គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍របស់កម្ពុជា(CAMSOC)បានឯកភាពគ្នាលើការជ្រើសរើសស្លាកសញ្ញា(Logo) និងរូបតំណាង(Mascot)របស់ SEA Games 2023។ ប៉ុន្តែគណៈកម្មាធិការនេះ មិនទាន់ឯកភាពលើការប្រើប្រាស់ពាក្យពេចន៍ជាភាសាអង់គ្លេសក្នុងបាវចនាស៊ីហ្គេមនៅឡើយទេ
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍របស់កម្ពុជានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដោយមានការចូលរួមពីរដ្ឋមន្ត្រីតាមក្រសួងមួយចំនួន និងអភិបាលរាជធានីខេត្តជាច្រើនរូប។
ក្រៅពីបង្ហាញសមិទ្ធផលដែលសម្រេចបានក្នុងឆមាសទី១ និងដាក់ផែនការយុទ្ធសាស្ត្រអនុវត្តបន្តសម្រាប់ឆមាសទី២ គណៈកម្មការ CAMSOC បានលើកយកបញ្ហាការជ្រើសរើសនិមិត្តសញ្ញា រូបតុក្កតាតំណាង និងបាវចនាស៊ីហ្គេមឆ្នាំ២០២៣ មកពិភាក្សាគ្នាក្នុងអង្គប្រជុំខាងលើផងដែរ។
បើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មការ CAMSOC ក្រោយពិភាក្សាជជែកដេញដោលអស់រយៈពេលជាច្រើនម៉ោង អង្គប្រជុំបានឯកភាពគ្នាលើការជ្រើសរើសនិមិត្តសញ្ញា និងរូបតុក្កតាតំណាងស៊ីហ្គេមឆ្នាំ២០២៣។ ប៉ុន្តែអង្គប្រជុំមិនទាន់ឯកភាពគ្នាលើការប្រើប្រាស់ពាក្យពេចន៍ជាភាសាអង់គ្លេសក្នុងបាវចនា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC
«ការវាយតម្លៃចុងក្រោយរបស់អង្គប្រជុំពាក់ព័ន្ធនឹងការសម្រេចទៅលើបាវចនា(Moto) ស្លាកសញ្ញា(Logo) និងរូបតំណាងស៊ីហ្គេម(Mascot)។ បញ្ហាទាំងបីនេះបានសម្រេចជាគោលការណ៍ហើយ គ្រាន់តែមានការកែប្រែតិចតួចទៅលើពាក្យពេចន៍របស់បាវចនា រីឯ Logo និង Mascot បានឯកភាពទាំងស្រុង»។ លោក វ៉ាត់ ចំរើន លើកឡើងដូច្នេះក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ។
បាវចនាស៊ីហ្គេមឆ្នាំ២០២៣របស់កម្ពុជាគឺ«កីឡារស់ក្នុងសន្តិភាព»ដែលមានន័យជាភាសាអង់គ្លេសថា«Sport Into Peace»។ ពាក្យ Sport Into Peace នេះ បានបង្កើតឲ្យមានការមិនឯកភាព និងជជែកដេញដោលគ្នាក្នុងអង្គប្រជុំ ដោយអ្នកខ្លះយល់ថា ពាក្យនេះមិនត្រូវតាមវេយ្យាករណ៍អង់គ្លេស ឯអ្នកខ្លះឯកភាពឲ្យប្រើពាក្យនេះ ព្រោះគិតថា វាជា Slogan។
បាវចនាស៊ីហ្គេម ដែលកំពុងស្ថិតក្នុងការពិភាក្សាលើភាសាអង់គ្លេស
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍, លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ដែលស្ថិតក្នុងចំណោមអ្នកមិនឯកភាពបានលើកពាក្យរៀងៗខ្លួនដើម្បីជំនួសឲ្យពាក្យអង់គ្លេសខាងលើ។ ពាក្យទាំងនោះរួមមាន Sport For Peace, Sport Live In Peace, Sport In Peace និង Sport Grow Peace ជាដើម។
Logo ដែលគណៈកម្មការ CAMSOC សម្រេចជ្រើសរើសធ្វើជានិមិត្តសញ្ញាប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ គឺមានរូបប្រាសាទអង្គរវត្តពណ៌មាសនៅផ្នែកខាងលើ ហើយមានរូបកងតំណាងឲ្យប្រទេសក្នុងតំបន់អាស៊ាននៅខាងក្រោមរូបប្រាសាទអង្គរវត្ត។ នៅក្រោមកងពណ៌មាននោះមានសត្វនាគចំនួន៤(ពណ៌បៃតង, ក្រហម, ខៀវ, លឿង) ដែលកន្ទុយរបស់វាព័ន្ធចូលគ្នា ហើយនៅក្រោមនាគទាំង៤មានសរសេរពាក្យ The 32nd SEA Games Cambodia 2023 រំលេចដោយពណ៌មាស។
«និមិត្តរូបនៃ Logo មានធាតុបីបញ្ចូលគ្នា គឺអង្គរវត្ត ដែលតំណាងឲ្យកម្ពុជា អរិយធម៌ខ្មែរ និងភាពរុងរឿងរបស់កម្ពុជា រីឯរូបនាគទាំង៤គឺតំណាងតួអង្គ ដែលធ្វើឲ្យកម្ពុជាក្លាយជាព្រះរាជាណាចក្រកសិកម្ម និងបង្ហាញពីភាពរឹងមាំ ភាពក្លាហាន និងថាមពលរបស់ជាតិយើងក្នុងការកសាងអារិយធម៌អង្គរ និងបង្ហាញពីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ មួយទៀតនៅកណ្តាលយើងឃើញមាន Logo របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលជានិមិត្តរូបនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលមិនអាចខ្វះបានក្នុងធាតុរបស់ Logo»។ នេះជាការពន្យល់អត្ថន័យនៃ Logo របស់លោក វ៉ាត់ ចំរើន។
ដោយឡែក រូបតុក្កតាតំណាង(Mascot)ស៊ីហ្គេម គឺមានរូបសុភាទន្សាយញីឈ្មោលចំនួនពីរក្បាល។ ក្នុងនោះសុភាទន្សាយញីដែលមានឈ្មោះ រំដួល ស្លៀកខោពណ៌ក្រហមចងក្រវាត់ក្រមា ខណៈដៃលើកសំពះដោយមានចងខ្សែនៅដើមដៃទាំងសងខាង។ ចំណែកនៅលើក្បាលមានចងក្រណាត់ពណ៌ក្រហម រលេចដោយទង់ជាតិកម្ពុជានៅចំកណ្តាល។ រីឯសុភាឈ្មោលមានឈ្មោះ បុរី ស្លៀកខោពណ៌ខៀវចងក្រវាត់ក្រមានៅចង្កេះ ដៃខាងស្តាំកាន់ភ្លើងគប់ និងមានចងក្រណាត់ពណ៌ខៀវនៅលើក្បាល ដែលរំលេចដោយទង់ជាតិកម្ពុជានៅចំកណ្តាល។
នៅក្នុងអង្គប្រជុំដែលដឹកនាំដោយសម្តេច ទៀ បាញ់ នោះដែរ គណៈកម្មការ CAMSOC ដែលទទួលបន្ទុករៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ផងនោះ បានអនុម័តលើកាលបរិច្ឆេទនៃការរៀបចំ ASEAN Para Games ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