អន្តរជាតិ
កុមា​រវ័យ​៥​ឆ្នាំ​ដែលមាន​ជើងសិប្បនិម្មិត​រៃអង្គាស​បាន​ជាង​១​លាន​ដុល្លារ ក្រោយ​ដើរ​បាន​១០​គីឡូម៉ែត្រ​
05, Jul 2020 , 8:29 pm        
រូបភាព
ដោយ: ធីតា
​កុមារា​អង់គ្លេស Tony Hudgell វ័យ​៥​ឆ្នាំ រៃអង្គាស​ថវិកា​បាន​១.២​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​មួយ​នៅក្នុង​ទីក្រុង​ឡុង​ដ៍ដែល​បាន​ជួយសង្គ្រោះ​ជីវិត​របស់ខ្លួន​។ យោងតាម​ការផ្សាយ​រប​ស់ CNN កុមារ​ដែល​ប្រើ​ជើងសិប្បនិម្មិត​ទាំងសងខាង​រូបនេះ ដើម្បី​បាន​ចម្ងាយ​១០​គីឡូម៉ែត្រ កាលពី​ខែមិថុនា កន្លងមក​។​

 
 
Tony មានជីវិត​ដ៏​កម្សត់​តាំងពី​កើត​បាន​ពីរ​បី​សប្តាហ៍​ដំបូង ហើយ​គេ​បាន​បាត់បង់​ជើង​ទាំងពីរ​ដោយសារ​ទង្វើ​អមនុស្សធម៌​ពី​សំណាក់​ឪពុកម្តាយ​បង្កើត​របស់​ខ្លួន​។ ជីវិត​កុមារ​រូបនេះ ត្រូវបាន​សង្គ្រោះ និង​គាំទ្រ​ដោយ​មន្ទីរពេទ្យ​កុមារ​មួយ​នៅក្នុង​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស​។​


 
​បច្ចុប្បន្ន Tony មាន​ឪពុក​ម្តាយចិញ្ចឹម ហើយ​ដំបូង​ឡើយ គេ​បានដាក់​គោលដៅ​រៃអង្គាស​ថវិកា​ត្រឹម​៥០០​ផោន (​ជាង​៥២៥​ដុល្លារ​អាមេរិក​) ប៉ុន្តែ​ការផ្សព្វផ្សាយ​របស់​អន​ឡាញ បានធ្វើ​ឲ្យ​កុមារ​រូបនេះ រកបាន​ថវិកា​ជាង​១.២​លាន​ដុល្លារ​អាមេរិក ជួយ​ដល់​មន្ទីរពេទ្យ​ដែល​ស្រោចស្រង់​អាយុជីវិត​ខ្លួន​។​
 
Tony បានសម្រេច​គោលដៅ​១០​គីឡូម៉ែត្រ កាលពី​ថ្ងៃ​អង្គារ​កន្លងមក ដោយមាន​ពិធី​អបអរសាទរ​យ៉ាង​ធំ​នៅ​ក្រុង West Malling ក្រោម​ការរៀបចំ​ពី​សំណាក់​ឪពុកម្តាយ​ចិញ្ចឹម​របស់​គេ​។ 


 
​អ្នកស្រី Paula Hudgell ដែលជា​ម្តាយចិញ្ចឹម​បាន​រៀបរាប់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន PA Media ថា ដំបូង​ឡើយ ទាំងអស់គ្នា​គិតថា Tony មិនអាច​ដើរ​បាន​ច្រើន​ឡើយ ប៉ុន្តែ​ក្មេង​ម្នាក់នេះ បានបង្ហាញ​ពី​ភាពខ្លាំង និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់ខ្លួន​ដើម្បី​ឲ្យ​បានសម្រេច​គោលដៅ​។​
 
Tony បាន​រៀន​តាម​គំរូ Captain Tom Moor អតីតយុទ្ធជន​វ័យ​១០០​ឆ្នាំ ដែល​ក្លាយជា​វីរបុរស​ជាតិ​អង់គ្លេស ក្រោយ​ដើរ​រៃអង្គាស​ថវិកា​បាន​ជាង​៤០​លាន​ដុល្លារ​អាមេរិក​ជួយ​ដល់​សេវាកម្ម​សុខាភិបាល​ជាតិ​អង់គ្លេស (NHS) តាមរយៈ​ការផ្សព្វផ្សាយ​លើ​ទំព័រ JustGiving​។​


 
Tony ទទួលបាន​ថវិកា​ពី​បុគ្គល​ល្បីៗ​ជាច្រើន​នាក់​ផងដែរ ក្នុងនោះ​មានដូចជា​ម្ចាស់​ក្ស​ត្រី Catherine, Duchess of Cambridge អតីត​នាយករដ្ឋមន្ត្រី​លោក David Cameron និង Cesar Azpilicueta កីឡាករ​បាល់ទាត់​ក្លិប Chelsea ជាដើម​។ 
 
Tony បាន​ចា​ត​ទុក​ពេទ្យ Evelina London Children’s Hospital ដូចជា​ផ្ទះ​ទី​ពីរ​របស់ខ្លួន ហើយ​អ្នកស្រី Paula ដែល​តែង​ផ្តល់ព័ត៌មាន​ជាប្រចាំ​ទាក់ទង​នឹង​ថវិកា​ដែល Tony រៃអង្គាស​បាន​។ ក្នុង​សេចក្តីថ្លែងការណ៍​មួយ មន្ទីរពេទ្យ Evelina បាន​លើកឡើងថា ភាពរឹងមាំ និង​សប្បុរសធម៌​របស់ Tony បានធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​មាន​មោទកភាព​៕
 

Tag:
 សប្បុរសធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com