អន្តរជាតិ
តុលាការ​បារាំង ទាត់ចោល​បណ្តឹងឧទ្ធរណ៍​លើ​ករណី​ឃាតកម្ម​ប្រធានាធិបតីរ​វ៉ាន់ដា​ឆ្នាំ​១៩៩៤
03, Jul 2020 , 10:29 pm        
រូបភាព
បំណែកយន្តហោះដែលដឹកអតីតប្រធានាធិបតីរ៉វាន់ដា។ រូបភាព AP
បំណែកយន្តហោះដែលដឹកអតីតប្រធានាធិបតីរ៉វាន់ដា។ រូបភាព AP
ដោយ:
​តុលាការ​ឧទ្ធរណ៍​បារាំង នៅ​ថ្ងៃទី​​៣ ខែកក្កដា បាន​ទាត់ចោល​ការស្នើ​ឲ្យ​បើក​ការស៊ើបអង្កេត​ឡើងវិញ​សំណុះ​រឿង​ធ្វើឃាត​អតីត​ប្រធានាធិបតីរ​វ៉ាន់ដា​ដោយ​ការបាញ់​ទម្លាក់​យន្តហោះ​កាលពី​ឆ្នាំ​១៩៩៤​។ តុលាការ​ឧទ្ធរណ៍​បារាំង ត្រូវបាន​ស្នើ​ឲ្យ​ពិនិត្យឡើងវិញ​នូវ​សេចក្តីសម្រេច​ឆ្នាំ​២០១៨ ដែល​ច្រានចោល​ការស៊ើបអង្កេត​លើ​មនុស្ស​ជំនិត​របស់ លោក Paul Kagame ប្រធានាធិបតីរ​វ៉ាន់ដា​បច្ចុប្បន្ន​។​

 
​នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​១៩៩៤  យន្តហោះ​ដឹក​អ្នកដំណើរ មួយគ្រឿង​ត្រូវបាន​មី​ស៊ី​ល​យ៉ាងហោចណាស់​មួយ​គ្រាប់​បាញ់​ទម្លាក់​នៅពេល​ចុះចត ក្នុង​រដ្ឋធានី​គី​ហ្កា​លី ប្រទេសរ​វ៉ាន់ដា​។ យន្តហោះ​មួយគ្រឿង​នោះ កំពុង​ដឹក​លោក Juvenal Habyarimana ប្រធានាធិបតីរ​វ៉ាន់ដា និង​លោក​Cyprien Ntaryamira ប្រធានាធិបតី​ប៊ូ​រុន​ឌី នៅពេលនោះ​។ 
 
​ប្រធានាធិបតី​ទាំងពីរ​រូប​ខាងលើ មកពី​ក្រុម​ជនជាតិ ហ៊ូ​ទូ (Hutu)​។ ឃាតកម្ម​ខាងលើ ប្រៀបបាន​ដូចជា​ប្រេង​ទៅ​ចាក់​លើ​សាំង ទៅលើ​ជម្លោះ​ជនជាតិ​ហ៊ូ​ទូ និង ទុ​ត​ស៊ី​( Tutsi) ដែល​ឈានដល់​ការកាប់សម្លាប់​ប្រល័យពូជសាសន៍​ប្រព្រឹត្ត​ដោយ​ក្រុម​ហ៊ូ​ទូ​ជ្រុលនិយម​រយៈពេល​១០០ ថ្ងៃ​នៅរ​វ៉ាន់ដា​។ ក្រុម​ជនជាតិ​ទុ​ស៊ី​ជាង ៨​សែន​នាក់​បាត់បង់​ជីវិត​។​
 
