ជាតិ
អភិបាលស្រុក​បន្ទាយស្រី​មាន​គម្រោង​ឱ្យ​ពលរដ្ឋ​ប្រកួត​ដាំ​ផ្កា​និង​រៀបចំផ្ទះ​ស្អាត​គំរូ​
05, Jul 2020 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ រដ្ឋបាល​ស្រុក​បន្ទាយស្រី កំពុង​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​ពលរដ្ឋ​ដាំ​ផ្កា រៀបចំផ្ទះ​ឱ្យមាន​សោភ័ណ និង​អនាម័យ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «២០២០ បន្ទាយស្រី​ស្អាត​»​។ អភិបាលស្រុក លោក ឃឹម ហ្វី​ណង់ យល់ថា ដើម្បីឱ្យ​បន្ទាយស្រី​ទាំងមូល​ស្អាត​ទៅបាន  គឺ​ត្រូវមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ពិសេស​រៀបចំផ្ទះ​សម្បែង​ឱ្យ​អនាម័យ និង​មាន​សោភ័ណ ជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​ភ្ញៀវទេសចរ​។

 
​ការជំរុញ​ឱ្យមាន​ចលនា​រៀបចំ​ដាំ​ផ្កា​តាម​ផ្ទះ គឺជា​ការលើកកម្ពស់​ប​រិ​ស្ថាន  អនាម័យ នៃ​យុទ្ធនាការ ២០២០ បន្ទាយស្រី​ស្អាត​។ រដ្ឋបាល​ស្រុក​បន្ទាយស្រី​បំផុស​ឱ្យ​ពលរដ្ឋ​ដាំ​ផ្កា​លម្អ​តាម​ផ្ទះ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​។​


 រូបភាព៖ រដ្ឋបាលស្រុកបន្ទាយស្រី

​អភិបាលស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណង់ បានឱ្យដឹងថា ហេតុផល​ដែល​លោក​យក​ផ្កា​ជា​ចំណុច​គោល ដោយសារ​ផ្កា​ងាយស្រួល​រក ងាយ​ដាំ និង​ឆាប់​ទទួលផល ខុសពី​ដើមឈើ​ដែល​ត្រូវការ​ពេល​យូរ​ឆ្នាំ​ទើប​ឃើញ​លទ្ធផល​។ លោក​ពន្យល់​បន្ថែម​៖« ការ​រើស​ផ្កា​ជា​ប្រធានបទ​ធំៗ​ក្នុង​យុទ្ធនាការ​២០២០​បន្ទាយស្រី​ស្អាត ដោយសារ​ផ្កា​មាន​ភាព​ទាក់ទាញ​ខ្លាំង​ក្នុង​វិស័យ​ទេសចរណ៍ ពិសេស​អេកូ​ទេសចរណ៍​ដែល​ការឱ្យ​តម្លៃ​លើ​ធម្មជាតិ បរិស្ថាន សម្រាប់​ស្រុក​បន្ទាយស្រី​នេះ​។ សាក​ស្រមៃ​ពេល​គេ​ជិះ​កង់​កាត់​តាម​ផ្ទះ អ្នកណា​ក៏មាន​របង​ដាំ​ផ្កា ខ្ញុំ​ជឿថា ពលរដ្ឋ និង​ទេសចរ​សប្បាយចិត្ត បង្ហាញ​ពី​ភាព​មាន​របៀបរៀបរយ ខ្ញុំ​ជឿថា​វា​នឹង​ក្លាយជា​ចំណុចខ្លាំង​មួយ​ដែល​ផ្តល់​ឧត្តមភាព​នៃ​ការប្រកួតប្រជែង​នៃ​វិស័យ​ទេសចរណ៍​បន្ទាយស្រី ព្រោះ​មកដល់ពេលនេះ​មិនទាន់មាន​ស្រុក​ណា​មាន​ភាពលេច​ធ្លោ​ផ្នែក​ដាំ​ផ្កា​ទេ ខ្ញុំ​ជំរុញ​ឱ្យ​អ្នកស្រុក​បន្ទាយស្រី​ដាំ​ផ្កា​ទាំងអស់គ្នា​»​។​


 រូបភាព៖ រដ្ឋបាលស្រុកបន្ទាយស្រី

​តាម​ការបញ្ជាក់​ពី​លោក ឃឹម ហ្វី​ណង់ រដ្ឋបាល​ស្រុក​ជំ​រុញឱ្យ​ពលរដ្ឋ​ដាំ​ផ្កា​ដែលមាន​ស្រាប់​ក្នុងភូមិ ដើម្បី​រក្សា​អត្ដ​សញ្ញាណ និង​ងាយស្រួល​ឱ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​យុទ្ធនាការ​ខាងលើនេះ​។ ទៅ​អនាគត រដ្ឋបាល​ស្រុក​បន្ទាយស្រី ចង់ឱ្យមាន​ចលនា​ប្រកួតប្រជែង​ផ្ទះ​ស្អាត ផ្ទះ​គំរូ និង​ផ្តល់​ប្រាក់រង្វាន់​ដល់​ម្ចាស់ផ្ទះ​ណា​ដែល​រៀបចំ​ដាំ​ផ្កា និង​ផ្ទះ​បាន​ស្អាត​ជាងគេ​។ តាម​លោក ឃឹម ហ្វី​ណង់ ជំហាន​ដំបូង​លោក​ជ្រើសរើស​ភូមិ​ព្រះ​ដាកឱ្យ​ក្លាយជា​ភូមិ​គំរូ ហើយ​លោក​សង្ឃឹមថា អនាគត​បន្ទាយស្រី​នឹង​ឈានដល់​ការចែក​ពូជ​ផ្កា និង​អាច​រៀបចំ​កន្លែង​សម្រាប់​អ្នក​ស្រឡាញ់​ផ្កា​៕


រូបភាព៖ រដ្ឋបាលស្រុកបន្ទាយស្រី

រូបភាព៖ រដ្ឋបាលស្រុកបន្ទាយស្រី

រូបភាព៖ រដ្ឋបាលស្រុកបន្ទាយស្រី

 រូបភាព៖ រដ្ឋបាលស្រុកបន្ទាយស្រី
 
 
 

Tag:
 បន្ទាយស្រី​
  ២០២០​បន្ទាយស្រី​ស្អាត​
  ឃឹម ហ្វី​ណង់​
© រក្សាសិទ្ធិដោយ thmeythmey.com