ជាតិ
ពីនេះ ពីនោះ
រមណីយដ្ឋាន​ផ្ទះ​តា​ម៉ុក​ជា​គោលដៅ​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​ក្នុងស្រុក​អន្លង់វែង​
04, Jul 2020 , 7:59 pm        
រូបភាព
​អន្លង់វែង​-​ឧត្ដរមានជ័យ​៖ ដ្បិត​របប​ខ្មែរក្រហម​បាន​រលាយបាត់​ច្រើន​ឆ្នាំទៅ​ហើយក៏​ពិតមែន តែ​ការចងចាំ​របស់​ប្រជាពលរដ្ឋ​នៅតែមាន​។ អន្លង់វែង ត្រូវបាន​គេ​ស្គាល់​ថា ជា​កន្លែង​កាន់កាប់​ចុងក្រោយ​នៃ​ចលនា​ខ្មែរក្រហម ហើយ​ប្រវត្តិសាស្ដ្រ​ជាច្រើន​បាន​នៅ​ដិត​ជាប់​ក្នុង​តំបន់​តស៊ូ​ចុង​ក្រោយនេះ​។ ទីតាំង​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​ខ្មែរក្រហម ត្រូវបាន​រដ្ឋាភិបាល​រៀបចំ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ  ដូចជា​រមណីយដ្ឋាន​ផ្ទះ​តា​ម៉ុក ជាដើម​។

 
 
​ខាងក្រោម​នេះ ជា​ទិដ្ឋភាព​ខ្លះៗ​នៅផ្ទះ​តា​ម៉ុក និង​ពើយ​តា​រួន លើ​ខ្នងភ្នំ​ដងរែក សូម​អញ្ជើញ​ទស្សនា​
 


 
​ផ្ទះ​តា​ម៉ុក (​ផ្ទះ​ក្បែរ​មាត់បឹង​) សង់​ឡើង​នៅលើ​អតីត​កូនភ្នំ​មួយ ដែល​ត្រូវ​បានគាស់​រំលើង ដើម្បី​យក​ថ្ម​មក​សាងសង់​ស្ពាន និង​ទំនប់​អូរ​ជីក​។ នៅ​បរិវេណ​ផ្ទះ​នេះ​មានផ្ទះ​៤​ខ្នង​។ ផ្ទះ​ទីមួយ ដែល​សង់​ឡើង​នៅ​ឆ្នាំ​១៩៩៣ មាន​ជញ្ជាំង​ឈើ និង​ដំបូល​ធ្វើ​ពី​ស៊ី​ប្រូ​ស៊ីម៉ង់ត៍​។ ផ្ទះ​ទី​ពីរ មាន​ទំហំ​ធំជាងគេ ត្រូវ​ចំណាយពេល​២​ឆ្នាំ ទើប​អាច​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​១៩៩៦​។ ផ្ទះ​នេះ​មាន​កម្ពស់​បី​ជាន់ ដែល​ជាន់​ទីមួយ​គឺ​បន្ទប់សម្ងាត់ និង​មានតែ​តា​ម៉ុក​ម្នាក់​តែប៉ុណ្ណោះ​ដែល​អាច​ចេញចូល​បាន​។ ជាន់​ទី​ពីរ ជា​កន្លែង​សម្រាប់​ប្រជុំ  ជាន់​ទី​បី​ជា​បន្ទប់​សម្រាក់​របស់​តា​ម៉ុក​។ ផ្ទះ​ទី​បី ត្រូវបាន​ប្រើប្រាស់​សម្រាប់​កន្លែង​ស្នាក់នៅ​របស់​សាច់ញាតិ និង​អ្នក​ដែល​មក​ពឹង​តា​ម៉ុក​។ រីឯ​ផ្ទះ​ទី​បួន សង់​នៅ​ឆ្នាំ​១៩៩៣ សម្រាប់​បុគ្គលិក និង​ចុងភៅ​របស់​តា​ម៉ុក​ស្នាក់នៅ​។​


 
​ផ្ទះ​ទី​ពីរ ដែល​ធំជាងគេ តា​ម៉ុក បាន​បញ្ជា​ឱ្យ​កម្មករ​ទៅ​កាប់​ដើម​ទ្រាស ទាំងមូល​មក​ធ្វើ​សសរផ្ទះ​។ តា​ម៉ុក បាន​ហាម​មិនឱ្យ​កម្មករ​កាត់ចោល​សូម្បីតែ​សំបកឈើ​។ ពីដំបូង ដំបូលផ្ទះ​នោះ​ត្រូវបាន​សាងសង់ឡើង​អំពី​ឈើ ប៉ុន្តែ​ដោយសារ​អាកាសធាតុ ឈើ​បាន​រីក និង​រួម​មាឌ បី​ខែ​ក្រោយមក​មាន​ទឹកភ្លៀង​ជ្រាបចូល​តាម​ដំបូល ទើប​តា​ម៉ុក​បញ្ជា​ឱ្យ​ប្ដូរ​ដំបូល​ក្បឿង​វិញ​។  (​ខ្លឹមសារ ដកស្រង់​ចេញពី​សៀវភៅ «​ប្រវត្តិសាស្ដ្រ​សហគមន៍​អន្លង់វែង តំបន់​កាន់កាប់​ចុងក្រោយ​របស់​ចលនា​ខ្មែរក្រហម​» បោះពុម្ពផ្សាយ​នៅ​ឆ្នាំ ២០១៤)


 
​គួរ​បញ្ជាក់ថា រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​ចំនួន​១៤​ទីតាំងនៅ​ក្នុងស្រុក​អន្លង់វែង ត្រូវបាន​រដ្ឋាភិបាល​រៀបចំ​សម្រាប់​ការ​ទស្សនា ក្នុងនោះ​រួមមាន ផ្ទះ​ក្បែរ​មាត់បឹង​របស់​តា​ម៉ុក ,​ផ្នូរ​ប៉ុល ពត ,​កន្លែង​កាត់ទោស ប៉ុល ពត ,​ផ្ទះ​កណ្ដាល​លើ​ភ្នំ​ដងរែក​របស់​តា​ម៉ុក ដែល​បច្ចុប្បន្ន​ក្លាយជា​មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង ,​កន្លែង​សម្លាប់ សុន សេន​, សាលារៀន តា​ម៉ុក​, ឃ្លាំង​។​ល​៕




















 
 

Tag:
 ផ្ទះ​តា​ម៉ុក​
  អន្លង់វែង​
  ទេសចរណ៍​ប្រវត្តិសាស្ដ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com