ជាតិ
លោក សយ រតនា លើកឡើង​ពី​ចេតនា​ល្អ​ក្នុងការ​និពន្ធ​បទ «​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​»
05, Jul 2020 , 12:18 pm        
រូបភាព
​បទ «​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​» មិនទាន់​ត្រូវបាន​ចេញផ្សាយ​ជា​ចម្រៀង​ពេញ (Full MV) នោះឡើយ ប៉ុន្តែ​ឃ្លី​ប​ឈុត​សន្ទនា​ដំបូង​មុន​ឈាន​ចូលដល់​ការបកស្រាយ​បទ​ចម្រៀង បាន​បង្ក​ឲ្យ​មាន​រលក​រិះគន់​ពេញ​បណ្តាញ​សង្គម ជាពិសេស​អ្នក​ដែលមាន​ដើមកំណើត​នៅ​ខេត្តព្រៃវែង រួមទាំង​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​ជា​អតីត​តំណាងរាស្ត្រ​ខេត្តព្រៃវែង ផងដែរ​។ លោក សយ រតនា អ្នកចម្រៀង និង​ជា​អ្នកនិពន្ធ​ដែលមាន​កំណើត​នៅ​ខេត្តព្រៃវែង​ដែរនោះ អះអាងថា ខ្លួន​គ្មាន​ចេតនា​អ្វី​ទាល់តែសោះ ក្នុងការ​បន្តុះបង្អាប់​ខេត្ត​ខ្លួន តែ​ជា​គោលបំណង​ទប់ស្កាត់​ការរើសអើង​។​

 
​ឃ្លី​ប​សន្ទនា [Special Clip] បង្ហោះ​កាលពី​ថ្ងៃទី​២ ខែកក្កដា ដែលមាន​រយៈពេល​ជិត​៣​នាទី  បានបង្ហាញ​ពី​ការខឹង​សម្បា​របស់​ស្ត្រី​ម្នាក់​នៅពេលដែល​គាត់​ដឹងថា គ្រួសារ​យុវជន​ដែល​ទៅ​ចូល​ចែចូវ​កូនស្រី​ខ្លួន ជា​អ្នក​ខេត្តព្រៃវែង​។ តួ​ម្តាយ​បាន​ស្រែកជេ​ដៀល​ខ្លាំងៗ​ទៅ​ឪពុក និង​យុវជន ដោយ​ថា អ្នកព្រៃ​វែង​ជា​ពូជ​ចោរលួច ចោរប្លន់ កាប់​ចាក់ សុំទាន និង​ក្រៗ​។​
 
​អ្នកមើល​ឃ្លី​ប​វីដេអូ​ទំនងជា​ខឹង​ខ្លាំង​បន្ថែម​នោះ គឺ​សំដី​តបត​របស់​ឪពុក​យុវជន ដែល​បាន​ទទួលស្គាល់ថា អ្នក​ព្រៃវែង​ជាមាន​ប្រវត្តិ​មិនល្អ​ដូចជា​ការលើកឡើង​។ តួអង្គ​ឪពុក​បាន​អះអាងថា​៖«​ពីមុន​ជា​អតីតកាល​ទេ តែ​ឥលូវ​មិនមែន​អ៊ីចឹង​ទេ​ណា​អ្នក​! ឥលូវ​សុទ្ធតែជា​មនុស្ស​ល្អ​ទាំងអស់​»​។​
 
​ស្ត្រី​ដែលជា​តួ​ម្តាយ និង​ជា​ម្ចាស់ផ្ទះ នៅតែ​បន្តបាន​ដេញ​យុវជន និង​ឪពុក​របស់គេ​ចេញពីផ្ទះ ដោយ​អះអាងថា ខ្លួន​ប្រកាន់ខ្ជាប់ ដោយ​មិនអាច​មើលឃើញ​អ្នក​ព្រៃវែង​ជា​មនុស្ស​ល្អ​នោះឡើយ​។ 
 
 
​ហេតុអ្វី​បានជា​ស្អប់​អ្នក​ព្រៃវែង​បែបនេះ​? បទ​ចម្រៀង​ដែល​ច្រៀង និង​និពន្ធ​ទំនុកច្រៀង​ដោយ​លោក សយ រតនា នៃ​ផលិតកម្ម​ក្នុងស្រុក​មួយ បាន​អះអាងថា Full Movie នឹង​មកដល់​ឆាប់ៗ​ខាងមុខ​។ ប៉ុន្តែ​មិនដឹង​មានការ​ប្រែប្រួល​បែបណា​នោះឡើយ ក្រោយ​ប្រតិកម្ម​ជា​បន្តបន្ទាប់​។​
 
​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ទទួលបន្ទុក​៣​ខេត្ត ព្រៃវែង បាត់ដំបង និង​បន្ទាយមានជ័យ បាន​សរសេរ​នោះ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា​៖ «​មិន​ខុសពី​ការរិះគន់​របស់​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​ទៀត ខ្លឹមសារ​នេះ​មាន​ចរិត​រើសអើង បំបែកបំបាក់​ជាតិ​សាសន៍ បន្ទាប​តម្លៃ​អ្នក​ព្រៃវែង បន្តុះបង្អាប់​កិត្តិយស ប្រមាថ​សេចក្ដីថ្លៃថ្នូរ​ក្នុងនាម​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​ពេញលេញ​និង​សេចក្ដីថ្លៃថ្នូរ​ដ៏​បរិបូរណ៍​នា​សម័យ​បច្ចុប្បន្ន​»​។​
 
