ជាតិ
​សម្តេច ហ៊ុន សែន ក្រើន​រំលឹកថា ជន​ឆ្លៀតឱកាស​ពី​ការបែងចែក​ដី នឹងត្រូវ​មានទោស​
05, Jul 2020 , 10:37 am        
រូបភាព
​ភ្នំពេញ​៖ ព្រលឹម​ស្រាងៗ​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែកក្កដា នេះ ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​រំលឹក​ជាថ្មី​ដល់​មន្ត្រី និង​អ្នកមានអំណាច ដែល​ឆ្លៀតឱកាស​ទាញ​ចំណេញ​ពី​ការបែងចែក និង​ទទួល​ដីធ្លី ដោយ​ពួកគេ​នឹងត្រូវ​មានទោស​។ ក្នុង​សំណេរ​ដដែល សម្តេច​បាន​លើកឡើងថា​៖ «​មន្ត្រី អ្នកមានអំណាច ល្មម​ចេះ​ឆ្អែត និង​ចេះ​គ្រប់គ្រាន់​ហើយ ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​»​។​

 
​នា​កិច្ចប្រជុំពេញអង្គ កាលពី​ថ្ងៃទី​៣ ខែកក្កដា សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួង​ចំនួន​៣ កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​បានរស់នៅ​លើ​ទីតាំង​ដី​ដែលជា​គម្រប​ព្រៃឈើ ឬ​ជា​តំបន់​ការពារ និង​តំបន់​អភិរក្ស​សត្វព្រៃ​របស់រ​ដ្ឋ ដូចជា​នៅ​កោះកុង ព្រះវិហារ​ជាដើម​។ 
 
​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជាក់ថា ពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ជាក់ស្ដែង ក្នុង​តំបន់​ដី​រដ្ឋ​គឺ​ហាម​កាប់ឆ្ការ​ទន្ទ្រាន​វាតទី​យក​ដី​បន្ថែម​ដាច់ខាត​។ ដោយ​កន្លងមក សម្ដេចនាយក​រដ្ឋមន្ត្រី បាន​សង្កេតឃើញថា អ្នកមានអំណាច និង​អ្នកមាន​ទ្រព្យ​ច្រើន បាន​ប្រើ​អ្នកតូច​តាន​ឱ្យទៅ​កាប់​ទន្ទ្រាន​យក​ដី​ឱ្យ​ខ្លួន​។ 
 
​រីឯ​ជនខិលខូច​ដែល​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​មួយ​យប់​ធ្វើបាន​១០-២០​ខ្ទម ក៏​សម្ដេច​បានដឹង និង​កំណត់​អត្ត​ស​ញ្ញណ​រួចហើយ​ដែរ​។ បើ​រកឃើញ​អ្នក​ទាំង​នោះបាន​ប្រព្រឹត្ត​មែន​នោះ គឺ​ត្រូវ​ចាប់ខ្លួន​។ 
 
​សម្ដេច បាន​សង្កត់ធ្ងន់ថា ការបែងចែក​ដី​ឱ្យ​ពលរដ្ឋ ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ត្រូវ​ធ្វើការ​ឱ្យបាន​ត្រឹមត្រូវ ដោយ​ហាម​ឆ្លៀត​កេងប្រវ័ញ្ច​យក​ចំណែក​ខ្លួន បើ​កេងប្រវ័ញ្ច​ដី​ពលរដ្ឋ​នឹងត្រូវ​មានទោស ។ ក្រៅពី​កាត់​ឆ្លៀ​ល​ដី​ជូន​ពលរដ្ឋ​ទៅតាម​ទំហំ​ហើយ រដ្ឋ​នឹង​ជូន​ដី បន្ថែម​១០​ភាគរយ ជា​ប្រយោជន៍​រួម​សម្រាប់​សហគមន៍ និង​ជា​ជម្រក​សត្វ​គោក្របី​ស៊ី​ស្មៅ​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​
 
​នា​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី សេចក្តីព្រាងច្បាប​ស្តីពី​ការគ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ ដែលមាន​១២​ជំពូក និង​៩០​មាត្រា ត្រូវបាន​អនុម័ត​។ សេចក្តីព្រាងច្បាប់​នេះ មាន​គោលបំណង​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​ពង្រឹង​អភិបាលកិច្ច បង្កើន​ប្រសិទ្ធភាព តម្លាភាព សក្តិ​សិទ្ធិ​ភាព និង​គណនេយ្យភាព​នៃ​ការគ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​៕

Tag:
 ហ៊ុន សែន​
 ​ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com