COVID-19
អន្តរជាតិ
លោក គីម ជុង​អ៊ុន សាទរ​ពី​ជោគជ័យ​របស់​កូរ៉េខាងជើង​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ COVID-19
04, Jul 2020 , 9:19 am        
រូបភាព
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងកិច្ចប្រជុំកន្លងទៅ។ រូបភាព AFP
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងកិច្ចប្រជុំកន្លងទៅ។ រូបភាព AFP
ដោយ:
​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បានប្រកាស​សាទរ​ពី​ជោគជ័យ​ត្រចះត្រចង់​ក្នុងការ​ទប់ស្កាត់​ជំងឺ​COVID-19 ក្នុងប្រទេស ដ្បិត​រដ្ឋ​ឯកោ​មួយ​នេះ​អះអាងថា ខ្លួន​ពុំមាន​ករណី​ឆ្លង​សូម្បី​តែមួយ​ករណី​នៅឡើយ​។​

 
​នៅក្នុង​កិច្ចប្រជុំ​ការិយាល័យ​នយោបាយ​បក្ស​ពលករ​កូរ៉េ នា​ថ្ងៃទី​២ ខែកក្កដា ដែល​ផ្តោតលើ​ផលប៉ះពាល់​របស់​ជំងឺ​COVID-19  លោក គីម ជុង​អ៊ុន បាន​កោតសរសើរ​ពី​ភាពជោគជ័យ​របស់​កូរ៉េខាងជើង​ក្នុងការ​ទប់ស្កាត់​ជំងឺ​ដែល​កំពុង​រាតត្បាត​ពាស​ពេញ​ពិភពលោក​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ពី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA​។​
 
​ក្នុង​កិច្ចប្រជុំ​នោះ លោក​គីម បាន​វាយតម្លៃ​ខ្ពស់​ពី​ការដឹកនាំ​របស់​គណកម្មាធិកា​រ​មជ្ឈិមបក្ស​ដែលមាន​ចក្ខុវិស័យ​វែងឆ្ងាយ ក៏ដូចជា​ការចូលរួម​ចំណែក​របស់​ពលរដ្ឋ​កូរ៉េខាងជើង​គ្រប់រូប​ដែល​រួម​ជា​ធ្លុង​មួយ គោរព​តាម​បញ្ជា​របស់​ក្បាលម៉ាស៊ីន​ដឹកនាំ​។ យ៉ាងណាក្តី លោក គីម ក៏​ឆ្លៀត​ព្រមាន​ផង​ពី​វិធាន​ការបើក​ប្រទេស​វិញ​យ៉ាង​ប្រញាប់ប្រញាល់ ដែល​អាច​បណ្តាល​ឲ្យ​មាន​ផលប៉ះពាល់​ដែល​មិន​នឹកស្មាន​ដល់ និង​វិបត្តិ​ដែល​មិនអាច​ស្រោចស្រង់​បាន​។​
 
​តាំងតែ​ពី​ជំងឺ​COVID-19 ផ្ទុះឡើង​នៅ​ក្រុង​វូ​ហាន​ប្រទេស​ចិន​មក កូរ៉េខាងជើង​បានចេញ​វិធានការ​រាំងខ្ទប់​ការឆ្លង​យ៉ាង​ឆាប់រហ័ស​។ ជាក់ស្តែង​ប្រទេស​នេះ បាន​បិទ​ព្រំដែន​ជាមួយ​ប្រទេស​ចិន​តាំងតែ​ពីថ្ងៃ​ទី​២២ ខែមករា បិទ​សាលារៀន ក៏ដូចជា​ដាក់​មនុស្ស​រាប់ពាន់នាក់​ឲ្យ​នៅ​ដាច់ដោយឡែក​។ មិនតែប៉ុណ្ណោះ បុគ្គល​ទាំងឡាយណា​ដែល​ចូល​ទឹកដី​កូរ៉េខាងជើង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រហូតដល់​៣០​ថ្ងៃ​ឯណោះ​។​
 
​ចំណាត់ការ​ដ៏​តឹងរ៉ឹង​ប្រឆាំងនឹង COVID-19 របស់​កូរ៉េខាងជើង​នេះ ក៏​បណ្តាល​ឲ្យ​ប្រទេស​មួយចំនួន​សម្រេច​បិទ​ស្ថានទូត​នៅ​ទីក្រុង​ព្យុងយ៉ាង​បណ្តោះអាសន្ន ដ្បិតថា វា​មានការ​ពិបាក​ក្នុង​ការនាំយក​បុគ្គលិក សម្ភារៈ​ផ្គត់ផ្គង់ និង​លុយ​ជាដើម​។​
 
​យ៉ាងណាមិញ វា​មានការ​យល់ឃើញថា កូរ៉េខាងជើង​ទំនង​មិន​រួច​ផុតពី​ការឆ្លង​ជំងឺ COVID-19 នេះឡើយ ដោយ​បន្ថែមថា ប្រព័ន្ធ​សុខាភិបាល​របស់​កូរ៉េខាងជើង​ដែល​យ៉ាប់យ៉ឺន​ស្រាប់ នឹង​ប្រឈម​បញ្ហា​ធំ បើសិនជា​មានការ​ឆ្លង​ទ្រ​ង​ទ្រាយ​ធំ​។​
​បន្ថែម​ពីនេះ របាយការណ៍​របស់​អ្នកជំនាញ​អង្គការសហប្រជាជាតិ បាន​ព្រមាន​ពី​បញ្ហា​សន្តិសុខ​ស្បៀង ត្បិត​អី​វិធាន​ការបិទ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង បណ្តាល​ឲ្យ​គ្រោះ​ទុរភិក្ស​កើតមានឡើង​កាន់តែ​អាក្រក់​ខ្លាំង ជាពិសេស​នៅតាម​ព្រំដែន​។ អ្នកការទូត និង​អ្នកវិភាគ​ជឿថា របប​កូរ៉េខាងជើង​អាច​នឹង​បន្ត​បិទ​ព្រំដែន​របស់ខ្លួន​រយៈពេល​ពេញ​មួយឆ្នាំ ២០២០​នេះ​។ មុននឹង​ជំងឺ COVID-19 ផ្ទុះឡើង ប្រជាជន​កូរ៉េខាងជើង​ច្រើនជាង​៤០​ភាគរយ​រួចទៅហើយ បាន​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង ដោយ​មួយចំនួនធំ​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ផងដែរ​៕  

© រក្សាសិទ្ធិដោយ thmeythmey.com