ជាតិ
បណ្ណសមធម៌៖ រដ្ឋមន្ត្រីសង្គមកិច្ច ស្នើឲ្យក្រសួងមហាផ្ទៃ ចាត់វិធានការច្បាប់លើមន្រី្តពុករលួយ វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី ក្នុងពិធីសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព បញ្ហ
× ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើលិខិតទៅក្រសួងមហាផ្ទៃ ដើម្បីសុំឲ្យចាត់វិធានការលើមន្រី្តពុករលួយ លើការធ្វើបណ្ណសមធម៌។ ការស្នើនេះ ធ្វើឡើយក្រោយពីរកឃើញមានភាពមិនប្រក្រតីនៅលើមន្រី្តមូលដ្ឋានយកប្រាក់ពីពលរដ្ឋ ក្នុងស្រុកមេសាង ខេត្តព្រៃវែង។
លោក វង សូត អះអាងថា ក្រុមការងាររបស់ក្រសួងសង្គមបានចុះពិនិត្យនៅមូលដ្ឋានក្នុងស្រុកមេសាង ខេត្តព្រៃវែង ឃើញមានមន្រី្តពុករលួយយកលុយពីពលរដ្ឋក្រីក្រមែន។ បន្ទាប់ពីឃើញបែបនេះ រដ្ឋមន្រី្តសង្គមកិច្ច បានឲ្យក្រុមការងារធ្វើលិខិតទៅក្រសួងមហាផ្ទៃ ដើម្បីសុំការអន្តរាគមន៍។
រដ្ឋមន្រី្តក្រសួងសង្គមកិច្ច ថ្លែងក្នុងសន្និសីទព័ត៌មានស្ដីពីភាពមិនប្រក្រតីនិងការតវ៉ាជុំវិញការអនុវត្ថកម្មវិធីឧបត្ថម្ភប្រាក់ជូនពលរដ្ឋក្រីក្រនិងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងសង្គមកិច្ច កាលពីថ្ងៃទី២ ខែកក្កដាថា៖ «ត្រូវធ្វើលិខិតទៅក្រសួងមហាផ្ទៃភ្លាម ហើយយើងបង្ហាញកន្លែងមួយ ពីរ បី ដែលមិនប្រក្រតី រួមហើយសុំគោលការណ៍ឲ្យមានការណែនាំ ដាសតឿនយ៉ាងណា តាមនីតិវិធីនៃច្បាប់របស់ក្រសួងមហាផ្ទៃ»។
យ៉ាងណាក៏ដោយ លោក វង សូត សង្កត់ធ្ងន់ថា បើរកឃើញមន្រី្តណាដែលរំលោភបំពាន់ឬអនុវត្តខុសពីគោលការណ៍ ត្រូវតែចាត់ការតាមនីតិវិធីនៃច្បាប់ ដោយមិនត្រូវលើកលែងឡើយ។
ភាពមិនប្រក្រតីនៃការធ្វើបណ្ណសមធម៌នេះ មានប្រមាណ១៥០០ករណី ដែលក្រសួងផែនការបានរកឃើញ នៅអំឡុងពេលនៃវិបត្តិកូវីដ-១៩។ នេះបើតាមអ្នកនាំពាក្យក្រសួងផែនការ លោក ស្រី ដា ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទទៀតថា ភាពមិនប្រក្រតីដែលក្រុមការងាររបស់ក្រសួងផែនបានរកឃើញ គឺភាគច្រើនបាត់បណ្ណសមធម៌។ លោកបន្ថែមថា បច្ចុប្បន្នក្រសួងផែនការបានបញ្ចប់ការស្រង់ទិន្ន័យជុំទី២ហើយ ប៉ុន្តែពលរដ្ឋក្រីក្រនៅតែធ្វើបណ្ណសមធម៌បន្តបានដដែល តាមរយៈការស្នើសុំទៅឃុំ-សង្កាត់។
កន្លងមក សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តបានព្រមមានថា នឹងមិនឲ្យមន្រី្តណាម្នាក់រួចខ្លួននោះទេ បើធ្វើរឿងមិនត្រឹមត្រូវណាមួយ ក្នុងការអនុវត្តកម្មវិធីសង្គមកិច្ចមួយនេះ។ សម្ដេច បញ្ជាក់ថា មន្ត្រីនៅតាមមូលដ្ឋាន ជាពិសេសថ្នាក់ភូមិ និង ឃុំ-សង្កាត់ គឺជាតួអង្គដ៏សំខាន់ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពនិងតម្លាភាព លើកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល ដល់អ្នកក្រីក្រនិងជនងាយរងគ្រោះ ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩នេះ៕
Tag:
ជនក្រីក្រ
បណ្ណសមធម៌
© រក្សាសិទ្ធិដោយ thmeythmey.com