អន្តរជាតិ
ជប៉ុន​៖ យ៉ាងហោចណាស់​១៦​នាក់ បាត់បង់​ជីវិត ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជាការ​បាក់​ដី និង​ជំនន់​
05, Jul 2020 , 3:31 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​មនុស្ស​យ៉ាងហោចណាស់​១៦​នាក់ បាន​ស្លាប់​ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ទៅជា​ការបាក់​ដី និង​ទឹកជំនន់​នៅ​ភាគ​ពាយព្យ​នៃ​កោះ​ហុង​ស៊ូ​។ នេះ​បើតាម​ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​នៅ​ថ្ងៃទី​៥ ខែកក្កដា​។ ក្រុម​ជួយសង្គ្រោះ កំពុង​រុករក​អ្នក​បាត់​ខ្លួន​នៅតាម​អាគារ​ដែល​បាក់បែក​។

 
 
​ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​ម៉ោង​នៅ​តំបន់​គូ​ម៉ា​មូ​តូ​ដែល​នៅ​ភាគ​ពាយព្យ​កោះ​ហុង​ស៊ូ បាន​បង្ក​ទៅជា​ទឹកជំនន់​ដែល​បាន​កម្ទេច​ផ្ទះ​ជាច្រើន​ខ្នង រថយន្ត​ជាច្រើន​គ្រឿង​ក៏បាន​ហូរ​តាម​ទឹក ខណៈ​ស្ពាន​មួយចំនួន​បាន​ដួលរលំ​ផងដែរ​។ ទីក្រុង និង​សហគមន៍​ជាច្រើន​ក្នុង​តំបន់ ត្រូវបាន​កាត់ផ្ដាច់​ដោយ​ប្រព័ន្ធ​ធ្វើដំណើរ​នានា មិនអាច​ធ្វើទៅបាន​។​
 
​មនុស្ស​ច្រើនជាង​ពីរម៉ឺន​នាក់ ត្រូវបាន​បញ្ជា​ឲ្យ​ភៀសខ្លួន​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព ហើយ​អាជ្ញាធរ​ក៏បាន​ទទូច​ឲ្យ​ប្រជាជន​លាងដៃ​ឲ្យ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​ដើម្បី​បញ្ចៀស​ការឆ្លង​ជំងឺ COVID-19 ។ រដ្ឋមន្ត្រី​គ្រប់គ្រង​មហន្តរាយ​ជប៉ុន Ryota Takeda បាន​ប្រាប់​អ្នកកាសែត​ពេល​ចុះ​ត្រួតពិនិត្យ​ស្ថានការណ៍​ក្នុង​ទីក្រុង​ហ៊ី​តុ​យ៉ូ​ស៊ី ថា រដ្ឋាភិបាល​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​បញ្ចៀស​ការឆ្លង និង​ជួយ​សម្រួល​ការរស់នៅរ​បស់​អ្នក​ភៀសខ្លួន​។​
 
​ទូរទស្សន៍​ជប៉ុន NHK ផ្សាយ​ថា មកទល់ពេលនេះ មនុស្ស​យ៉ាងតិច​១៦​នាក់ បាន​បាត់​បង់ជីវិត​។ មនុស្ស​២០​នាក់​ស្ថិតក្នុង​សភាព​មិន​បេះដូង​មិន​ដើរ ដែលជា​ស្ថានភាព​មួយ​ត្រូវបាន​ប្រើ​មុនពេល​ពួកគេ​ត្រូវបាន​ប្រកាសថា​ស្លាប់​។ ១៤​នាក់​ក្នុងចំណោម​អ្នកស្លាប់​១៦​នាក់​នេះ ជា​អ្នក​រស់នៅក្នុង​មណ្ឌល​ថែទាំ​មួយ​ដែល​ត្រូវបាន​ទឹក​លិច​ក្រោយ​ការបាក់​ច្រាំងទន្លេ​មួយ​នៅ​ថ្ងៃទី​៥ ខែកក្កដា​។ 
 
​ខណៈ​ភ្លៀង​បាន​ធូរស្បើយ​នៅ​ព្រឹក​ថ្ងៃ​ដដែល ការធ្វើដំណើរ​នៅតែ​មិនទាន់​អាចធ្វើ​បាន ឬ​ជួ​បប​ញ្ហ​រាំងស្ទះ ខណៈដែល​ស្ពាន​ជាច្រើន​កន្លែង​រង​ការបំផ្លាញ ហើយ​ផ្លូវ​ជាច្រើន​ខ្សែ​ត្រូវ​កាត់ផ្ដាច់​ដោយសារ​ទឹកជំនន់ និង​បំណាក់​ដី​។ ក្រុម​ជួយសង្គ្រោះ​មាន​ទាំង​ស៊ីវិល និង​យោធា​ស្វ័យការពារ​ផង​នោះ ត្រូវបាន​ទូក ឬ​ឧទ្ធម្ភាគចក្រ​ដើម្បី​ទៅដល់​គោលដៅ​សង្គ្រោះ​។ អ្វីដែល​គួរ​ឲ្យ​បារម្ភ​នោះ ភ្លៀង​នឹង​ធ្លាក់​កាន់តែខ្លាំង​នៅ​ល្ងាច​ថ្ងៃ​ដដែល​៕  

Tag:
 ​ជប៉ុន​
  ទឹកជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com