អន្តរជាតិ
បក្សកាន់អំណាចមីយ៉ាន់ម៉ា សារភាពថា មិនបានបំពេញពាក្យសន្យាក្នុងការបង្កើតសន្តិភាពពេញលេញ
× គណបក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលបច្ចុប្បន្នកំពុងតែក្តោបក្តាប់អំណាចរដ្ឋាភិបាលមីយ៉ាន់ម៉ា បានទទួលស្គាល់អំពីផលលំបាក និងបរាជ័យក្នុងការកសាងសន្តិភាពឲ្យបានពេញលេញសម្រាប់ប្រជាជន ក៏ដូចជាការកែប្រែរដ្ឋធម្មនុញ្ញ ដែលជាប់កង្អែលយោធា។ បក្សកាន់អំណាច សន្យាធ្វើឲ្យកាន់តែល្អប្រសើរ ប្រសិនប្រជាជននៅតែផ្តល់ឱកាសសម្រាប់ការដឹកនាំអាណត្តិក្រោយ។
អនុប្រធានគណបក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ លោក Zaw Myint Maung នៅថ្ងៃ៣ កក្កដា បានអះអាងថា បក្សរបស់លោក នឹងបង្ហាញសេនារីយ៉ូលម្អិតថ្មីសម្រាប់អាណត្តិដឹកនាំអាណត្តិក្រោយនាពេលដ៏ខ្លីខាងមុខនេះ។ លោក ថា បក្សលោក នឹងផ្តោតសំខាន់លើវិស័យអប់រំ និងសុខាភិបាល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times។
ខណៈការបោះឆ្នោតកាន់តែរំកិលជិតមកដល់ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចរូបនេះ បានសារភាពថា ការសន្យានៅអាណត្តិបោះឆ្នោតឆ្នាំ២០១៥កន្លងទៅ បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ មិនទាន់បានបំពេញនៅឡើយនោះទេ ក្នុងនោះរាប់បញ្ចូលទាំងការកសាងសន្តិភាព ដែលលោក អះអាងថា ដើម្បីកសាងសន្តិភាព ត្រូវការបំផុតគឺការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលធ្វើដោយក្រុមយោធាឆ្នាំ២០០៨ ក៏ជាបញ្ហាដែលលោកទទួលស្គាល់ថាបក្សលោក មិនទាន់សម្រេចបានដូចគ្នា។ លោក សង្កត់ធ្ងន់ថា ការសន្ទនា នឹងក្លាយជារឿងឥតបានការ បើគ្មានការចូលរួម។ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់រូបនេះ គូសបញ្ជាក់ថា បក្សលោក ក៏មិនបានរាថយផងដែរ ពោលគឺការសន្យាដែលមិនទាន់បានបំពេញ នឹងនៅតែដាក់បញ្ចូលក្នុងកម្មវិធីនយោបាយសម្រាប់អាណត្តិក្រោយ ដោយគ្រាន់តែបក្សលោក បន្ថែមការផ្តោតការយកចិត្តទុកខ្លាំងលើ អប់រំ និងសុខាភិបាល។
គួររម្លឹកបន្តិចថា នៅឆ្នាំ២០១៥កន្លងទៅ មីយ៉ាន់ម៉ា បានមានការបោះឆ្នោតប្រជាធិបតេយ្យជាលើកដំបូងក្នុងរយៈពេលប្រាំទសវត្សរ៍ចុងក្រោយ។ ជាលទ្ធផលបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សាន ស៊ូជី បានឈ្នះជាមួយនឹងសំឡេងគាំទ្រច្រើនលើសលប់។ នៅខែវិច្ឆិកា ២០២០ខាងមុខនេះ មីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតសម្រាប់ការជ្រើសរើសមេដឹកនាំប្រទេសក្នុងអាណត្តិទី២។
គួរកត់សម្គាល់ផងនោះ ក្នុងអាណត្តិដឹកនាំរដ្ឋាភិបាលស៊ីវិលដំបូងក្នុងប្រវត្តិសាស្ត្រមីយ៉ាន់ម៉ា បក្សលោកស្រី អ៊ុងសាន ស៊ូជី រងគំនាបទាំងក្នុងប្រទេស និងសហគមន៍អន្តរជាតិ។ បញ្ហាក្នុងប្រទេសនោះគឺ លោកស្រី នៅតែមិនអាចបង្រួបបង្រួមប្រទេស ដែលមានការបែងចែកគ្នាទាំងជាតិសាសន៍ និងក្រុមទាហានឯករាជ្យ និងឧទ្ទាម ។ ការប៉ះទង្គិចគ្នាជាប្រដាប់អាវុធ រវាងកងកម្លាំងរដ្ឋាភិបាល និងឧទ្ទាមបានកើតឡើងជាបន្តបន្ទាប់។
សម្រាប់សម្ពាធអន្តរជាតិ គ្រាន់តែវិបត្តិរ៉ូហ៊ីងយ៉ា ដែលជាបញ្ហារសើបបំផុតមួយរបស់មីយ៉ាន់ម៉ា បានធ្វើឲ្យកិត្តិយសមីយ៉ាន់ម៉ា ត្រូវបំផ្លាញ ជាពិសេសនោះ ការកសាងកេរ្តិ៍ឈ្មោះរបស់មាតាប្រធិបតេយ្យមីយ៉ាន់ម៉ារបស់លោកស្រី អ៊ុងសាន ស៊ូជី ក៏ត្រូវធ្លាក់ចុះទៀតផង។ នេះ មិនទាន់និយាយដល់ការត្រូវរូវគ្នារវាងក្រុមសភាបក្សប្រឆាំង រួមគ្នាជាមួយនឹងសភាកូតាយោធា បំបិទមិនឲ្យសភាសំឡេងភាគច្រើនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានសម្រេចផង៕
Tag:
មីយ៉ាន់ម៉ា
បោះឆ្នោត
NLD
© រក្សាសិទ្ធិដោយ thmeythmey.com