសារមន្ទីរផ្ទះតាម៉ុក ផ្នូរប៉ុល ពត ផ្ទះកណ្ដាលរបស់តាម៉ុកលើភ្នំដងរែក និងកន្លែងកាត់ទោសប៉ុល ពត ជាដើម។ល។
ក្រោយតំបន់នេះចូលរួមសមាហរណកម្មឆ្នាំ១៩៩៨ រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការអន្ដរក្រសួងដើម្បីរៀបចំតំបន់នេះឡើងវិញ។ ក្នុងនោះ មជ្ឈមណ្ឌលឯកសារកម្ពុជាត្រូវបានស្នើឱ្យជួយការងារចងក្រងឯកសារ និងការងារមួយចំនួនដើម្បីផ្សះផ្សារសង្គមនៅតំបន់អន្លង់វែង។
បណ្ឌិត លី សុខឃាង ប្រធានមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលស្ថាប័ននេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ បានឱ្យដឹងថា គោលបំណងរបស់រដ្ឋាភិបាលដើម្បីរៀបចំតំបន់អន្លង់វែងជាតំបន់ទេសចរណ៍បែបប្រវត្តិសាស្ដ្រ ហើយវត្តមាននៃគណៈកម្មការអន្ដរក្រសួងបំណងដើម្បីអភិវឌ្ឍន៍ និងអភិរក្សតំបន់នេះ។ លោកបន្តថា ក្រុមការងាររៀបចំនៃអន្លង់វែងត្រូវបានរៀបចំជាបន្តបន្ទាប់ ហើយមជ្ឈមណ្ឌលឯកសារកម្ពុជាទទួលបន្ទុកកិច្ចការស្រាវជ្រាវ និងចងក្រងឯកសារ។ លោកបន្ថែមថា៖« យើងបានបង្កើតជាសៀវភៅប្រវត្តិសាស្ដ្រសហគមន៍អន្លង់វែង តំបន់តស៊ូចុងក្រោយនៃចលនាខ្មែរក្រហម មួយទៀតយើងបានធ្វើជាសៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ ពង្រឹងចំណេះដឹង និងធ្វើបដិសណ្ឋារកិច្ចទៅដល់យុវជន និងអ្នកដែលចាប់អារម្មណ៍ចង់ក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍នៅទីនេះ»។
ដោយសារជាតំបន់កាន់កាប់ចុងក្រោយ ដូច្នេះអន្លង់វែងបានផ្សារភ្ជាប់ទៅនឹងពិភពលោក ព្រោះជាកន្លែងចុងបញ្ចប់របស់ក្រុមមេដឹកនាំខ្មែរក្រហម។ ប្រវត្តិសាស្ដ្រ ធម្មជាតិ អ្នករស់រានមានជីវិត ព្រមទាំងវិសាលភាពនៃការអភិវឌ្ឍន៍ និងអភិរក្ស មានទំហំធំធេង និងជាតំបន់ដែលមានសក្កានុពលខ្ពស់ផ្នែកវិស័យទេសចរណ៍។ តំបន់អន្លង់វែង បានរួមចំណែកក្នុងការផ្សព្វផ្សាយប្រវត្តិសាស្ដ្រ និងរួមចំណែកការពារសន្ដិភាពផង។ បណ្ឌិត លី សុខឃាង ពន្យល់ថា ដ្បិតថាចលនាខ្មែរក្រហមបានបិទបញ្ចប់ក៏ពិតមែន តែគេក៏ត្រូវប្រយ័ត្នប្រយែងផងដែរ។ លោកបន្ថែមថា៖« យើងលើកជាឧទាហរណ៍ ប្រជាជននៅអន្លង់វែងភាគច្រើនគោរពស្រឡាញ់តាម៉ុក តែស្រុកក្បែរនោះគឺត្រពាំងប្រាសាទ ហាក់ដូចជាមិនសូវចូលចិត្តទេ សូម្បីតែខ្មែរក្រហមខ្លួនឯងគាត់ក៏មានក្រុមផ្សេងៗគ្នាដែរ ដូច្នេះសន្ដិភាព ការចងក្រងប្រវត្តិសាស្ដ្រផ្ទាល់មាត់រវាងក្រុមផ្សេងៗគ្នា ហើយមតិយោបល់ទស្សនផ្សេងៗនោះហើយ ដែលអាចធ្វើឱ្យយើងបានដឹងស៊ីជម្រៅអំពីឫសគល់នៃបញ្ហាផ្សេងៗ ហើយអាចទប់ស្កាត់កុំឱ្យកម្ពុជាឬសហគមន៍ប្រទេសទាំងមូល មានបញ្ហាទៅថ្ងៃមុខទៀត យើងធ្វើដើម្បីទ្រទ្រង់ការពារសន្ដិភាព»។
បន្ទាប់ពីធ្វើការច្រើនឆ្នាំមកនេះ បណ្ឌិត លី សុខឃាង មើលឃើញថា បញ្ហាសង្គម ដូចជាការរើសអើងពីសំណាក់ប្រជាជនខាងក្រៅមកលើអតីតទាហានខ្មែរក្រហម ហាក់មានភាពល្អប្រសើរបន្ដិច តែយ៉ាងណាក្នុងនាមមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បណ្ឌិត លី សុខឃាង ប្រាប់ថាលោកនឹងព្យាយាមបញ្ជៀបការយល់ដឹងដល់ប្រជាពលរដ្ឋ និងបង្កើតផែនការបន្ថែមដើម្បីការផ្សះផ្សារសង្គម បន្ទាប់មកទៀតគឺការគិតគូរពីការអភិវឌ្ឍសង្គម។
ក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាជន មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងសហការជាមួយក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បង្កើនការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ពីប្រវត្តិសាស្ដ្រអន្លង់វែង តាមរយៈដំណើរកម្សាន្តរបស់ទេសចរ។ បណ្ឌិត លី សុខឃាង យល់ថា ពេលណាវិស័យទេសចរណ៍ក្នុងស្រុកនេះរីកចម្រើន នឹងជំរុញឱ្យសេដ្ឋកិច្ចប្រជាជនបានល្អប្រសើរ ពិសេសអន្លង់វែងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតគឺនៅចន្លោះខេត្តសៀមរាប និងខេត្តព្រះវិហារ។
ការសិក្សាពីប្រវត្តិសាស្ដ្រខ្លួនឯង ពិតជាមានសារសំខាន់ណាស់សម្រាប់ក្មេងៗជំនាន់ក្រោយ។ បច្ចុប្បន្នកូនៗអតីតទាហានខ្មែរក្រហម ចាប់ពីអនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ មានចំនួន៧ថ្នាក់នៅស្រុកអន្លង់វែង ទទួលបានការអប់រំពីប្រវត្តិសាស្ដ្រខ្មែរក្រហម ពិសេសតំបន់អន្លង់វែង។ ក្រៅពីការសិក្សានេះ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ក៏បានរៀបចំវេទិកា និងកម្មវិធីកម្សាន្តផ្សេងៗទៀត ដើម្បីបញ្ជៀបការផ្សព្វផ្សាយប្រវត្តិសាស្ដ្រដូចជា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង ការប្រគំតន្ដ្រី និងគម្រោងរៀបចំអន្លង់វែងជាតំបន់ប្រវត្តិសាស្ដ្រយោធា និងគម្រោងសង់វិមានឈ្នះឈ្នះនៅលើភ្នំដងរែក។ល៕