ជាតិ
៦ខែ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនជាង៤ពាន់ករណី និងចាប់ជនល្មើសជាង៨ពាន់នាក់ គ្រឿងញៀន ដែលប្រមូលបានពីករណីបទល្មើសគ្រឿងញៀនខុសច្បាប់ជិត៥០០គីឡូក្រាម ត្រូវបានអាជ្ញាធរដុតបំផ្លាញ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី២៦ ខែមិថុនា។
× រយៈពេល៦ ខែឆ្នាំ២០២០កន្លងទៅ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង៤ពាន់ករណី និងឃាត់ខ្លួនជនល្មើសគ្រឿងញៀនបានជាង៨ពាន់នាក់។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា ក្នុងប្រតិបត្តិបង្ក្រាបបទល្មើសគ្រឿងញៀនចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួនជាង ៤ពាន់ករណី កើនឡើងជាង២៧ភាគរយ ដោយឃាត់ខ្លូនជនល្មើសគ្រឿងញៀនចំនួនជាង៨ពាន់នាក់ កើនជាង២៦ភាគរយ បើបៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។
ក្នុងចំណោមជនល្មើសគ្រឿងញៀនទាំង៨ពាន់នាក់ មានជនជាតិខ្មែរចំនួន៨,៣៦៩នាក់ ជនជាតិវៀតណាម ៩៦នាក់ ឡាវ ២នាក់ ថៃ ៣នាក់ ចិន១៣នាក់ មីយ៉ាន់ម៉ា១ម្នាក់ ឥណ្ឌូណេស៊ី ១នាក់ សិង្ហបុរី ១នាក់ ជប៉ុន១ម្នាក់ និងនីហ្សេរីយ៉ា១ម្នាក់។
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការឆមាសទី១ និងដាក់ចេញទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២០ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះថា គ្រឿងញៀន គឺជាបញ្ហាសកល និងជាបទឧក្រិដ្ឋឆ្លងដែន ដូចនេះរដ្ឋាភិបាលបានដាក់ចេញយុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស ដើម្បីលុបបំបាត់គ្រឿងញៀន។ លោកបន្តថា យុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀននេះ គឺជាចលនាជាតិ ដែលត្រូវចូលរួមពីគ្រប់ភាគី ជាពិសេសពលរដ្ឋនៅក្នុងសហគមន៍ ត្រូវសហការណ៍ជាមួយសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៩ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស បានចំនួនជាង៩ពាន់ករណី ឃាត់ខ្លួនជនសង្ស័យបានជាង២ម៉ឺននាក់ ក្នុងនោះមានជនបរទេស៤៤៧នាក់ រឹបអូសគ្រឿញៀនបានជាង៧៥០គីឡូក្រោម៕
© រក្សាសិទ្ធិដោយ thmeythmey.com