អន្តរជាតិ
ចិន​៖ កត្តា​ធំ បង្ក​ឲ្យ​សមុទ្រ​ចិន​ខាងត្បូង​អស្ថិរភាព គឺ​ការ​បង្អួត​សាច់ដុំ​យោធា​របស់​ប្រទេសក្រៅ​តំបន់​
05, Jul 2020 , 9:29 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន​ Zhao Lijian
អ្នកនាំពាក្យក្រសួងការបរទេសចិន​ Zhao Lijian
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ថ្លែង​ប្រតិកម្ម​មួយ​ឆ្លើយតប​នឹង​ការរិះគន់​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពាក់ព័ន្ធ​នឹង​ការធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ក្រុង​ប៉េកាំង អះអាងថា​សកម្មភាពរ​បស់​ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង មិន​ខុសច្បាប់ ហើយក៏​មិនបាន​បង្ក​អស្ថិរភាព​ដល់​តំបន់​ផងដែរ ។​

 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃទី​៣ ខែកក្កដា​កន្លងទៅ អ្នកសារព័ត៌មាន​ចោទសួរ​អ្នកនាំពាក្យ របស់​ក្រសួងការបរទេស​ចិន​ថា តើ ចិន យល់ឃើញ​បែបណា​ចំពោះ​ការ​ថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​អាមេរិក ក៏ដូចជា​វៀតណាម និង​ហ្វីលីពីន ដែល​បាន​លើកឡើងថា សមយុទ្ធ​យោធា​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង អាច​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅក្នុង​តំបន់​នោះ​។​
 
«​សមយុទ្ធ​យោធា​ក្នុង​ដែនសមុទ្រ​របស់​ចិន បានធ្វើ​ឡើង​ក្នុង​ដែន​អធិបតេយ្យ និង​តំបន់​ក្បែរ​របស់​ចិន​នោះទេ​។ មូលដ្ឋាន​ដែល​បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺ​បណ្តាលមកពី​សកម្មភាព​យោធា​ទ្រង់ទ្រាយ​ធំ និង​ការព្យាយាម​បង្អួត​សាច់ដុំ​យោធា​របស់​បណ្តា​ប្រទេសក្រៅ​តំបន់ ដែលមាន​ចម្ងាយ​រាប់ពាន់​ម៉ៃ​ពី​តំបន់​នោះទេ​។​» នេះ គឺជា​ចម្លើយ​ដ៏​ខ្លី​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian នៅ​នឹង​វេទិកា​ដដែល​នោះ​។​
 
​បើតាម​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃ​២ កក្កដា របស់​ក្រសួងការពារជាតិ​អាមេរិក ចិន កំពុងតែ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅក្បែរ​តំបន់​ប្រជុំ​កោះ​ប៉ា​រ៉ា​ស្សែ​ល នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​១​ដល់​ថ្ងៃទី​៥ កក្កដា​។ សម្រាប់​ក្រសួងការពារជាតិ​អាមេរិក សកម្មភាព​យោធា​របស់​ចិន​បែបនេះ គឺជា​ការបង្ក​ឲ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់​ដែលមាន​វិវាទ​ស្រាប់​សមុទ្រ​ចិន​ខាងត្បូង និង​ថែមទាំង​ផ្ទុយទៅនឹង​ស្មារតី​ឯកភាពគ្នា​រវាង​ចិន និ​អាស៊ាន​ទៀតផង​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល ក្រសួងការពារជាតិ​អាមេរិក ក៏បាន​អះអាង​ក្នុង​ការបន្ត​តាមដាន​ស្ថានភាព ដោយ​រំពឹងថា ចិន នឹង​កាត់បន្ថយ​សកម្មភាព​យោ​ធូប​នីយកម្ម និង​ការគំរាមកំហែង​ទៅលើ​បណ្តា​ប្រទេសជិតខាង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​អត់ធ្មត់ និង​ចៀសវាង​ការធ្វើសកម្មភាព​យោធា ដែល​អាច​បង្ក​ឲ្យ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​៕ 
 
 

Tag:
 ចិន​
  អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com