អន្តរជាតិ
ប្តី​ប្រពន្ធ​ជា​អភិបាល និង​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​មួយ​នៅ​ឥណ្ឌូណេស៊ី ត្រូវ​ចាប់ខ្លួន​ពីបទ​ពុករលួយ​
04, Jul 2020 , 10:29 pm        
រូបភាព
រូបភាព Jakarta Globe
រូបភាព Jakarta Globe
ដោយ:
​អង្គភាព​លុបបំបាត់​អំពើពុករលួយ​ឥណ្ឌូណេស៊ី បាន​ចាប់ខ្លួន​អភិបាលស្រុក East Kutai និង​ប្រពន្ធ​របស់លោក ដែលជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ទីនោះ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​។ នេះ ជា​ចំណាត់​ការមិន​រើសមុខ​លើ​មន្ត្រី​ពុករលួយ​របស់​រដ្ឋាភិបាល​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ដែល​បាន​ប្តេជ្ញា​កសាង​រដ្ឋាភិបាល​ជា​ទុកចិត្ត​របស់​ប្រជាជន​។​

 
​តាម​អះអាង​របស់​អ្នកនាំពាក្យ​អង្គភាព​លុបបំបាត់​អំពើពុករលួយ​ឥណ្ឌូណេស៊ី លោក Ali Fikri ការចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​ថ្នាក់មូលដ្ឋាន​ដែលជា​ប្តី​ប្រពន្ធ​ទាំងពីរ​រូបនេះ ជាមួយនឹង​បទ​ចោទ​ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​ការ​កេងចំណេញ និង​បន្លំ​ក្នុងការ​កិច្ចលទ្ធកម្ម​ទំនិញ និង​សេវាកម្ម ដែលជា​នីតិវិធី​មួយ​ក្នុង​ការចំំណាយ​របស់រ​ដ្ឋា​ភិ​បាល​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Jakarta Globe នៅ​ថ្ងៃ​៣ កក្កដា​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល ក្រៅពី​មេដឹកនាំ​ថ្នាក់​តំបន់​ទាំងពីរ អង្គភាព​ប្រឆាំង​ពុករលួយ​ឥណ្ឌូណេស៊ី ក៏បាន​ចាប់ខ្លួន​អ្នកពាក់ព័ន្ធ​ប្រាំ​នាក់​ផ្សេងទៀត រួម​ជាមួយនឹង​ប្រាក់​មួយចំនួន ហើយ​អ្នក​ទាំងនេះ កំពុង​ស្ថិតក្នុង​នីតិវិធី​សួរចម្លើយ ហើយ​លទ្ធផល​លម្អិត អង្គ​ប្រឆាំង​អំពើ​រលួយ នឹង​ប្រកាស​ជា​សាធារណៈ​នៅពេល​បញ្ចប់​ជា​ផ្លូវការ ។​
 
​គួរកត់សម្គាល់​ផងដែរ បញ្ហា​នៃ​ការ​កាន់អំណាច​កំពូល​នៅ​ថ្នាក់​តំបន់​ទាំងពីរ​នេះ ផ្តើម​ផ្ទុះ​ចេញ​ឡើង​បន្ទាប់ពី​ភរិយា​របស់លោក​អភិបាលស្រុក នៃ​ខេត្ត​កាលី​ម៉ាន់​តាន់​ខាងកើត​រូបនេះ ត្រូវបាន​បោះឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​នៅ​ឆ្នាំមុន ក្នុង​មូលដ្ឋាន​តែមួយ​។ ពោលគឺ​ស្វាមី​ជា​ក្រុម​ក្នុង​អង្គភាព​អ្នកប្រតិបត្តិ ខណៈ​ភរិយា ជា​ក្រុម​អង្គភាព​អ្នក​បញ្ញត្តិ​។​
 
​កន្លងមក លោក​ប្រធានាធិបតី​ចូ​កូ វី​ដូ​ដូ បាន​ទទួលស្គាល់ថា​បញ្ហា​អំពើពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល គឺជា​ឧបសគ្គ​មួយ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​។ ក៏ប៉ុន្តែ​លោក​ប្រធានាធិបតី ក្នុង​អាណត្តិ​ដឹកនាំ​របស់លោក ក៏បាន​ប្តេជ្ញាចិត្ត មិន​បញ្ឈប់​ចំណាត់​ការប្រឆាំង​អំពើ​ពុក​លួ​យ​ឡើយ ដើម្បី​ធ្វើ​ឲ្យ​សេវាសាធារណៈ​កាន់តែ​ល្អប្រសើរ ហើយ​ប្រព័ន្ធគ្រប់គ្រង​របស់​រដ្ឋាភិបាល ក៏​កាន់​តែមាន​ប្រសិទ្ធភាព​ផង​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  ពុករលួយ​
© រក្សាសិទ្ធិដោយ thmeythmey.com