​នៅ​ឆ្នាំ​១៩៩៨ ក្រោយ​ការដាក់​ពាក្យបណ្តឹង​ពី​សំណាក់​ក្រុមគ្រួសារ​របស់​នាវិក​យន្តហោះ​ខាងលើ ការស៊ើបអង្កេត​លើ​សំណុំ​ធ្លាក់​យន្តហោះ​នេះ​ត្រូវ​ចាប់ផ្តើម​។  ដំបូង​ឡើយ ការស៊ើបអង្កេត​ផ្តោតទៅលើ​មនុស្ស​ជំនិត​របស់លោក Paul Kagame ប្រធានាធិបតីរ​វ៉ាន់ដា​បច្ចុប្បន្ន​ដែលជា​ជន​ទុ​ត​ស៊ី និង​ជា​អ្នកដឹកនាំ​ចលនា​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ហ៊ូ​ទូ ។ នៅ​ឆ្នាំ​២០១២ របាយការណ៍​អ្នកជំនាញ​បារាំង​បាន​បង្ហាញថា មី​ស៊ី​ល​នោះបាន​បាញ់​ចេញពី​ជំរំកងទ័ព​របស់​អតីត​លោក Habyarimana ។​
 
​នៅ​ឆ្នាំ​២០១៨ តុលាការ​បារាំង​សម្រេច​ទម្លាក់ចោល​មិន​បន្ត​ការស៊ើបអង្កេត​ក្រោម​ហេតុផល​ខ្វះ​ភស្តុតាង​។ ដោយ​មិន​អស់ចិត្ត​ក្រុមគ្រួសារ​របស់​នាវិក​ក្នុង​យន្តហោះ ក៏ដូចជា​ភរិយា​របស់​អតីត​ប្រធានាធិបតីរ​វ៉ាន់ដា Habyarimana បានធ្វើ​បណ្តឹងឧទ្ធរណ៍ ឲ្យ​តុលាការ​បន្តធ្វើ​ការស៊ើបអង្កេត​ទាំងអស់ ឬ​ផ្នែក​ណាមួយ និង​នាំ​ជនសង្ស័យ​មក​ជំនុំជម្រះ​នៅ​ចំពោះមុខ​តុលាការ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​យ៉ាងណាមិញ តុលាការ​បារាំង​បាន​បដិសេធ​សំណើ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មេធាវី​ដើមបណ្ដឹង​នៅ​ថ្ងៃទី​៣ ខែកក្កដា​។ ក្រុម​មេធាវី​ដដែល​ប្រកាស កូនក្ដី​របស់ខ្លួន​នឹង​តវ៉ា​ទៅកាន់​តុលាការ​កំពូល​បារាំង​ទៀត​។ 
 
​ការស៊ើបអង្កេត​ទៅលើ​សំណុំ​រឿងនេះ ប្រៀបបាន​ដូចជា​យក​ឈើ​ទៅ​ឆ្កឹះ​ដំបៅ ត្បិត​អី​ក្រោយ​លោក Kagame បាន​ឡើងកាន់​អំណាច​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០០០  បាន​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​បារាំង​នៅ​ចន្លោះ​ឆ្នាំ​២០០៦ និង ២០០៩ ក្រោយ​តុលាការ​បារាំង​ចេញ​ដីការ​ចាប់ខ្លួន​មនុស្ស​ជំនិត​របស់លោក​។​
 
​នៅ​ឆ្នាំ​២០១៤  និង​ជា​ខួប​ទី​២០​ឆ្នាំ នៃ​អំពើ​ប្រល័យពូជសាសន៍ លោក Kagame បាន​ចោទ​បារាំង​ថា បាន​ដើរតួនាទី​ដោយផ្ទាល់​ក្នុង​អំពើ​អមនុស្សធម៌​នេះ​។ នៅ​ឆ្នាំ​២០១៦ លោក Kagame បាន​បើក​ការស៊ើបអង្កេត​ចំពោះ​តួនាទី​របស់​ជនជាតិ​បារាំង​២០​រូប ក្រោយ​យន្តហោះ​ធ្លាក់​ប៉ុន្មាន​ម៉ោង​។ បារាំង តែង​ប្រកែក​រាល់​ការចោទប្រកាន់ ហើយ​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អ៊ែ​ល ម៉ា​ក្រុង​ថែមទាំង​បានប្រកាស​បង្កើត​វេទិកា​ប្រវត្តិវិទូ និង​អ្នក​ស្រា​ជ្រាវ​ដើម្បី​សិក្សា​លើ​ការចោទប្រកាន់​ទាំងនោះ​ទៀតផង​៕
 
 

Tag:
 ​បារាំង​
  រ​វ៉ាន់ដា
© រក្សាសិទ្ធិដោយ thmeythmey.com