​អតីត​អ្នកតំណាងរាស្ត្រ​ខេត្តព្រៃវែង​រូបនេះ បានស្នើ​ទៅ អ្នកគ្រប់គ្រង​ការផលិត អ្នកដឹកនាំ​សម្ដែង ផលិតករ អ្នកនិពន្ធ គួរ​ពិ​ចារ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បំផុត​ជុំវិញ​ផលប៉ះពាល់​សតិអារម្មណ៍ និង​សង្គម​ទាំងមូល មុននឹង​ផលិត​ចេញ​ជា​សាធារណៈ​។ 
 
​លោក ស សុខា បាន​បន្ថែមថា ទោះជា​មាន​អ្នក​ព្រៃវែង​មាន​ចំណុច​អវិជ្ជមាន​ខ្លះ តែ​នោះ​ជា​ឥរិយាបថ​បុគ្គល ហេ​ី​យ​មិនមែន​តែ​អ្នក​ព្រៃវែង និង​មិនមែន​មានតែ​ស្រុក​ខ្មែរ​ដែរ​។ «​សូមកុំ​យក​ទស្សនៈ ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ​ស្អុយ​ទាំងអស់​មក​អនុវត្ត​»​។ 
 
​លោក ផែង វណ្ណៈ បុគ្គល​ដែល​ល្បីឈ្មោះ​ម្នាក់​នៅក្នុង​បណ្តាញ​សង្គម និង​ជា​អ្នក​ខេត្តព្រៃវែង​ផងដែរ​នោះ ក៏បាន​ទាមទារ​ឲ្យ​មានការ​សុំទោស​អ្នក​ព្រៃវែង​ជាបន្ទាន់​។ លោក​បានសរសេរថា​៖ «​សូម​ប្រឆាំង​ដាច់ខាត ចំពោះ​អ្នក​ន ពន្ធ​ថោកទាប​ដែល​មេ​ី​ល​ងាយ​អ្នក​ព្រៃវែង ដៀល​អ្នក​ព្រៃវែង​សុទ្ធតែ​មនុស្ស​អាក្រក់ សុទ្ធតែ​ចោរលួច ចោរប្លន់ អ្នកសុំទាន​»​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ លោក សយ រតនា អ្នកនិពន្ធ​និង​ជា​អ្នក​ច្រៀង​បទ «​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​» អះអាងថា លោក​ពិតជា​បាន​ដឹងឮ​ពី​ប្រតិកម្ម​របស់​មហាជន​ក្រោយ​ការចេញផ្សាយ Special Clip​។ លោក​បាន​បញ្ជាក់ថា លោក​គ្មាន​បំណង​តិះដៀល​អ្នក​ព្រៃវែង​ឡើយ ពីព្រោះ​លោក​ក៏​ជា​អ្នក​ព្រៃវែង​ផងដែរ​។​
 
 
​លោក​បាន​អះអាង​ដូច្នេះ​ថា​៖ « ខ្ញុំ​អ្នក​នៅ​ខេត្តព្រៃវែង មិនមាន​ហេតុផល​ណា ដែល​ខ្ញុំ​ត្រូវ​សរសេរ​ដៀមដាម ខេត្ត​ខ្លួនឯង​នោះទេ មានតែ​ទប់ស្កាត់​កុំឱ្យ​មានការ​រើសអើង​។ ហើយ​តួ​ស្រី​ពាក់អាវ​ពណ៌​ខៀវ​ហ្នឹង គឺ​គាត់​តំណាងឱ្យ​អ្នក​ធ្លាប់​ដៀល​អ្នក​ព្រៃវែង ប៉ុន្តែ​នេះ​គ្រាន់​ជា​ឈុត​ពិសេស​នៅក្នុង MV មិនមែនជា​Full MV នោះទេ អីចឹង​សាច់រឿង​គឺ​នៅមាន​វែងឆ្ងាយ​ទៀត ។ យើង​មើល​មួយ​ជ្រុង​ហ្នឹង មិនអាច​វាយតម្លៃថា​យ៉ាងម៉េច​នោះទេ​»​។​
 
​អ្នកនិពន្ធ​បទ​មាន់​ស្រែ​រូបនេះ ក៏បាន​អះអាងថា នៅ​ចុងបញ្ចប់​ក្នុង​វីដេអូ​ពេញ​បទ​ចម្រៀង​នេះ រូបលោក​ក៏​ឈុត​បកស្រាយ​អំពី​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះដែរ​ពោលគឺ​ក្នុងន័យ​ទប់ស្កាត់​ការរើសអើង​អ្នក​ព្រៃវែង​។ បទ​ចម្រៀង​ពេញ ក៏ត្រូវ​បង្ហោះ​ផងដែរ​នៅ​ថ្ងៃអាទិត្យ​នេះ​៕
 

Tag:
 ចម្រៀង ព្រៃវែង​
© រក្សាសិទ្ធិដោយ thmeythmey.com