អន្តរជាតិ
អាមេរិក បញ្ជូននាវាដឹកនាំយន្តហោះពីរគ្រឿងទៅសមុទ្រចិនខាងត្បូង ខណៈចិនកំពុងធ្វើសមយុទ្ធ នាវាដឹកយន្តហោះរបស់អាមេរិក USS Ronald Reagan ។ រូបភាព AFP
× សហរដ្ឋអាមេរិក បានបញ្ជូននាវាដឹកនាំយន្តហោះពីរគ្រឿងទៅកាន់សមុទ្រចិនខាងត្បូងដើម្បីធ្វើលំហាត់យោធា និងអនុវត្តសេរីភាពនាវាចរណ៍ក្រោមច្បាប់អន្តរជាតិ។ វត្តមាននាវាដឹកនាំយន្តហោះអាមេរិក កើតឡើងស្របពេលដែលយោធាចិនកំពុងធ្វើសមយុទ្ធនៅតំបន់ប្រទាញប្រទង់នេះដូចគ្នា។ ប៉ុន្តែកងទ័ពជើងទឹកអាមេរិកអះអាងថា សមយុទ្ធអាមេរិក មិនមែនឆ្លើយតបនឹងលំហាត់យោធារបស់ចិននៅក្បែរប្រជុំកោះប៉ារ៉ាសែលឡើយ។
នាវាដឹកនាំយន្តហោះ USS Nimitz និង USS Ronald Reagan បានធ្វើប្រតិបត្តិការ និងចូលរួមក្នុងសមយុទ្ធនៅលើផ្ទៃទឹកសមុទ្រចិនខាងត្បូងនៅថ្ងៃទី៣ ខែកក្កដា ដើម្បីគាំទ្រឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។ នេះបើតាមការប្រកាសរបស់កងទ័ពជើងទឹកអាមេរិកនៅថ្ងៃទី៣ ខែកក្កដាដដែល។
ប៉ុន្តែកងទ័ពជើងទឹកអាមេរិក មិនបានបញ្ជាក់ពីទីតាំងជាក់លាក់ដែលនាវាដឹកយន្តហោះទាំងពីរនេះ ធ្វើប្រតិបត្តិការនៅសមុទ្រចិនខាងត្បូងឡើយ។ បើតាមកាសែតអាមេរិក Wall Street Journal ឧត្តមនាវីត្រី George M Wikoff មេបញ្ជាការក្រុមនាវាដឹកនាំយន្តហោះ USS Ronald Reagan បញ្ជាក់ថា គោលដៅនៃលំហាត់យោធានេះ គឺផ្ដល់សញ្ញាឲ្យសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់របស់អាមេរិកពីការប្ដេជ្ញាចិត្តរបស់អាមេរិកក្នុងការពារស្ថិរភាព និងសន្តិសុខតំបន់។
មេបញ្ជាការដដែលនេះ បន្តថា ប្រតិបត្តិការរបស់ទ័ពជើងងអាមេរិក មិនមែនជាការឆ្លើយតបអ្វីទៅនឹងសមយុទ្ធយោធារបស់កងទ័ពចិនដែលកំពុងធ្វើនៅតំបន់នេះដែរ។ កងទ័ពជើងទឹកចិន ក៏កំពុងធ្វើសមយុទ្ធរយៈពេល៥ថ្ងៃរបស់ខ្លួនដែរនៅក្បែរដែនកោះប៉ារ៉ាសែលនៃសមុទ្រចិនខាងត្បូងដែលចិនទាមទារស្ទើរទាំងស្រុង ដោយចាប់ផ្ដើមពីថ្ងៃទី១ ខែកក្កដាកន្លងទៅ។
ហ្វីលីពីន និងវៀតណាមដែលទាមទារកម្មសិទ្ធិលើកោះនេះ បានថ្កោលទោសចិនយ៉ាងខ្លាំងចំពោះសមយុទ្ធនេះ ដោយចាត់ទុកជាការបំពានអធិបតេយ្យ។ ទីក្រុងហាណូយ និងម៉ានីលក៏ព្រមានដែរថា សកម្មភាពរបស់ចិននឹងបង្កើនកម្ដៅភាពតានតឹងក្នុងតំបន់ ហើយក៏ប៉ះពាល់ដល់ទំនាក់ទំនងអ្នកជិតខាងផងដែរ។
តាមពិតទៅ វត្តមាននាវាដឹកយន្តហោះអាមេរិកនៅសមុទ្រចិនខាងត្បូង មិនមែនជារឿងថ្មីឡើយ។ កន្លងទៅ អាមេរិកតែងបញ្ជូននាវារបស់ខ្លួនមិននាវាដឹកយន្តហោះ ឬនាវាចម្បាំងឡើយទៅកាន់តំបន់សមុទ្រដ៏មមាញឹកតែពោរពេញដោយភាពតានតឹងមួយនេះ។ ពេលខ្លះ នាវាដឹកនាំយន្តហោះអាមេរិកដល់ទៅបីគ្រឿងឯណោះបើកកាត់ដែនទឹកមួយនេះ ទោះជារងប្រតិកម្មខ្លាំងពីទីក្រុងប៉េកាំងក្ដី៕
Tag:
អាមេរិក
ចិន
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com