ជាតិ
សង្គមជាតិ
សមាគម​មីក្រូហិរញ្ញវត្ថុ អះអាងថា រកឃើញ​ភាពមិនប្រក្រតី​នៃ​របាយការណ៍​អង្គការ​លីកាដូ​
03, Jul 2020 , 4:24 pm        
រូបភាព
​ភ្នំពេញ​៖ សមាគម​មីក្រូហិរញ្ញវត្ថុ អះអាងថា ខ្លួន​បាន​រកឃើញ​ភាពមិនប្រក្រតី​នៅក្នុង​របាយការណ៍​អង្គការ​លីកាដូ ដែល​អមដោយ​វីដេអូ​ខ្លី មាន​ចំណងជើង​ថា «​ការនាំ​ឱ្យមាន​ចំណាកស្រុក​៖ បទពិសោធន៍​នៃ​ភូមិ​មួយ​អំពី​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ការ​ចំណាកស្រុក​ឆ្លងដែន​» (https://bit.ly/3iod2Vm) ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​៥ ឧសភា​កន្លងមក​។​


 
​របាយការណ៍​អង្គការ​លីកាដូ បាន​រកឃើញថា  ការជាប់​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើន​លើសលុប គឺជា​កត្តា​ចម្បង ដែលនាំឱ្យ​ពលរដ្ឋ​ចំណាកស្រុក​។ លីកាដូ ក៏បាន​បង្ហោះ​វីដេអូ​ពលរដ្ឋ​៤​នាក់ ដោយ​បិទមុខ និង​មិន​បញ្ចេញ​អត្តសញ្ញាណ តាមរយៈ​កិច្ច​សម្ភាស​ខ្លួន​ផងដែរ​។​
 
​ក្រោយ​ពិនិត្យមើល​វីដេអូ​នេះ សមាគម​មីក្រូហិរញ្ញវត្ថុ ក៏បាន​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​២​នាក់ ក្នុងចំណោម​៤​នាក់ នៅក្នុង​ភូមិ​គោក​ស្រុក ឃុំ​ស្រះ​រាំង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បី​ផ្ទៀ​ត​ផ្ទាត់​ជាមួយ​បទ​សម្ភាស​របស់​លីកាដូ​។ តាមរយៈ​ការសាកសួរ​នោះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​រកឃើញ​នូវ​ភាពមិនប្រក្រតី​ជាច្រើន​នៃ​របាយការណ៍​នេះ​។  
 
​ភាពមិនប្រក្រតី ដែល​សមាគម​មីក្រូហិរញ្ញវត្ថុ បាន​រកឃើញ​នោះ ត្រង់ចំណុច​បុរស​ពោះម៉ាយ​ម្នាក់ ឈ្មោះ ខុន រ៉េត ដែលមាន​វ័យ​ជាង​៦០​ឆ្នាំ​(​នៅក្នុង​នាទី ០០:២៤) ហើយ​បានផ្ដល់​កិច្ច​សម្ភាស​ឱ្យ​លីកាដូ​នេះ គឺ​មិនដែល​ធ្លាប់បាន​ខ្ចីប្រាក់ ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណាមួយ​ឡើយ ហើយ​ជីវភាព​រស់នៅ​របស់គាត់​ក៏មាន​ភាពប្រសើរ​ឆ្ងាយ​ខុសពី​អ្វីដែល​បាន​រកឃើញ​នៅក្នុង​របាយការណ៍​នេះ​។ «​ដូចនេះ​ការដែល​លើកយក​បទពិសោធន៍​ចំណាកស្រុក​កាលពី​ជាង​១០​ឆ្នាំមុន មក​ភ្ជាប់​នឹង​បំណុល​មីក្រូហិរញ្ញវត្ថុ ទាំង​ដែល​គាត់​មិន​ធ្លាប់​ទទួល​ប្រាក់កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហើយ​អះអាងថា​បំណុល​មីក្រូហិរញ្ញវត្ថុ​ជំរុញឱ្យមាន​ការ​ចំណាកស្រុក គឺជា​រឿង​មិន​ត្រឹមត្រូវ និង​មិនអាច​ទទួលយក​បានឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សមា​គម​មីក្រូហិរញ្ញវត្ថុ​។​
 
