ជាតិ
WWF ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់វិធានការ​លើ​បទល្មើស​នេសាទ​ឱ្យ​ម៉ឹងម៉ាត់ ខណៈ​រកឃើញ​ត្រី​កម្រ​កំពុង​ដាក់លក់​លើ​ផ្សារ​
04, Jul 2020 , 4:40 pm        
រូបភាព
រូបភាពពី អង្គការWWF
រូបភាពពី អង្គការWWF
​ភ្នំពេញ​៖ ត្រី​គល់រាំង ត្រី​ត្រសក់​ក្រហម ត្រី​ខ្លា ត្រី​ក្របី ត្រី​ត្រចៀកដំរី និង​បបែល​យក្ស​ទឹកសាប ជា​ត្រី​ដែល​ស្ថិត​ក្នុងចំណោម​ត្រី​ចំនួន​៣៥​ប្រភេទ ដែល​កំពុង​ត្រូវបាន​គេ​ដាក់លក់​នៅតាម​ផ្សារ​ក្នុងប្រទេស និង​នាំ​ចេញទៅ​ប្រទេសជិតខាង​។ បើតាម WWF ត្រី​គល់រាំង និង​ត្រី​ត្រសក់​ក្រហម ជា​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​ជាស​កល រីឯ​ត្រី​ខ្លា ត្រី​ក្របី និង​ត្រី​ត្រចៀកដំរី ជា​ត្រី​កំពុង​រងគ្រោះថ្នាក់​នៅ​កម្ពុជា​។


 
​របាយការណ៍​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ ហៅ​កាត់​ថា WWF បាន​បង្ហាញថា ការនេសាទ​ខុសច្បាប់ និង​ជួញដូរ​ប្រភេទ​ត្រី​ជិត​ផុត​ពូជ កំពុង​កើតមាន​នៅតាម​បណ្ដោយ​ដង​ទន្លេមេគង្គ​នៅ​កម្ពុជា និង​បាន​ដាក់លក់​នៅតាម​ទីផ្សារ​។ រដ្ឋបាល​ជលផល និង​អង្គការ​WWF បាន​ចាត់ទុកថា ការធ្វើ​ពាណិជ្ជកម្ម និង​ជួញដូរ​ត្រី​ជិត​ផុត​ពូជ​នេះ មិន​ត្រឹម​ជា​ទង្វើ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ វា​ក៏​ជាការ​បង្ក​ហា​នី​ភ័យ​ខ្ពស់ ដល់​ធនធាន​ជលផល ជាពិសេស​ប្រភេទ​ត្រី​មេ​សំខាន់ៗ និង​សត្វ​ផ្សោត​ផងដែរ​។
​ជាមួយគ្នានេះ​រដ្ឋបាល​ជ​ល​ផល និង​អង្គការ​WWF ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ចាត់វិធានការ​លើ​ការពង្រឹង​អនុវត្តន៍​ច្បាប់​ឱ្យបាន​តឹងរ៉ឹង ចំពោះ​ការនេសាទ​និង​ជួញដូរ​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​នេះ​។ 
 
​លោក សេង ទៀក នាយក​អង្គការ​WWF បានស្នើ​ទៅកាន់​អាជ្ញាធរ​ពាក់ព័ន្ធ​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​មេត្តា​បង្កើន​ការ​រឹតបន្តឹង​លើ​ការអនុវត្ត​ច្បាប់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​។ និង​បង្កើន​យន្តការ​ត្រួតពិនិត្យ​ជាប្រចាំ​នៅតាម​បណ្ដា​យ​ទីផ្សារ និង​ដេប៉ូ​ទិញ​-​លក់​ត្រី ព្រមទាំង​ដាក់ពិន័យ​ឱ្យបាន​ធ្ងន់ធ្ងរ​បំផុត​ដល់​ជនល្មើស​ទាំងឡាយណា​ដែល​ធ្វើ​សកម្មភាព​នេសាទ​នៅក្នុង​តំបន់ហាមឃាត់ និង​ធ្វើ​ពាណិជ្ជកម្ម​ប្រភេទ​ត្រី​ជិត​ផុត​ពូជ និង​ត្រី​មេ​ពូជ​ក្នុងប្រទេស​កម្ពុជា​»​។ 
 
​លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន រដ្ឋបាល​ជលផល បាន​លើកឡើងថា អ្នកនេសាទ​ត្រី អ្នកទិញ​ត្រី និង​ឈ្មួញកណ្ដាល មិនសូវ​យល់ដឹង​អំពី​ច្បាប់​ស្ដីពី​ជលផល និង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​កិច្ចការពារ និង​ការគ្រប់គ្រង​ធនធាន​ជលផល​ជាពិសេស​ប្រភេទ​ជលផល​កំពុង​ទទួល​រង​ការគំរាមកំហែង​នោះទេ​។ 
 
​លោក​ក៏បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​បង្កើន​ការអប់រំ និង​ផ្សព្វផ្សាយ​បន្ថែម​ដល់​ប្រជា​នេសាទ និង​សហគមន៍​មូលដ្ឋាន​ដែល​រស់​នៅតាម​បណ្ដោយ​ដង​ទន្លេមេគង្គ អំពី​ច្បាប់​ស្ដីពី​ជលផល និង​លិខិតបទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​ទៀត ដើម្បី​បំផុសស្មារតី​ឱ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​ធនធាន​ជលផល ហើយ​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​បង្កើន​មុខរបរ​ផ្សេង​បន្លែ​ម​ពី​ការនេសាទ​៕
 

Tag:
 ត្រី​
 WWF
© រក្សាសិទ្ធិដោយ thmeythmey.com