ជាតិ
តំបន់អភិរក្សសត្វស្លាប និងព្រៃលិចទឹកនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នឹងក្លាយជាមណ្ឌលទេសចរណ៍ធម្មជាតិ
×
ដោយ៖ ខន ណារី
តំបន់អភិរក្សសត្វស្លាប និងព្រៃលិចទឹក ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នឹងក្លាយជាមណ្ឌលទេសចរណ៍ធម្មជាតិ ដែលជាការផ្ដួចផ្ដើមពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ នេះបើតាមលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំនា ឱកាសចុះពិនិត្យការដ្ឋានសាងសង់ទំនប់បង្ហៀរទឹក ព្រែកតាកុច និងបឹងកណ្ដេរ ស្ថិតក្នុងស្រុកក្រូចឆ្មារ។
លោកអភិបាលខេត្ត បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមថែរក្សាទីតាំងទំនប់ទាំងនោះឲ្យបានល្អ ដោយរក្សាបានសត្វស្លាបធម្មជាតិ និង កន្លែងជម្រកត្រីពងកូន ព្រមទាំងជំរុញឲ្យពលរដ្ឋលើកកម្ពស់បរិស្ថាន ទុកសម្រាប់ជាគុណប្រយោជន៍ ដល់សង្គមជាតិយើងទាំងអស់គ្នា ក្នុងន័យស្តារ និងអភិរក្សតំបន់ដីសើម ឲ្យបានប្រសើរឡើងវិញ ដើម្បីជាប្រភពសម្រាប់បង្កើតជម្រកមច្ឆជាតិ និងជីវចម្រុះ។
លោក ជាម ច័ន្ទសោភ័ណ បានបន្តថា តាមចក្ខុវិស័យ នឹងអភិវឌ្ឍប្រែក្លាយពីតំបន់ព្រៃរនាម ទៅជាជម្រកត្រីពងកូន និងតំបន់ដីសើមមួយនេះ ឱ្យក្លាយទៅជាកន្លែង អភិរក្សបរិស្ថាន វិទ្យាសាស្ត្រអេកូទេសចរណ៍ និងជាទីពិសោធន៍ជីវចម្រុះនៅខេត្តត្បូងឃ្មុំ។
បើតាមលោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ ការដ្ឋានសាងសង់ទំនប់បង្ហៀរទឹក ព្រែកតាកុច និងបឹងកណ្តេរ គឺជាប្រភពទឹកផង និងជាកន្លែងផ្តល់ជម្រកត្រីផងដែរ ពិសេសសម្រាប់ប្រជាកសិករច្រើនជាង៤០០០គ្រួសារ ប្រើប្រាស់ទឹកក្នុងការធ្វើស្រែចំការ ដោយមានវិសាលភាព ស្រោចស្រពស្រែច្រើនជាង១ម៉ឺនហិចតា នៅជុំវិញតំបន់នោះ ដែលទីតាំងទាំងនេះស្ថិតនៅក្នុង ឃុំរការខ្នុរ និង ឃុំឈូក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ខេត្តត្បូងឃ្មុំ មានសក្តានុពលលើវិស័យទេចរណ៍ ជាអាទិភាពលើការអភិវឌ្ឍរមណីដ្ឋានធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានកែច្នៃ។ ការអភិវឌ្ឍនេះ សំដៅលើកកម្ពស់គុណភាពវិស័យទេសចរណ៍ ក្នុងន័យរួមចំណែកការអភិរក្សធនធានធម្មជាតិ ការអភិវឌ្ឍប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ផ្តល់ឱកាសការងារ បង្កើតប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក និងជួយចូលរួមកាត់បន្ថយការបម្រែបម្រួលអាកាសធាតុផងដែរ៕
សម្រាប់ព័ត៌មានទេសចរណ៍ កសិកម្ម និងជំនួញនានានៅតាមបណ្តាខេត្ត-រាជធានី សូមចូលទៅកាន់
www.thmeythmey25.com
© រក្សាសិទ្ធិដោយ thmeythmey.com