​ក្រៅ​បុរស​ខាងលើនេះ សមាគម​មីក្រូហិរញ្ញវត្ថុ ក៏បាន​សាកសួរ​បុគ្គល​ម្នាក់ទៀត ឈ្មោះ វ៉ាន់ ឌី​ឈុំ (​នៅក្នុង​នាទី ០០:២៤) ដែលមាន​អាយុ​២៤​ឆ្នាំ ជា​កម្មករ​ចំណាកស្រុក​ធ្វើការ​សំណង់​នៅ​ប្រទេស​ថៃ​ដែរ​។ ក្រុមគ្រួសារ វ៉ាន់ ឌី​ឈុំ បាន​ជំពាក់​បំណុល​សរុប​ចំនួន ១១​ម៉ឺន​បាត(ជាង៣៥០០ដុល្លារ) ដែល​ក្នុងនោះ កម្ចី​ពី​អ្នក​ចងការ​ប្រាក់​(​ក្រៅ​ប្រព័ន្ធ​) ចំនួន​៩​ម៉ឺន​បាត(ជិត៣០០០ដុល្លារ) និង​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន​តែ​២​ម៉ឺន​បាត(ជាង៦០០ដុល្លារ)​ប៉ុណ្ណោះ ដោយ​ប្រើប្រាស់​ឈ្មោះ​ម្តាយ​ជា​តំណាង​កម្ចី​ប្រាក់​។ គ្រួសារ វ៉ាន់ ឌី​ឈុំ បាន​កម្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជា​ប្រភេទ​កម្ចី​ក្រុម ដែល​មិនមាន​ការដាក់​ទ្រព្យ ឬ​ប្លង់​ធានា​អ្វី​ឡើយ ។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សមាគម​មីក្រូហិរញ្ញវត្ថុ បុគ្គល វ៉ាន់ ឌី​ឈុំ បាន​បញ្ជាក់ថា ជីវភាព​គ្រួសារ​ខ្លួន មាន​ភាពល្អប្រសើរ​ជាង​មុន ក្រោយ​ចំណាកស្រុក​។​
 
​សមាគម​មីក្រូហិរញ្ញវត្ថុ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ការចោទប្រកាន់ថា បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នាំឱ្យ​មានការ​ចំណាកស្រុក គឺជា​រឿង​មិន​ត្រឹមត្រូវ និង​មិនអាច​ទទួលយកបាន ហើយក៏​ឆ្លុះ​ប​ញ្ជាំ​ង​ថា អ្នក​សម្ភាស មិនទាន់​យល់ដឹង​ថា​អ្វី​ទៅជា​សេវា​ហិរញ្ញវត្ថុ ផ្លូវការ​ស្របច្បាប់ និង​អ្វី​ទៅជា​សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ គ្មាន​ច្បាប់​អនុញ្ញាត ដែលមាន​អត្រា​ការប្រាក់​ខ្ពស់ ហើយ​គ្មាន​យន្តការ​ការពារ​អតិថិជន​»​។​
 
​អ្នកភូមិ​ទាំងពីរ​នាក់ សុទ្ធតែ​បញ្ជាក់ថា ពិតជា​បាន​ចូលរួម​សម្ភាស​ក្នុង​ខ្សែ​វីដេអូ​របស់​អង្គការ​លីកាដូ ហើយ​ព័ត៌មាន​ដែល​អ្នក​ទាំងពីរ​នាក់​ផ្តល់ឱ្យ​សមាគម ក៏ត្រូវ​បាន​យកទៅ​ផ្ទៀងផ្ទាត់​បន្ថែម​ជាមួយ​មេភូមិ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផងដែរ​។ នេះ​ជាការ​អះអាង​របស់​សមា​គម​មីក្រូហិរញ្ញវត្ថុ​។​
 
​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង និង​ជា​អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំ​ង តុង​ងី បាន​បញ្ជាក់ថា ស្ថាប័ន​លោក​នឹងដាក់​របាយការណ៍​លម្អិត ដែល​រកឃើញ​ភាពមិនប្រក្រតី​នៃ​របាយការណ៍​លីកាដូ​នេះ ទៅ​អ្នកពាក់ព័ន្ធ​នានា ដូចជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ធនាគារ អង្គការ​អន្តរជាតិ និង​រដ្ឋាភិបាល តាមរយៈ​ធនាគារជាតិ​នៃ​កម្ពុជា ជាដើម​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម លោក កាំ​ង តុង បានបញ្ជាក់​ដូច្នេះ​ថា​៖«​កន្លងមក​ខាង​អង្គការ​លីកាដូ ចេះតែ​ចោទប្រកាន់ វាយប្រហារ​លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ ទាំង​មិនមាន​តថភាព​ជាក់ស្ដែង​។ អ៊ីចឹង​យើង​សង្ឃឹមថា​របាយការណ៍​ល​ម្អិ​តរបស់​យើង​នេះ វា​នឹង​បង្ហាញ​ទៅកាន់​សាធារណជន ក៏ដូចជា​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ឱ្យបាន​យល់​ពី​រឿង​ពិត ថា​តើ​អ្វីដែល​គាត់​(​លីកាដូ​) សរសេរ ហើយ​ច្បិច​យកមក​បន្តិចបន្តួច​ហ្នឹង ហើយ​វា​ខុស​ទៅទៀត​។ តែ​យើង​ក៏​មិនមាន​ចំណាត់ការ​ផ្លូវច្បាប់​អី​នៅឡើយ​ទេ ព្រោះ​វា​មិនមែនជា​ជម្រើស​សម្រាប់​យើង​នៅឡើយ​ទេ ក្នុងដំណាក់កាល​នេះ​»​។​
 
​កាលពី​ថ្ងៃទី​៥ ឧសភា អង្គការ​លីកាដូ បានចេញ​របាយការណ៍​មួយ ដែល​អមដោយ​វីដេអូ​ខ្លី មាន​ចំណងជើង​ថា «​ការនាំ​ឱ្យមាន​ចំណាកស្រុក​៖ បទពិសោធន៍​នៃ​ភូមិ​មួយ​អំពី​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ការ​ចំណាកស្រុក​ឆ្លងដែន​» (https://bit.ly/3iod2Vm)​។ តាមរយៈ​ការធ្វើ​បទសម្ភាសន៍​ជាមួយ​សមាជិកគ្រួសា​រដែ​ល​ស្នាក់​នៅផ្ទះ​ចំនួន​៣០​គ្រួសារ អ្នកស្រាវជ្រាវ​របស់​អង្គការ​លីកាដូ បាន​រកឃើញថា ការជាប់​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើន​លើសលុប នាំឱ្យមាន​ការធ្វើ​ចំណាកស្រុក​ចេញពី​ភូមិ ។ លីកាដូ បាន​អះអាងថា ការពិត​ដែល​បំណុល​មីក្រូហិរញ្ញវត្ថុ​នាំឱ្យមាន​ចំណាកស្រុក​នៅ​កម្ពុជា ត្រូវបាន​កត់សម្គាល់​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​អង្គការ​ចំណាកស្រុក​អន្តរជាតិ (IOM) និង​អង្គការសហប្រជាជាតិ​ស្តីពី​គ្រឿងញៀន និង​បទឧក្រិដ្ឋ​នៅ​កម្ពុជា (UNODC) ។​
 
​អ្នកនាង ណា​លី ពី​ឡូ​ក នាយិកា​អង្គការ​លីកាដូ បាន​បញ្ជាក់ថា គ្រួសារ​ជាច្រើន​បាន​ចាក​ចេញពីផ្ទះ និង​ប្រទេស​កំណើត​របស់​ពួកគាត់ ដើម្បី​រកប្រាក់​សងបំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ។ អ្នកនាង​បាន​អះអាង​ដូច្នេះ​ថា​៖ «​ពេលនេះ អតីត​ពលករ​ចំណាកស្រុក​រាប់សែន​នាក់ មិនអាច​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ទៀត​បានទេ ដោយសារ​បញ្ហា​វីរុស​កូ​វីដ​១៩ ដូច្នេះ​អង្គការ​លីកាដូ​សង្ឃឹមថា រាជរដ្ឋាភិបាល និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អាចជួយ​អ្នក​ខ្ចីប្រាក់​ទាំងនេះ​ដោយ​ផ្អាក​ការសង​បំណុល និង​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ម្ចាស់ទ្រព្យ​វិញ​» ។​
 
​តែ​យ៉ាងណា សមាគម​មីក្រូហិរញ្ញវត្ថុ បាន​អះអាង​តប​ថា អង្គការ​លីកាដូ​ជារឿយៗ បានចេញ​ផ្សាយ​ការសិក្សា​ទាក់ទង​នឹង​វិស័យ​មីក្រូហិរញ្ញវត្ថុ ដែល​មិនបាន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​រួម ដោយ​ផ្តោត​តែ​លើ​ផ្នែក​អវិជ្ជមាន ហើយ​ការសិក្សា​នេះ​ទៀតសោត ក៏​មិនអាច​ផ្ទៀងផ្ទាត់​ឡើងវិញ​បាន ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៩​មក​។ «​ផ្អែកលើ​ហេតុផល​នេះ និង​តាម​អ្វីដែល​យើង​បាន​រកឃើញ​ផ្ទាល់ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​មន្ទិលសង្ស័យ​ចំពោះ​សុចរិត​ភាព និង​គោលបំណង​ពិតប្រាកដ​របស់​អង្គការ​លីកាដូ អំពី​ការសិក្សា​ផ្សេងៗ​កន្លងមក​ដែល​ទាក់ទង​នឹង​វិស័យ​មីក្រូហិរញ្ញវត្ថុ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សមា​គម​មីក្រូហិរញ្ញវត្ថុ​។​
 
អត្ថបទទាក់ទង
 
 
គិត​ត្រឹម​ដំណាច់​ខែមេសា ឆ្នាំ​២០២០ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នៃ​សមាជិក​របស់​សមាគម បាន​បញ្ចេញ​ប្រាក់កម្ចី​ដល់​ប្រជាជន​កម្ពុជា ជាង​២,១​លាន​នាក់ ដែលមាន​ទំហំ​ឥណទាន​សរុប ជាង​៣០​ទ្រី​លាន​រៀល (៧,៤​ប៊ី​លាន​ដុល្លា​) ខណៈ​អតិថិជន​បញ្ញើ​សរុប​មាន​ជាង​២,៨​លាន​នាក់ និង​មាន​ប្រាក់​បញ្ញើ​សរុប ជាង​១៥​ទ្រី​លាន​រៀល (៣,៧​ប៊ី​លាន​ដុល្លា​) ៕

Tag:
 ឥណទាន​
  COVID-19
  លីកាដូ
© រក្សាសិទ្ធិដោយ thmeythmey.com